ក្បួនសន្សំលុយរបស់សហគ្រិន3រូប អានហើយអ្នកនឹងមិនដាច់ខែដាច់លុយទៀតទេ

0
31

លើលោកនេះមានវត្ថុមួយដែលមនុស្សគ្រប់គ្នាចង់បាន អត់មិនបាននោះគឺលុយ។ លុយ ជាវត្ថុមួយដែលបានធ្វើឲ្យមនុស្សមិនតិចគ្នាទេ ត្រូវរងគ្រោះ ព្រោះគ្មានលុយ ឬមានលុយដែរតែចាយមិនចេះគិត ចាយខុសគោលដៅត្រូវដេកដំបៅទ្រូងស្ដាយទាំងយប់ទាំងថ្ងៃ។ ដើម្បីជួយលោកអ្នកក្នុងការគ្រប់គ្រងលុយឲ្យបានល្អ មុនលុយគ្រប់គ្រងជីវិតអ្នកបាន Business Cambodia សូមលើកយកនូវក្បួនសន្សំលុយរបស់សហគ្រិនជោគជ័យ ៣រូបមកបកស្រាយ៖

សហគ្រិនទី១ លោក អ៊ិន ចាន់នី នាយកប្រិត្តបតិ្តរបស់ធនាគារ អេស៊ីលីដា

លោកប្រធានអ៊ិន ចាន់នីធ្លាប់បានផ្តល់បទសម្ភាសន៍ ជាមួយ Business Cambodia ថា ទាក់ទងនឹងហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់លោក លោកតែងតែប្រឹក្សារជាមួយធនាគារ ដើម្បីចាត់ចែងលុយ របស់លោក។ ជារៀងរាល់ខែ លោកបានយកលុយដែលនៅសល់ទៅដាក់ក្នុងធនាគារ ដើម្បីសន្សំ ដោយមានកាលកំណត់ផ្សេងៗគ្នា។ លោកមានលទ្ធភាពសន្សំរាល់ខែ ប្រហែលមកពី គាត់ដែលជាប្រធានធនាគារធំបំផុត នៅកម្ពុជា រកចំណូលបានច្រើនហើយ។

សហគ្រិនទី២ សេដ្ឋីហុងកុង លោក លីកាស៊ីង

ចង់រៀនចាយដើម្បីឲ្យសល់លុយសន្សំខ្លះ លោកអ្នកអាចរៀន តាមលោក លីកាស៊ីង ដែលរហូតមកទល់ថ្ងៃនេះ លោកមានអាយុជាង ៨៨ឆ្នាំហើយ ប៉ុន្ដែនៅតែធ្វើការមិនតិចជាង ១៧ម៉ោងទេក្នុងមួយថ្ងៃ។ នេះជាការបែងចែកចំណូលដែលលោករកបាន៖

៣០% សម្រាប់ចំណាយរស់នៅ (ដូចជាអាហារ និងការធ្វើដំណើរ)

២០% សម្រាប់ចំណាយក្នុងសង្គម (ទូរស័ព្ទ និងការចាយវាយផ្សេងៗ)

១៥% សម្រាប់ការអប់រំ

១០% សម្រាប់ការធ្វើដំណើរក្រៅប្រទេស

២៥% សម្រាប់វិនិយោគ សន្សំ ឬចាប់ផ្តើមរកស៊ី

ការបែងចែកបែបនេះ ព្រោះលោកកំពុងតែរស់នៅប្រទេស ដែលមានចំណូលខ្ពស់ តែសម្រាប់​កម្ពុជាវិញ បើលោកអ្នករកបានមិនសូវច្រើនទេ លោកអ្នកគួរបែងចែកដូចខាងក្រោម នេះវិញ៖

៥០% សម្រាប់ចំណាយរស់នៅ (ដូចជាអាហារ និងការធ្វើដំណើរ)

១០% សម្រាប់ចំណាយក្នុងសង្គម (ទូរស័ព្ទ និងការចាយវាយផ្សេងៗ)

១០% សម្រាប់ការអប់រំ

៥% សម្រាប់ការធ្វើដំណើរក្រៅប្រទេស

២៥% សម្រាប់វិនិយោគ សន្សំ ឬចាប់ផ្តើមរកសីុ

សហគ្រិនទី៣ លោកឧកញ៉ាម៉ុង ឬទ្ធី

នៅពេលលោកអ្នករកបានចំណូលវិញ លោកអ្នកក៏មិនត្រូវភ្លេចខ្លួន វង្វេងនឹងភាពហ៊ឺហារដែរ ព្រោះនេះអាចនឹងទាញលោកអ្នកធ្លាក់ចុះវិញដោយមិនដឹងខ្លួន។ លោកអ្នកគួរយកតម្រាប់តាម សហគ្រិនមួយចំនួន ដែលទោះជោគជ័យប៉ុនណា ក៏មិនខ្វល់ប៉ុន្មាននឹងភាពហ៊ឺហារដែរ។

លោកឧកញ៉ា ម៉ុង ឫទ្ធី ធ្លាប់ប្រាប់ Business Cambodia ថា ចាប់តាំងពីលោក មានអាយុ៥០ ផ្លាយមក អ្វីៗនៅលើខ្លួនគាត់ចាប់ផ្តើមជ្រុះបណ្តើរៗ។ ការមិនសូវខ្វល់នឹងសម្ភារនិយមនេះ ដែលអាចឲ្យលោកស្គាល់តម្លៃពិតនៃលុយ ហើយសល់លុយដើម្បីសន្សំ ឬរកស៊ី ឬធ្វើបុណ្យ ជាមួយមនុស្សដែលក្សត់ និងកំពុងត្រុវការលុយ៕

ចុះលោកអ្នកវិញ មានក្បួនចាយវាយហើយ ឬនៅ? បើមិនទាន់មានទេ គួរជ្រើសរើសយកគំរូណាមួយខាងលើនេះ ដើម្បីឲ្យការសន្សំមានដង្ហើម។

អត្ថបទដោយ៖ សំ កុសល

អ្នកនិពន្ធសៀវភៅ ចង់ពូកែរកសីុ ត្រូវចេះសំលៀងពូថៅ

ទំនាក់ទំនងជាមួយអ្នកនិពន្ធផ្ទាល់ http://www.facebook.com/sam.kosal.7

 

LEAVE A REPLY

Please enter your comment!
Please enter your name here