មានបងប្អូនមួយចំនួនមានដើមទុនហើយតែមិនដឹងថាគួររកស៊ីអ្វី ហើយបងប្អូនខ្លះទៀត ចង់រកស៊ី តែខ្វះដើមទុន ហើយថ្ងៃនេះ យើងនឹងធ្វើការបង្ហាញគំនិតខ្លះៗនៅមុខរបរចល័តមួយចំនួន ដែលគេយក ឡានមកជំនួសក្នុងការរកស៊ី ដែលនៅខ្មែរមានមិនសូវច្រើនឡើយ ហើយខាងក្រោមនេះ ជាមុខរបរ ចល័តមួយចំនួនដែលទាំងអស់គ្នាអាចសិក្សាស្វ័ងយល់បន្ថែម ៖
១. រថយន្តដឹកអាហារតាមផ្លូវ៖ អាជីវកម្មអាហារតាមចិញ្ចើមផ្លូវជាធម្មតា ត្រូវបានគេជ្រើសរើសយក មុខម្ហូបណាដែលធ្វើលឿន ហើយអាចបរិភោគបានភ្លាមៗ ស្របគ្នានេះដែរ មុខម្ហូបល្បីៗមួយចំនួន ដែលអ្នកអាចសាកល្បងបានដូចជា បាយឆា មីឆា គុយទាវ ប្រហិត ផាត់ឡូវ សាច់អាំង និងអាហារ ណាដែលអ្នកគិតថា ងាយស្រួល។
២. រថយន្តលក់អាហារសមុទ្រ៖ ប្រភេទរថយន្តដឹកអាហារទាំងនេះមានការ ពេញនិយម នៅក្នុងតំបន់ឆ្នេរសមុទ្រខ្លាំងមែនទែន ព្រោះថា មនុស្សម្នារចូលចិត្តទិញ យកទៅអង្គុយ ហូបលើឆ្នេរមើលទឹកសមុទ្រ។ ស្របគ្នានេះដែរ អ្នកក៏អាច លក់អ្វីៗស្ទើរតែទាំងអស់ ដូចជាមឹកអាំងដោតចង្កាក់ ក្តាម បង្គា និងបបែល និងគ្រឿងសមុទ្រផ្សេងៗទៀត ដែលពេលខ្លះវាអាចរកចំណូលបានច្រើនជាងភោជនីយដ្ឋានទៀតក៏ថាបានផងដែរ ព្រោះភ្ញៀវទេសចរណ៍មិនសូវចូលចិត្តនៅក្នុងហាងទេ អំឡុងពេលកំសាន្ត គេចូលចិត្ត ស្និតស្នាលជាមួយធម្មជាតិច្រើនជាង។
៣. រថយន្តលក់ប៊ឺហ្គឺ និងមាន់បំពង៖ ពិតមែនទៅអាហារប្រភេទនេះសុទ្ធតែជាប្រភេទអាហារសម្រន់ដែលងាយស្រួលក្នុងការដាក់តាមខ្លួនមែនទែន ហើយវាក៏ជាប្រភេទអាហារដែលពេញនិយមផងដែរផងដែរ តែអ្នកក៏ត្រូវជ្រើសទីតាំង ណាដែរ ត្រូវដូចគ្នា ដូចជាតាមសាលារៀន កន្លែងដែលអ្នកធ្វើការ ឬទីតាំងណាដែលសម្បូរមនុស្សរវល់ច្រើន ព្រោះវាជាអាហារដែលលឿន អាចជំនួសបាយបាន មិនពិបាកក្នុងការទៅធ្វើម្ហូបខ្លួនឯង។
៤. រថយន្តលក់កាហ្វេចល័ត៖ ជាការពិតណាស់ ជាទូទៅមនុស្សភាគច្រើន គេទៅហាងកាហ្វេ សម្រាប់ អ្នកចំណាយពេលយូរ ដូចជាការជួបជុំគ្នាធ្វើការងារសាលា កិច្ចពិភាក្សា ធ្វើការ និងដើម្បីអង្គុយលំហែ។ យ៉ាងណាមិញ ប្រសិនបើអ្នកបើហាងកាហ្វេសម្រាប់អ្នកមិនចង់ចំណាយពេលយូនៅក្នុងហាង ដោយគ្រាន់តែទៅទិញការហ្វេហើយមកវិញ នោះគេនឹងជ្រើសរើសហាងរបស់អ្នក តែអ្នកត្រូវប្រាកដថា ទោះបីអ្នកលក់លើរថយន្តពិតមែនតែភេជ្ជៈរបស់អ្នកមានរសជាតិមិនអន់ទេ។
៥. ហាងនំប៉័ង៖ ការបើកដំណើរការហាងនំប៉័ងគឺជាការចាប់ផ្តើមអាជីវកម្មដែលជោគជ័យ និងរកប្រាក់ ចំណេញច្រើនបំផុតដែលមានសព្វថ្ងៃនេះ ហើយវាកាន់តែល្អថែមទៀតបើអ្នកធ្វើបានដោយខ្លួនឯង ប៉ុន្តែអ្នកក៏ត្រូវមានសិល្បះធ្វើនំឱ្យកាន់តែមានភាពទាក់ទាញ ហើយត្រូវដាក់តាំង ធ្វើយ៉ាងណាអាច ឱ្យអថិជនរបស់ងាយស្រួលក្នុងការមើលឃើញ។
គួរជម្រាបផងដែរថា ការលក់អាហារលើរថយន្តដឹកទំនិញនេះ ទទួលសារៈប្រយោជន៍ច្រើនមែនទែន ដែលអ្នកទទួលបាន តម្លៃចាប់ផ្តើមអាជីវកម្មទាប ងាយស្រួលជ្រើសរើសទីតាំងចំព្រឹត្តិការណ៍ ឫពេញ និយម ហើយផ្សាយពាណិជ្ជកម្មដោយឥតគិតថ្លៃថែមទៀត ដោយការបើកបរ និងចត រថយន្ត របស់អ្នកនៅជុំវិញទីក្រុង។
អត្ថបទដោយ៖ នៅ ថាត់សណា