សុង សារ៉ន៖ គ្រប់អាជីវកម្មសុទ្ធតែប្រកួតប្រជែង ហេតុនេះអាជីវកម្មអ្នកត្រូវតែអភិវឌ្ឍជាប្រចាំទើបអាចរស់បាន

0
29

លោក​ឧកញ៉ា សុង សារ៉ន បច្ចុប្បន្នជាស្ថាបនិកនិងអគ្គនាយក​ក្រុមហ៊ុន Amru Rice ដែល​ជា​ក្រុមហ៊ុននាំចេញអង្ករធំបំផុតមួយនៅកម្ពុជា។ ក្រុមហ៊ុន Amru Rice Cambodia ជាក្រុមហ៊ុនស្រូវអង្ករដ៏ធំមួយនៅកម្ពុជា ដែលបានធ្វើការយ៉ាងជិតស្និតជាកសិករខ្មែរ ហើយនិងបានជួយកសិករកម្ពុជាយ៉ាងច្រើនក្នុងការនាំចេញអង្ករសិរីរាង្គទៅទីផ្សារអន្តរជាតិ។

សហគ្រិនដ៏ជោគជ័យផ្នែក​ស្រូវ​អង្កររូបនេះបានមានប្រសាសន៍ថា ការចាប់ផ្តើមអាជីវកម្មគេចមិនផុតឡើយពីការប្រកួតប្រជែង ហេតុនេះហើយគ្រប់ពេលអាជីវកម្មរបស់អ្នក ចង់ឬមិនចង់ត្រូវតែត្រៀមខ្លួនជានិច្ច អភិវឌ្ឍន៍ជានិច្ច ដើម្បីអាចឈរជើងបាន។ បន្ថែមលើសពីនេះទៅទៀត លោកបានផ្តាំថា អាជីវកម្មដែលអាចមានអាយុកាលបានរឹងមាំយូរអង្វែង អាជីវកម្មនោះត្រូវតែមានអ្វីដែលថ្មីជាប្រចាំ ដើម្បីអាចប្រជែងនិងក្តោបក្តាប់ទីផ្សារបាន។

ស្ថាបនិក Amru Rice រូបនេះបានបន្តថា លោកតែងបង្កើតអាជីវកម្មថ្មីៗជារៀងរាល់ឆ្នាំ ជាមុខរបរទាក់ទងនឹងអាជីវកម្មបច្ចុប្បន្នរបស់លោកដែលកំពុងដំណើរការស្រាប់ ដើម្បីចងជាសម្ព័ន្ធគ្នា ងាយស្រួលនឹងវាយឡុកទីផ្សារនិងធ្វើឲ្យក្រុមហ៊ុនមានស្ថេរភាព ដូចជា រោងចក្រកិនស្រូវ សម្ងួត វេចខ្ចប់ ជាដើម។ លោកបានផ្តាំថា ក្នុងពិភពជំនួញតែងតែប្រែប្រួលមិនឈប់ឈរ យើងមិនដឹងថាមានអ្វីកើតឡើងនោះទេ ដូច្នេះហើយគ្រប់ពេលអ្នកត្រូវតែត្រៀមខ្លួនជានិច្ច ដើម្បីឧបសគ្គណាមួយដែលនឹងអាចកើតឡើងជាយថាហេតុ។

តាមរយៈបទពិសោធន៍រកស៊ីជាច្រើនឆ្នាំកន្លងមក ជួបទំាងបរាជ័យ និងជោគជ័យផងនោះ លោកបានលើកទឹកចិត្តដល់សហគ្រិនជំនាន់ថ្មីៗថា ចង់រកស៊ី កុំទាន់ខ្វល់ពីដើមទុន សំខាន់ថាតើអ្នកមានចិត្តចង់ចេញរកស៊ីខ្លាំងកម្រិតណា។ មានវិធីច្រើនណាស់ក្នុងការចាប់ផ្តើមរកស៊ីដោយមិនទាន់ចាំបាច់ប្រើដើមទុន ឲ្យតែយើងមានចិត្តចង់រកស៊ីពិតប្រាកដ។ មួយវិញទៀត ពេលជួបបរាជ័យ សូមកុំឆាប់បោះបង់ពេក ត្រូវព្យាយាមរៀនសូត្រពីកំហុសឆ្គង រួចកែតម្រូវ ធ្វើបែបនេះមិនយូរមិនឆាប់អ្នកនឹងទទួលបានជោគជ័យនៅពេលណាមួយជាក់ជាពុំខាន៕

អត្ថបទដោយ៖ SOY-VUTHEA

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here