ចំណុចសំខាន់​ត្រូវដឹង​ចំពោះ​ការ​ខ្ចីប្រាក់ទិញផ្ទះដំបូងនៅកម្ពុជា

0
24

ភ្នំពេញៈ តម្រូវការ  និងវិធីស្វែងរកប្រាក់កម្ចីទិញផ្ទះដំបូងវាមានភាពខុសៗ​គ្នានៅពេល​និយាយ​អំពីនិតិវិ​ធី​នៃការស្នើប្រាក់កម្ចីទិញផ្ទះលើកដំបូងគឺវាមានភាពស្មុគស្មាញ។

ជាមួយនឹងធនាគារពាណិជ្ជជាង៣៥ស្ថាប័ន ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា អ្នក​ត្រូវ​ការពេលវេលា​ដើម្បីស្វែងរកឥណទានទិញផ្ទះដ៏ល្អបំផុត។ មុននឹងសម្រេច​ចិត្តខ្ចី​ប្រាក់​ពីធនាគារ​ណា​មួយ អ្នកត្រូវតែដឹងពីគន្លឺះសំខាន់ៗមួយចំនួនដើម្បីជៀសវាងការខកចិត្តណាមួយនៅពេលអនាគត។

អ្នក​ជំនាញ​អចលនទ្រព្យពី Realestate.com.kh បានបង្ហាញ​ពីគន្លឹះ​ចាំបាច់​មួយ​ចំនួន​សម្រាប់​អ្នក​ខ្ចីប្រាក់​ទិញផ្ទះដំបូងត្រូវដឹងមុននឹងជ្រើសរើសយកធនាគារណាមួយ ក៏ដូច​ជាធ្វើ​ឲ្យការ​សម្រេច​ចិត្តរបស់​លោកអ្នកមានភាពងាយស្រួល៖

ដែនកំណត់នៃឥណទាន៖

ទំហំ​នៃប្រាក់កម្ចីគឺអាស្រ័យលើចំនួនទឹកប្រាក់ដែលអ្នកអាចរកបាន និងសមត្ថភាពរបស់អ្នកក្នុង​ការសង​ប្រាក់ត្រលប់ទៅវិញ។ ដែនកំណត់ប្រាក់កម្ចីអាចប្រែប្រួលទៅតាមលក្ខខណ្ឌ។​ជាធម្មតា​ធនាគារ​អនុញ្ញាតឱ្យអ្នកខ្ចីត្រឹមតែ៧០ភាគរយនៃតម្លៃអចលនទ្រព្យសរុបប៉ុណ្ណោះ។

ដោយអាស្រ័យលើស្ថានភាពហិរញ្ញវត្ថុ និង​សមត្ថភាព​ហិរញ្ញវត្ថុ​ដែល​លោក​អ្នក​អាច​សង​ត្រលប់​ទៅវិញ​ហើយស្ថាប័នប្រាក់កម្ចីផ្សេងគ្នានឹងអាចផ្តល់ឱ្យអ្នកនូវកញ្ចប់ឥណទានផ្សេងៗគ្នាផងដែរ។

ឯកសារច្បាប់៖

មុនពេលដាក់ពាក្យសុំកម្ចីទិញផ្ទះដំបូងអ្នកត្រូវពិនិត្យមើលឯកសារ និងព័ត៌​មាន​ដែល​អ្នក​ត្រូវ​ការដើម្បី​ត្រៀម​រៀបចំឲ្យបានរួចជាស្រេចមុននឹងដាក់ពាក្យស្នើសុំប្រាក់កម្ចី។

ដើម្បីទទួលបានការអនុម័តកម្ចីទិញផ្ទះពីធនាគារអ្នកត្រូវមានឯកសារផ្នែកច្បាប់ដូចជា៖ ទ្រព្យធានា​ដែល​មានត​ម្លៃស្មើ​នឹងតម្លៃប្រាក់កម្ចី លិខិតបញ្ជាក់ប្រាក់បៀវត្សរ៍ និងអត្តសញ្ញាណ​ប័ណ្ណ​ដែល​មាន​សុព​លភាព និងព័ត៌មានរបស់អ្នកធានារបស់អ្នកឲ្យបានគ្រប់គ្រាន់។

ពេលខ្លះធនាគាមិនទាមទារអ្នកធានានោះទេប្រសិនបើធនាគាររកឃើញថាអ្នកមានសមត្ថភាពគ្រប់គ្រាន់​​ដើម្បីទូទាត់សងប្រាក់កម្ចីនេះដោយខ្លួនឯងផ្ទាល់ធនាគារនឹងពិចារណាធនធានទ្រព្យធានា និង​វត្ថុ​បញ្ជាក់​ផ្សេងៗ​ទៀត​ដែល​អាច​បង្ហាញ​ពីសមត្ថ​ភាព​របស់​លោក​អ្នក​ក្នុង​ការ​សង់​ប្រាក់​ត្រលប់​មក​វិញ​។

