គន្លឹះងាយៗគួរអនុវត្តន៍ បើអ្នកចង់កាត់បន្ថយទម្លាប់ប្រើទូរស័ព្ទអត់ប្រយោជន៍ឬចេះតែនឹកទូរស័ព្ទ

0
26

ជារឿងធម្មតាសម័យនេះអ្នកណាក៏ប្រើ Smart Phone ដែរ វាក្លាយជាជំនួយការមួយដែលនៅជាមួយអ្នកគ្រប់ពេល ប៉ុន្តែកំហុសរបស់មនុស្សគឺចេះតែចង់ប្រើទូរស័ព្ទឥតឈប់ឈរ មិនថាធ្វើរឿងមានប្រយោជន៍ឬអត់ប្រយោជន៍ក៏ដោយ ។

Larry Rosen សាស្ត្រាចារ្យចិត្តវិទ្យា លើកឡើងថា ជាទូទៅគេចូលចិត្តឆែកមើលទូរស័ព្ទរៀងរាល់ ១៥ នាទីម្តង ប្រសិនបើពួកគេទទួលបានការជួនដំណឹងណាមួយ ។ ហើយគន្លឹះងាយៗពីអ្នកជំនាញខាងក្រោមនេះនឹងជួយឲ្យអ្នកកាត់បន្ថយអារម្មណ៍នឹកទូរស័ព្ទយ៉ាងមានប្រសិទ្ធភាព ឲ្យតែអ្នកអនុវត្តន៍តាម ។

១-រៀបចំកាលវិភាគ

ជំហានដំបូងដែលអ្នកត្រូវអនុវត្តន៍គឺ ដាក់កាលវិភាគសម្រាប់ខ្លួនឲ្យច្បាស់លាស់សិនមុនអនុវត្តន៍ជំហានផ្សេងៗ ។ អ្នកអាចប្តូរពីទម្លាប់ឆែកទូរស័ព្ទ ១៥ នាទីម្តង មកជាកន្លះម៉ោងម្តង រហូតដល់អ្នកគិតថាពេលវេលាមួយដែលសមល្មម ។ អ្នកជំនាញណែនាំឲ្យអ្នកជូនដំណឹងទៅមិត្តភក្តិនិងក្រុមគ្រួសារជាមុនថា អ្នកនឹងមិនឆ្លើយតបសាររបស់ពួកគេភ្លាមៗទេ​ ប្រសិនបើមានការបន្ទាន់ពួកគេអាច Call បាន​។

២-បិទចោលសារអត់ប្រយោជន៍

សារជូនដំណឹងដែលចេញពី Facebook ឬ Instagram មួយចំនួនអាចជាសារអត់ប្រយោជន៍ បើអ្នកអាចបិទបានអ្នកគួរតែបិទវាចោល ឬកំណត់ឲ្យវាជូនដំណឹងតែពេលអ្នកប្រើទូរស័ព្ទបានហើយ ។

៣-ទាញយកតែកម្មវិធីសំខាន់ដាក់ខាងមុខ

សម្រាប់ទូរស័ព្ទដែលប្រើប្រាស់ Android សុទ្ធតែអាចទាញកម្មវិធីពី HomePage មកដាក់នៅ HomeScreen បាន អ្នកគួរតែទាញយក App សំខាន់ៗដូចជាកម្មវិធីអានសៀវភៅ ឬកម្មវិធីរៀនភាសា ឬកម្មវិធីណាដែលអ្នកត្រូវប្រើជាប្រចាំ ។

៤-ទុកទូរស័ព្ទឲ្យឆ្ងាយពីគ្រែដេក

អ្នកមិនត្រូវចាត់ទុកទូរស័ព្ទជារបស់ចុងក្រោយដែលអ្នកត្រូវកាន់មុនពេលចូលដេក និងជារបស់ដំបូងដែលអ្នកកាន់ពេលក្រោកឡើងនោះទេ ទុកវាឲ្យឆ្ងាយ ហើយកាន់វាដើម្បីតែបិទម៉ោងរោទិ៍ពេលព្រឹកទៅបានហើយ អ្នកអាចជំនួសដោយការអានសៀវភៅបានមុនពេលចូលដេក ។

៥-ប្រើ Smart Speaker ជំនួសទូរស័ព្ទ

បើអ្នកមាន Smart Speaker ដូចជា Amazon Echo ឬ ផលិតរបស់ Google’s Home អ្នកអាចប្រើវាជំនួសទូរស័ព្ទបាន វាក៏មានមុខងារស្វ័យប្រវត្តិដូចទូរស័ព្ទដែរ ។

៦-ដាក់ពិន្ទុឲ្យខ្លួនឯង

ចុងក្រោយគឺអ្នកត្រូវដាក់ពិន្ទុឲ្យខ្លួនឯង អ្នកអាចប្រើកម្មវិធីជំនួយមួយចំនួនដូចជា QualityTime ឬ Moment ដើម្បីដឹងពីរបាយការណ៍ដែលអ្នកប្រើទូរស័ព្ទ នៅពេលអ្នកដឹងថាខ្លួនឯងប្រើទូរស័ព្ទលើសកំណត់អ្នក គួរកាត់បន្ថយវាបន្តិចម្តង ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here