សំ កុសល៖ ពាក្យអរគុណរបស់ភ្ញៀវតែមួយម៉ាត់ធ្វើឲ្យខ្ញុំធ្វើការមិនចេះហត់ទេ ទោះរកសីុមិនទាន់ចំណេញក៏ដោយ

0
7

ក្រោយពីបានចាប់ផ្តើម Business Cambodia បានប្រមាណ៦ខែមក ខ្ញុំមានជំនឿ ១១០% ថាអាជីវកម្ម ដែលខ្ញុំកំពុងតែធ្វើនេះ ជាអាជីវកម្មល្អបំផុតដែលខ្ញុំគួរធ្វើ ទោះបីមិនទាន់ចំនេញក៏ដោយ។ មូលហេតុតែមួយគត់ ដែលធ្វើឲ្យខ្ញុំមាន ជំនឿបែបនេះគឺ ដោយសារតែរាល់ថ្ងៃមានមនុស្សច្រើននាក់ណាស់បាន អរគុណដល់ Business Cambodia គ្មានថ្ងៃដាច់ទេ។

មានថ្ងៃមួយ មានប្រជាជនខ្មែរម្នាក់ដែលបានកំពុងតែធ្វើការនៅប្រទេស ម៉ាទ្បេសីុ បានហៅទូរស័ព្ទមក Business Cambodia។ គាត់បាននិយាយរឿងជីវិតគាត់ ទាំងអួលដើមករ សូម្បីខ្ញុំដែលជាអ្នកស្តាប់ក៏សឹងទប់ទឹកភ្នែកមិនបានដែរ។ គាត់បានប្រាប់ថា គាត់ជាស្រ្តីខ្មែររស់នៅលើទឹកដីគេ ធ្វើការសឹងតែគ្មានពេលដេក តែជាង២ឆ្នាំហើយ គ្មានសល់អ្វីទេ។

ស្ត្រីម្នាក់នោះបានបន្តថា ខំធ្វើការគ្មានឈប់ តែលុយដែលរកបាន ត្រូវផ្ញើរមកស្រុកខ្មែរអស់។ ផ្ញើរមកអស់ ផ្ញើរមកអស់ ហើយអ្វីដែលអាសូរបំផុតនោះ គឺសមាជិកគ្រួសារ រួមទាំងប្តី ម្តាយ និង ឪពុកគាត់ គឺស្តាប់ម្តងមួយៗ។ ជីវិតលំបាកពេកក្រៃ គាត់បានប្រាប់ខ្ញុំថា គាត់ស្ទើរតែចង់សំលាប់ខ្លួនទៅហើយ។

គាត់បានបន្តដោយអួលដើមករថា គាត់មានសំណាងណាស់បានជួប Business Cambodia តាមហ្វេសប៊ុក។ ការលើកទឹកចិត្ត ការជំុឲ្យខំធ្វើការ ខំរកសីុ ការបំផុសគំនិតរកសីុ ការលួងចិត្តពេលលំបាក ទាំងអស់នេះ ហើយដែលបាន ធ្វើឲ្យគាត់ប្តូរចិត្ត បន្តចង់រស់នៅបន្តទៀត។ រឿងនេះមួយ ធ្វើឲ្យខំ បន្តធ្វើការដល់ម៉ោង២ យប់ មិនដឹងថាយប់ទេ។

មានបងប្រុសមួយនាក់ទៀត ខ្ញុំសូមមិនបញ្ចេញឈ្មោះទេ គាត់បានមករៀនវគ្គខ្លី ចាប់ផ្តើមអាជីវកម្មជាមួយដើមទុនតិច និងវគ្គ ក្លាយជាកំពូលអ្នកលក់។ គាត់បានប្រាប់ខ្ញុំថា ក្រោយពីបានអានទស្សនាវដ្តី ពាណិជ្ជកម្មកម្ពុជា របស់ Business Cambodia ដែលចេញផ្សាយជារៀងរាល់ខែ គាត់ដែលបានរកសីុ ដួលច្រើនដងហើយ មានកំលាំងចិត្ត ហ៊ានលោតម្តងទៀត ហើយគាត់អរគុណខ្ញុំ និង Business Cambodia ដែលបានជួយលួងចិត្តគាត់ឲ្យហ៊ានលោតម្តងទៀត។

