វិវត្តន៍ខ្លួនពីវេបសាយកំប៊ិចកំប៉ុកពេលនេះ Alibaba មានអ្នកចូលទិញទំនិញ ៣២៥០០០ ដងក្នុងមួយវិនាទី

មហាសេដ្ឋី Jack Ma ធ្លាប់លើកឡើងថា កាលពីចាប់ផ្តើមដំបូងគេទស្សន៍ទាយថា ៥ ឆ្នាំខាងមុខ Alibaba នឹងដួលបះជើង ហើយគូប្រកួតជាអ្នកឈ្នះ ប៉ុន្តែការពិត Alibaba នៅតែបន្តជីវិតដល់សព្វថ្ងៃ មិនតែប៉ុណ្ណោះ Alibaba ក៏បានពង្រីកខ្លួនដល់ប្រទេសថៃកាលពីដើមឆ្នាំនេះ ខណៈដែលផ្លែមៀនរប​ស់ថៃ លក់ទៅចិនបានប្រមាណជាង ១៧លានដុល្លារអាមេរិកត្រឹមតែរយៈពេលមួយថ្ងៃ បន្ទាប់ពីទទួលបានការអនុញ្ញាពីមហាសេដ្ឋី Jack Ma ឲ្យដាក់លក់គេហទំព័រលក់អនឡាញ Tmall.com នៃក្រុមហ៊ុ​ន Alibaba Group។

បើតាមសេចក្តីប្រកាសរបស់ Alibaba កាលពីម្សិលមិញនេះឲ្យដឹងថា ពេលនេះមានអ្នកកុម្ម៉ង់ទិញទំនិញរហូតដល់ ៣២៥០០០ ដងក្នុងមួយវិនាទី ជារៀងរាល់ថ្ងៃ​។ កំណើតនៃអ្នកប្រើប្រាស់ Alibaba ចាប់ផ្តើមកើនឡើងកាលពីចុងឆ្នាំ ២០១៧ កន្លងទៅ ដែលមានអ្នកធ្វើប្រតិបត្តិការទូទាត់ប្រាក់ ២៥៦ ០០០ ដងក្នុងមួយវិនាទី​ នេះបើតាមការលើកឡើងរបស់អគ្គនាយករង Alibaba លោក Jungong Sun ។

លោក Sun ឲ្យដឹងទៀតថា Alibaba គ្រោងនឹងជួយអាជីវកម្មខ្នាតតូចនិងមធ្យម ឲ្យបាន ១០ លានអាជីវកម្ម ឲ្យទៅជាអាជីវកម្មឌីជីថលនៅឆ្នាំ ២០៣៦ ។




គួររំលឹកថា ខណៈដែល Alibaba បានពង្រីកមកដល់ថៃ ក្រុមហ៊ុន Alibaba របស់មហាសេដ្ឋី Jack Ma បានចុះហត្ថលេខាកិច្ចព្រមព្រៀង ទិញធុរ៉េនពីបណ្ដាប្រជាកសិករថៃ យ៉ាងតិចចំនួន ៨០ម៉ឺនផ្លែ ពីកសិករ ក្នុងខេត្តចំនួន៣ភាគខាងកើតនៃប្រទេសថៃ ដែលផ្ដល់នូវតម្លៃលើសតម្លៃទីផ្សារបច្ចុប្បន្ន។

នៅក្នុងឆ្នាំ ២០១៩ខាងមុខនេះ ក្រុមហ៊ុន Alibaba របស់ Jack Ma នឹងបញ្ជាទិញ ធុរ៉េនពី កសិករ យ៉ាងតិច ប្រមាណ ៣ពាន់តោន ប្រហែល ៨០ម៉ឺនផ្លែ ដែលតម្លៃសរុបប្រមាណ ៣៦០លានបាត( ប្រមាណ ១០លានដុល្លារអាមេរិក) ដែលក្នុងមួយគីឡូតម្លៃ ១២០បាត។

លោក Jack Ma ថា “ការរអ៊ូរទាំមិនបានជួយអ្វីដល់អ្នកទេ គ្រប់សហគ្រិនដែលជោគជ័យសុទ្ធតែមានការគិតបែបសុទិដ្ឋិនិយមជាមួយអនាគត” ។ ពួកគេមិនដែលរអ៊ូរទាំ តែពួកគេព្យាយាមដោះស្រាយបញ្ហារហូតដល់ទីបញ្ចប់ ។

Jack Ma ក៏មានដំបូន្មានបន្ថែមថា “ត្រូវតែច្បាស់ថាខ្លួនឯងចង់ធ្វើអ្វី ដែលវាជាមូលដ្ឋានគ្រឹះសំខាន់ដើម្បីធ្វើការជាមួយមនុស្សដែលជឿជាក់លើគម្រោងរបស់អ្នក វាជាគន្លឹះសំខាន់ដែលត្រូវប្រាប់ពួកគេពីអ្វីដែលអ្នកចង់និយាយ និងជឿជាក់លើក្តីស្រមៃរបស់អ្នក” ។