រយៈពេលសងប្រាក់កម្ចី៖

ការប្រែប្រួលនៃរយៈពេលប្រាក់កម្ចី និងអត្រាការប្រាក់នឹងជះឥទ្ធិពល​ដល់ចំនួន​ទឹកប្រាក់​ដែល​លោក​អ្នកត្រូវ​សងត្រលប់។ ជាទូទៅធនាគារផ្តល់ជូននូវជម្រើសនៃការទូទាត់សងប្រាក់តាម៣​ជម្រើស៖ ជម្រើស​ទី១ការទូទាត់តែការប្រាក់មុនក្នុងរយៈពេល៣ខែ  ជម្រើសទី២ការទូទាត់ការ ប្រាក់​ជាមួយ​ប្រាក់​ដើមថេរ  និងជម្រើសទី៣ការទូទាត់ការប្រាក់ជាមួយប្រាក់ដើមប្រែប្រួល។

រយៈពេលនៃការសងប្រាក់កម្ចីអាចមានរហូតដល់២០ឆ្នាំអាស្រ័យលើកិច្ចព្រមព្រៀងរបស់អ្នកជាមួយធនាគារ។

ប៉ុន្តែប្រសិនបើអ្នកចង់ផ្លាស់ប្តូរជម្រើសនៃការបង់ប្រាក់របស់អ្នកដោយបង់ផ្តាច់មុនកាលកំណត់នៃរយៈពេលដែលបានព្រមព្រៀងនោះអ្នកនឹងត្រូវពិន័យជាប្រាក់ចំនួនប្រមាណ៣ភាគរយនៃប្រាក់បំណុលដែលនៅសល់ដូច្នេះត្រូវប្រុងប្រយ័ត្ន ថាតើអ្នកយល់ច្បាស់​អំពីជម្រើស​នីមួយៗមុន​ពេលអ្នក​យល់​ព្រម​ទទួលយកលក្ខខណ្ឌណាមួយហើយឬនៅ!

ដំណើរនៃការផ្តល់កច្ចី​៖

ដំណើរការនៃការដាក់ពាក្យស្នើប្រាក់កម្ចីអាចចំណាយពេលយូរ ហើយតម្រូវឲ្យមានឯកសារពាក់ ព័ន្ធ និងឯកសារគាំទ្រពាក់ព័ន្ធជាច្រើននឹងលទ្ធភាពសងប្រាក់ត្រលប់មកវិញ។

នៅពេលដែល អ្នកស្នើសុំប្រាក់កម្ចីទិញផ្ទះដំបូង​ធនាគារនឹង​ធ្វើការត្រួត​ពិនិត្យពីលទ្ធភាព​សងរ​បស់​អ្នក​ជាមុនសិនបន្ទាប់ពីរកឃើញថាអ្នកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសងត្រលប់មកវិញហើយ អ្នក​ត្រូវ​គិត​អំពីប្រាក់លក្ខខណ្ឌប្រាក់កម្ចី និងអត្រាការប្រាក់ដែលសាកសមនឹងអ្នកបំផុត (លក្ខន្តិករបស់ធនាគារ)។

បន្ទាប់ពីការដាក់ពាក្យស្នើសុំកម្ចីត្រូវបានដាក់ទៅធនាគារការដូចនេះដំណើរការប្រាក់កម្ចីបានចាប់ផ្តើម។ ឯកសារស្នើសុំត្រូវបានផ្ញើចេញសម្រាប់ការអនុម័តប្រាក់កម្ចី ហើយ​នៅពេល​ដែលប្រាក់​ត្រូវបាន​អនុម័ត​រួចរាល់ឯកសារត្រូវបានផ្ទេរទៅផ្នែកបិទបញ្ជី និងកន្លែងកាន់ប្រាក់កម្ចី ហើយ​អ្នក​ខ្ចីនឹង​ត្រូវចុះ​ហត្ថលេខា​លើឯកសារកម្ចី។

រយៈពេលនៃដំណើរការកម្ចីអាចមានរយៈពេលខ្លី ឬវែង អាស្រ័យល់​អ្នកខ្ចីប្រាក់​តើពួកគាត់​ប្រើប្រាស់​ប្លង់​រឹង ឬប្លង់ទន់។ និយាយជារួមនៅពេល​អ្នកមាន​ស្រាប់​នូវទ្រព្យ​ធានា​ប្លង់​រឹង​នោះប្រតិបត្តិ​ការ​នៃ​ដំណើរ​​ការប្រាក់កម្ចីត្រូវចំណាយរយៈពេលខ្លីជាងការប្រើប្រាស់ប័ណ្ណកម្មសិទ្ធិ ដែលអ្នក​ចង់ទិញ​ដាក់​ជាទ្រព្យ​ធានា។ ដោយសារតែប្រសិនបើប្រើប្រាស់ផ្ទះដែលកំពុងទិញជាទ្រព្យបញ្ចាំនោះត្រូវចំណាយ ពេលមួយចំនួនរង់ចាំការផ្ទេរកម្មសិទ្ធិទាំងមូលទៅម្ចាស់ថ្មីនៅការិយាល័យសុរិយោដីដែលអាចចំណាយពេលរហូតដល់១៤សប្តាហ៍៕

អត្ថបទសហការី៖ www.realestate.com.kh/km/news/Tips-for-First-Time-Home-Loan-Borrowers-in-Cambodia/

LEAVE A REPLY

Please enter your comment!
Please enter your name here