គាត់បានបើកហាងកាហ្វេមួយនៅទល់មុខស្តាតអូទ្បាំពិកបានបីខែហើយ។ លើកនេះ គាត់សង្ឃឹមថានឹងជោគជ័យ ព្រោះគាត់បានដួលច្រើនដងមកហើយ ហើយលើកនេះគាត់បានរៀនគំនិតច្រើន ពី Business Cambodia ដូចនេះ គាត់មានជំនឿចិត្តលើខ្លួនឯងច្រើនជាងមុន។ គាត់បានអរគុណខ្ញុំដោយផ្ទាល់ ដែលបានចាប់ផ្តើម ចែករំលែកគំនិតជាច្រើន ដែលគាត់ពិបាកនឹងរកបាននៅតាមសាលា ឬតាមបណ្តាញពត៌មានផ្សេងៗទៀត។

ពាក្យអរគុណមួយម៉ាត់នេះ ធ្វើឲ្យខ្ញុំតាំងចិត្តកាន់តែខ្លាំងជាងមុន ក្នុងការសំរេច គោលដៅរបស់ Business Cambodia ក្នុងការបំផុសគំនិតរកសីុនៅកម្ពុជា។ មុនចេញបង្រៀន ខ្ញុំមិនដែលគិតថាខ្ញុំមានឱកាសបង្រៀន គំនិតរកសីុ ដល់យុវជនជំនាន់ក្រោយរបស់កម្ពុជាបានទេ ព្រោះខ្លួនឯង រកសីុមិនទាន់ បានជោគជ័យធំដំុនៅទ្បើយ។ តែក្រោយទទួលពាក្យអរគុណ ពីអតិថិជនរបស់ ខ្ញុំ ខ្ញុំក៏ចាប់ផ្តើមប្រាប់ខ្លួនឯង និង សហការីខ្ញុំថា កម្ពុជាត្រូវការជំនួយពីយើង ដើម្បីកម្ពុជាអាចរីកចម្រើនខាងការរកសីុបាន។

ពាក្យអរគុណ របស់អ្នកទាំងពីរនេះនិងពាក្យអរគុណរាប់មឺុន ទៀតដែល Business Cambodia បានទទួល បានធ្វើឲ្យខ្ញុំនិងសហការីខ្ញុំ ធ្វើការគ្មានហត់ទ្បើយ។ ទោះឆ្លងឧបសគ្គច្រើនយ៉ាងណា ទោះ៣ឆ្នាំរកសីុខាត ក៏ខ្ញុំនៅតែអាចឆ្លងបានដែរ ព្រោះខ្ញុំមានទំនុកចិត្តពីភ្ញៀវរាប់មឺុននាក់ ដែលចង់បានជីវិតមានការផ្លាស់ប្តូរ តាមរយៈគំនិតរកសីុដែលផ្តល់ឲ្យដោយ Business Cambodia។

នេះជាផ្នែកមួយដកស្រង់ចេញពីសៀវភៅ ចង់ពូកែរកសីុ ត្រូវចេះសំលៀងពូថៅ សៀវភៅដែលខ្ញុំបានចំណាយពេលមួយឆ្នាំក្នុងការនិពន្ធ ដើម្បីជំរុញយុវជនខ្មែរជំនាន់ កុំឲ្យខ្លាចក្នុងការចេញរកសីុ៕ 12$ ដឹកដល់កន្លែង 092575823 នៅប្រទេសកូរ៉េ 010-2151-4965។

អត្ថបទរៀបចំដោយ៖ សំ កុសល

អ្នកនិពន្ធសៀវភៅ ចង់ពូកែរកសីុ ត្រូវចេះសំលៀងពូថៅ

ទំនាក់ទំនងអ្នកនិពន្ធផ្ទាល់

LEAVE A REPLY

Please enter your comment!
Please enter your name here