Bryant Chou ៖ ក្រុមហ៊ុនខ្ញុំមិនដែលយកលុយអ្នកវិនិយោគមួយសេន តែនៅតែរកលុយបានរាប់លាន

0
25

Webflow ជាក្រុមហ៊ុននិងវេបសាយមួយផ្តល់ឧបករណ៍សម្រាប់បង្កើតវេបសាយផ្សេងទៀត ធ្វើឲ្យអ្នកប្រើប្រាស់ងាយស្រួលក្នុងការបង្កើតវេបសាយផ្ទាល់ខ្លួនតាមរូបរាងដែលខ្លួនចង់បាន ហើយក្រុមហ៊ុនដ៏តូចមួយធ្លាប់មានគេស្នើសុំវិនិយោគលុយ ២.៩ លានដុល្លារ នេះបើតាមការចុះផ្សាយរបស់ Business Insider តែក្រុមហ៊ុននេះបែរជាបដិសេធមិនទទួលលុយទាំងនោះទៅវិញ ហើយ  Webflow នៅតែអាចរីកចម្រើនរហូតដល់មានទ្រព្យសម្បត្តិសរុប ១០ លានដុល្លារ ។

លោក Bryant Chou សហស្ថាបនិក  Webflow លើកឡើងថា “ក្រុមហ៊ុនតូចរបស់លោកមិនដែលប៉ះពាល់លុយរបស់អ្នកវិនិយោគទេ តែក្រុមហ៊ុននៅតែអាចរកប្រាក់ចំណេញរាប់លានដុល្លារដដែល” ។

សហស្ថាបនិករូបនេះ បញ្ជាក់ថា គន្លឹះសំខាន់គឺ ធ្វើមួយៗប្រកបដោយស្ថេរភាព ជាវិធីសាស្ត្រដ៏ល្អដើម្បីរីកចម្រើន ។ រហូតដល់ពេលនេះ Webflow មានអ្នកប្រើប្រាស់ ៧៥០ ០០០ នាក់ហើយរួមទាំង developer នៅអង្គការ NASA ក្រុមហ៊ុន​ Dell និងស្ថាប័នធំៗផ្សេងទៀត ដោយមានបុគ្គលិក ៥០ នាក់ចាំបម្រើការ ។

វាពិតជាចម្លែកដែលក្រុមហ៊ុនមួយនេះមិនព្រមទទួលការវិនិយោគពីអ្នកដទៃ ប៉ុន្តែលោក Chou លើកឡើងថា ប្រសិនបើអ្នកចង់រីកចម្រើនលឿនពេក អ្នកនឹងជួបហានិភ័យខ្ពស់ ពេលនោះអ្នកនឹងបាត់បង់ការប្រមូលអារម្មណ៍ ឬអ្នកនឹងទទួលអាម្មរណ៍រំខាន ។

លោក Chou បន្ថែមថា ការដែលមិនទទួលយកលុយវិនិយោគពីអ្នកដទៃ បានជួយឲ្យក្រុមហ៊ុនគាត់ធ្វើអ្វីដែលខ្លួនចង់ធ្វើដើម្បីបំពេញតម្រូវការអតិថិជន មិនបាច់មានការរំខានពីអ្នកវិនិយោគ ។

គួរបញ្ជាក់ថា Webflow បង្កើតឡើងនៅពេលដែល Chou កំពុងធ្វើការនៅក្រុមហ៊ុនផ្សាយពាណិជ្ជកម្មមួយ គាត់ មិត្តភក្តិ និងបងប្រុសគាត់សម្រេចចិត្តថា ការបង្កើតវេបសាយជាជម្រើសដ៏ល្អបំផុត ជាពិសេសគឺជួយអ្នកដទៃឲ្យងាយស្រួលធ្វើការ ។

ជាចុងក្រោយលោក Chou លើកឡើងថា ការបង្កើតអ្វីដែលថ្មីមិនងាយផុតកំណត់គឺមធ្យោបាយល្អបំផុតជួយឲ្យអាជីវកម្មអ្នកឈរបានយូរ ហើយអាជីវកម្មនោះគឺបង្កើតឡើងដើម្បីជួយអ្នកដទៃ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here