ជាធម្មតាម៉ាតធ្លាប់តែមានទីតាំងច្បាស់លាស់ ប៉ុន្តែបើក្រឡេកមកមើលយីហោម៉ាត ដែលបង្កើតឡើងដោយគំនិតកូនខ្មែរមួយរូបគឺ លោកស្រី ម៉ក់ សុថាវី បានបង្កើតម៉ាតចល័តលក់បន្លែឈុតធម្មជាតិ ដែលគ្រប់មុខទំនិញទាំងអស់គ្មានការនាំចូលតែបញ្ជាទិញពីសហគមន៍ក្នុងស្រុកផ្ទាល់ ដោយមានការឆ្លងកាត់ ប្រព័ន្ធលាងសម្អាតបានយ៉ាងល្អ និងមានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងពាក់ព័ន្ធថែមទៀត។
តាមរយៈបទសម្ភាសន៍ជាមួយក្រុមការងារ Business Cambodia លោកស្រី ម៉ក់ សុថាវី បានប្រាប់ឱ្យដឹងថា បច្ចុប្បន្ន លោកស្រីគឺជាស្ថាបនិកយីហោម៉ាតមួយដែលមានឈ្មោះថា MX Foodmart ជាម៉ាតដែលផ្តោតទៅលើ ការលក់បន្លែធម្មជាតិក្នុងស្រុក ដោយរៀបជាកញ្ចប់ដើម្បីសម្រួលទៅដល់អ្នកទទួលទាន កាន់តែមានភាពងាយស្រួល សំខាន់ម៉ាតមួយនេះនឹងទៅដល់មុខផ្ទះបងប្អូនទាំងអស់គ្នា មិនហត់ធ្វើដំណើរទិញច្រើនដងឡើយ ។
តើ MX Foodmart លក្ខណៈពិសេសៗអ្វីខ្លះទើបហ៊ានចូលខ្លួនប្រយុទ្ធនៅក្នុងទីផ្សារ ខណៈដែរម៉ាតនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នកំពុងរីកដូចផ្សិត៖
១. អាហារឈុត៖ សហគ្រិនវ័យប្រមាណជាង៣០ឆ្នាំរូបនេះបានឱ្យដឹងថា អាហារឈុតគឺជាការខ្ចប់ស្រាប់នៅម្ហូបមួយមុខៗ បើសិនបងប្អូនចង់ទិញពិសារសម្លម្ជូរ គ្រាន់តែទិញមួយកញ្ចប់ នោះនឹងទទួលបានគ្រឿងផ្សំគ្រប់តែម្តង មានដូចជា បន្លែ ត្រី សាច់ និងគ្រឿងសព្វគ្រប់តែម្តង ដោយបងប្អូនគ្រាន់តែដាំទឹកហើយបង់ញ៉ាំតែប៉ុណ្ណោះ ដែលវាមានភាពងាយស្រួលមែនទែនចំពោះមេផ្ទះគ្រប់រូប ចំណេញទាំងពេលវេលានិងកម្លាំង។
ត្រង់ចំណុននេះលោកស្រីបានលើកឧទាហរណ៍ថា ប្រសិនបើមិនមានឈុតម្ហូបស្រាប់នេះទេ បើបងប្អូនចង់ពិសារសម្លកកូ ដូច្នេះបងប្អូនត្រូវទៅរកទិញ បន្លែ សាច់ ហើយគ្រឿងជាច្រើន នៅពេលដែលទិញបាន គ្រឿងផ្សំទាំងអស់នោះហើយគាត់ត្រូវចំណាយពេលដើម្បីចិតបន្លែ ធ្វើត្រី ហាន់សាច់ បុកគ្រឿង វាចំណាយពេលយូរ និងចាយកម្លាំងថែមទៀត។ តែប្រសិន បើបងប្អូនទិញជាឈុតវិញ គឺយើងនឹងដឹងពីការចំណាយនៅពេលដែលទិញម្តងៗ ព្រោះមានតម្លៃបិទនៅលើនោះស្រាប់ ។
២. កង់បីអាចចល័តបាន៖ អ្វីកាន់តែពិសេសទៀតហើយ លោកស្រីបានកែច្នៃកង់បី ដោយភ្ជាប់ជាមួយម៉ាស៊ីនត្រជាក់ កន្លែងដាក់ទំនិញធំទូលាយ ដែលអាចរក្សាគុណភាពបន្លែ ត្រីសាច់បានល្អ អាចលក់បានគ្រប់ទីកន្លែង មានន័យថាបងប្អូនអាចរកទិញបាននៅតាមទីតាំងដែលជិតខ្លួនថែមទៀត ។ នេះជាគំនិតថ្មីមួយនៅក្នុងការរកស៊ីម៉ាត ពោលគឺមានតែផលិតផលនិងសេវាកម្មល្អមិនទាន់គ្រប់គ្រាន់នោះទេ តែគំនិតកែច្នៃគឺខ្វះមិនបានឡើយក្នុងការរកស៊ី ព្រោះប្រសិន បើយើងគ្មានអ្វីដែលថ្មីសម្រាប់ទាក់ ចិត្តភ្ញៀវនោះទេភ្ញៀវអាចនឹងរត់ចោលយើងជាពុំខាន ។
គួរជម្រាបផងដែរថា MX Foodmart គឺជាយីហោម៉ាតនៅក្នុងស្រុកមួយ ដែលកំពុងតែជួយកសិករ រាប់សិបអ្នកដែលកំពុងតែដាំដុះនៅបន្លែផ្លែឈើ ត្រី សាច់ ខាងម៉ាតជួយបញ្ជាទិញពីសហគមន៍នៅក្នុងស្រុក គ្មាននាំចូលពីក្រៅប្រទេសឡើយ ។ បច្ចុប្បន្នយីហោម៉ាតមួយនេះមិនត្រឹមជួយដល់កសិករ ផលិតផលក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងជួយដល់បងប្អូនដែលចង់ប្រកបរបររកប្រាក់ចំណូលដោយមិនចាំបាច់ប្រើទុន ដោយក្រុមហ៊ុនមានរើសតំណាងចែកចាយន្តដើម្បីពង្រីក ទីផ្សារមួយនេះអោយកាន់តែធំពេញទូទាំងប្រទេស ។ សម្រាប់ព័ត៌បន្ថែមអាចទំនាក់ទំនងទៅកាន់ផេក MX Foodmart ឬតាមរយៈទូរស័ព្ទលេខ ០១២ ៨០៦ ៥៨០ /០១៦ ៨០៦ ៥៨០ ។
សូមបញ្ជាក់ លោកស្រី ម៉ក់ សុថាវី នឹងចូលរួមក្នុងកម្មវិធីពិព័រណ៌មុខរបរដែលរៀបចំដោយក្រុមការងារ Business Cambodia នៅថ្ងៃទី២៩ តុលា ឆ្នាំ២០២២ខាងមុខនេះ ។ ដូច្នេះសម្រាប់លោកអ្នកដែលមានបំណងចង់ចូលរួម សូមទំនាក់ទំនងចុះឈ្មោះតាមរយៈលេខ៖ 081 688 228 (ចំនួនមានកំណត់) ៕
អត្ថបទដោយ : សណា