រយៈពេល ៩ខែ ឆ្នាំនេះ កម្ពុជា ប្រមូលពន្ធគ្រប់ប្រភេទ បានជាង ១៥០០លានដុល្លារ

0
33

ក្នុងរយៈពេល ៩ខែ ចាប់ពីខែ មករា ដល់ខែ កញ្ញា ឆ្នាំ ២០១៧នេះ កម្ពុជា បានធ្វើការប្រមូលពន្ធគ្រប់ប្រភេទ ជាង ១៥៤៦,៥៥លានដុល្លារអាមេរិក នេះបើយោងតាមអគ្គនាយកពន្ធដារ។

បើធៀបនឹងរយៈពេលដូចគ្នានៃ ឆ្នាំ ២០១៦ កន្លងទៅនេះ យើងសង្កេតឃើញថា ការប្រមូលពន្ធរយៈពេល ៩ខែ នៃ ឆ្នាំ ២០១៧ កើនឡើង ចំនួន ៣៥៥,២៩លានដុល្លារ ស្នើរនឹងកំណើន ២៩,៨២​ភាគរយផងដែរ។

ដោយឡែក សម្រាប់ខែកញ្ញានេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករ បានចំនួន៥២៩.៩២ពាន់លានរៀល ស្មើនឹងប្រមាណជា១៣២.៤៨ លានដុល្លារអាមេរិក។

សម្រាប់នៅត្រីមាសទី៣ នៃឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារ សង្កេតឃើញថា មានការកើនឡើងនូវប្រាក់ពន្ធស្ទើរគ្រប់ប្រភេទពន្ធជាពិសេស ប្រភេទពន្ធ-អាករសំខាន់ៗ មានជាអាទិ៍៖ ពន្ធលើប្រាក់ចំណូល កើនឡើង ៣៣.២%, អាករលើតម្លៃបន្ថែម កើនឡើង ៤១.៩% ខណៈដែលអាករពិសេស កើនឡើង១២.៥% និងពន្ធលើប្រាក់បៀវត្ស មានការកើនឡើងចំនួន៤.២%។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែកញ្ញា និងប្រចាំត្រីមាសទី៣ ឆ្នាំ២០១៧  លោក ជូ វិជិត្ត រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ព្រមទាំងផ្តល់កិច្ចគាំទ្រ និងឯកភាពចំពោះវិធានការ ដែរលបានដាក់ចេញដោយ លោកអគ្គនាយកពន្ធដារ ក្នុងន័យបង្កើនផលិតភាព ក៏ដូចជាការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ និងកម្មវិធីកែទម្រង់ ជាពិសេស ការពិនិត្យកែសម្រួល និងរៀបចំលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីធានាបាននូវសង្គតិភាពក្នុងការអនុវត្តការងារគ្រប់គ្រងប្រមូលពន្ធ៕

អត្ថបទដោយ៖ ហុង

 

LEAVE A REPLY

Please enter your comment!
Please enter your name here