អត្ថបទ >
កំពូលអ្នកលក់
ចាប់ហួយរីកពេញភូមិ មកដឹងកំហុសធំៗរបស់អ្នកលក់ លក់កាន់តែយូរបាត់ទាំងភ្ញៀវ បាត់ទាំងដើម

Meng Songly

August 5 2022

872

ចាប់ហួយ ជាអាជីវកម្មមួយ ដែលពេញនិយមជាយូរលង់ណាស់មកហើយ ជាក់ស្តែងនៅក្នុងស្រុកខ្មែរ​តែម្តង ដោយនៅតាមភូមិនីមួយៗ មានតូបយ៉ាងហោចណាស់ក៏បីទៅបួនតូបដែរ ដែលប្រកបមុខរបរនេះ តែក៏មានតូបមិនតិចទេដែលបើកយូៗទៅសល់តែសំបកតូប យូៗទៅភ្ញៀវជំពាក់ជំុទិស យូៗទៅបាត់ទាំងដើមបាត់ទាំងចុង ដូច្នេះហើយនេះគឺជាកំហុសធំៗចំនួន៣ ដែលអ្នករកស៊ីចាប់ហួយត្រូវតែជៀសវាង ប្រសិនបើអ្នកមិនចង់ឃើញអាជីវកម្មរបស់អ្នកមិនឈរបានយូ។

១. មិនមានការបែងចែកលុយឱ្យត្រូវ៖ ជាការពិតណាស់តូបលក់ចាប់ហួយភាគច្រើ​ន ត្រូវបានបិទទ្វារដោយសារតែ មិនមានចាត់ចែងលុយកាក់ឱ្យបានត្រឹមត្រូវ និងមានការដកចាយឡូកឡំគ្នា ដោយមិនដឹងថាលុយណាទុកសម្រាប់ចំណាយជាប្រចាំថ្ងៃ ហើយលុយណាសម្រាប់យកទៅលើការវិនិយោគទំនិញបន្ត។

ស្របគ្នានេះដែរ ឧទាហរណ៍ថា បើលុយដែលអ្នកលក់បាន ហើយអ្នកចេះតែដកមិនបានគិតគូរច្បាស់លាស់នោះប្រកដជាមានបញ្ហាលុយកាកជាមិនខាន ដោយដកទិញម្ហូបក៏ពីវា ដកឱ្យកូនទៅរៀនក៏ពីវា ទិញសម្លៀកបំពាក់ក៏ពីវា និងទិញឥវ៉ាន់លក់ក៏ពីវា ច្បាស់ណាស់មិនយូទេ តូបរបស់អ្នកនឹងក្ស័យមិនខាន ព្រោះគ្មានលុយដាក់ទំនិញបន្ត ដូចពាក្យមួយឃ្លាថា ឥវ៉ាន់ក៏អស់ លុយក៏អស់

តែត្រឡប់មកវិញ ប្រសិនបើអ្នកមិនចង់ជួបបញ្ហាទាំងនេះ អ្នកត្រូវបែងចែកឱ្យត្រឹមត្រូវ និងមានបញ្ជីច្បាស់លាស់ រួចដកថ្លៃចំណេញសម្រាប់ចាយវាយប្រចាំថ្ងៃ និងទុកថ្លៃដើមយកទៅទិញទំនិញដាក់បន្ថែម ធ្វើដូចនេះអ្នកនឹងអស់បារម្ភរឿងបាត់ដើមបាត់ចុងទៀតទេ។

២. លក់ឱ្យគេជំពាក់៖ ការលក់ជំពាក់នេះគឺជាបញ្ហាដែលអ្នករកស៊ីស្អប់បំផុត ព្រោះថារបរលក់ចាប់ហួយនេះ ជាមុខរបរដែលចំណេញតិច បើគេជំពាក់ឆាប់សងមិនមែនជាបញ្ហាទេ តែចុះបើមិនសងវិញនោះ យើងមិនច្បាស់ជាខាតទៅហើយទេឬ ហើយប្រាកដជាគ្មានប្រាក់ដើម្បីបង្វិល ដូចពាក្យចាស់ពោលថា លក់មិនឱ្យគេជំពាក់គេខឹងមួយគ្រា ដល់ពេលគេទៅទាគេខឹងមួយជីវិត

ប៉ុន្តែនៅត្រង់ចំណុចនេះ ប្រសិនបើអ្នកលក់ឱ្យគេជំពាក់ អ្នកត្រូវមានបញ្ជីត្រឹមត្រូវ កំុអាងថាស្គាល់គ្នាហើយមិនបាច់កត់ទេ តែផ្ទុយទៅវិញអ្នកសាកស្រមៃមើលថា បើម្នាក់ជំពាក់តែមួយម៉ឺន ចុះដប់អ្នក ប៉ុន្មានហើយ? វាមិនដប់ម៉ឺនទៅហើយទេឬ? តែទោះបីជាយ៉ាងណាក៏ដោយ បើអ្នកជ្រៀសវាងពីការជំពាក់នេះបានវាកាន់តែល្អ។

៣.​ ខ្វះប្រភពបោះដំុ៖ អ្នកលក់បើខ្វះការរកប្រភពបោះដំុនេះហើយ មិនងាយក្លាយមានបានទេ ព្រោះថានៅពេលដែលអ្នកជ្រើសរើសប្រភពមិនបានត្រឹមត្រូវ វាអាចធ្វើឱ្យតម្លៃដែលអ្នកយកមកមានតម្លៃថ្លៃ ហើយទម្រាំតែអ្នកយកទៅលក់បន្តទៀតនោះ វាកាន់តែចំណេញតិចថែមទៀត និងបូករួមគេជំពាក់ខ្លះផ្គួបផ្សំ ហើយចាត់ចែងលុយមិនបានត្រឹមត្រូវទៀតនោះ ដឹងតែបិទទ្វា ជៀសមិនផុតឡើយ។

ដំណោះស្រាយ អ្នកត្រូវដើររកប្រភពតាមទីតាំងបោះដុំឱ្យច្រើន រួចហើយយកវាមកជ្រេមើលថាកន្លែងណាដែលទទួលបានតម្លៃធូរជាង រួចធ្វើការបញ្ជាទិញតែម្តង។

គួរជម្រាបផងដែរថា​ ខាងលើរនេះជាកំហុស៣ដែលអ្នករកស៊ីចាប់ហ៊ួយទាំងឡាយ ត្រូវតែជ្រៀសឱ្យឆ្ងាយ បើមិនដូច្នោះទេវាសនាអាជីវកម្មរបស់អ្នកច្បាស់ជាអស់ជីវិតមិនខាន ៕

អត្ថបទដោយ៖​ នៅ ថាត់សណា

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth