អត្ថបទ >
កំពូលអ្នកលក់
ធ្លាប់តែធ្វើសំណង់ Iran ដុតក្តីស្រមៃឱ្យឆេះដូចភ្លើង ខំទាត់បាល់បង្ហោះ TikTok ល្បីទូទាំងពិភពលោក

នៅ ហៀង

July 7 2022

292

ពាក្យចាស់ពោលថា ការព្យាយាមគង់បានសម្រេច ការតស៊ូគង់តែបានជោគជ័យ។ ជាក់ស្តែង Iran Ferreira ធ្លាប់ជាកម្មករសំណង់ ត្រូវគេមើលងាយឆ្អែតឆ្អន់ តែមិនបោះបង់ក្តីស្រមៃ ខិតខំព្យាយាមរៀនទាត់បាល់យ៉ាងល្អ ហើយបង្ហោះតាម YouTube និង TikTok រហូតផ្ទុះការគាំទ្រខ្លាំងនៅក្នុងប្រទេសប្រេស៊ីល និងទូទាំងពិភពលោក ដែលអាចផ្លាស់ប្តូរជោគវាសនា និងសម្រេចក្តីស្រមៃរបស់ខ្លួនបាន។

យុវជនក្រទ្រព្យ តែមិនក្រការខំប្រឹង Iran បច្ចុប្បន្នមានវ័យ២១ឆ្នាំ និងត្រូវបានគេប៉ាន់សា្មនថា មានប្រាក់សរុបប្រមាណជា ២០ម៉ឺនដុល្លារ។ គាត់គឺជាយុវជនជនជាតិប្រេស៊ីលម្នាក់ ដែលស្រលាញ់ការទាត់បាល់ជាខ្លាំង និងតែងមានក្តីស្រមៃចង់លេងបាល់ឱ្យក្រុមជម្រើសជាតិរបស់ប្រទេសខ្លួន និងចង់ជួបជាមួយនឹង Idol របស់គាត់ គឺកីឡាករ Neymar ដែលសព្វថ្ងៃកំពុងលេងឱ្យក្លឹប PSG របស់ប្រទេសបារាំង។

Iran ចាប់ផ្តើមថតវីដេអូបង្ហោះនៅលើ TikTok ជាលើកដំបូង នៅក្នុងខែមីនា ឆ្នាំ២០២១ ហើយគិតមកត្រឹមខែកក្កដា ឆ្នាំ២០២២នេះ គណនីរបស់គាត់មានអ្នកតាមដានប្រមាណជាង ១៧.៩លាននាក់ និងមានឱ្យចុចឡែកសរុបប្រមាណជា ២៦៦.៣លាននាក់ឯណ្ណោះ។ ជាមួយគ្នានេះ Iran ក៏បានបង្កើតឆាណែលយូធូប និង Instagram ផងដែរ ដោយយូធូបមានអ្នក Subscribers ជាង១លាននាក់ រីឯ IG ដែលគាត់បានដាក់ឈ្មោះហៅក្រៅថា luvadepedreiro មានអ្នកតាមដានប្រមាណ ១៦.៦លាននាក់។

ជាមួយនឹងភាពល្បីល្បាញលើបណ្តាញសង្គមបែបនេះ Iran ត្រូវបានក្លឹបបាល់ទាល់ដ៏ចាស់វស្សាមួយ នៅក្នុងប្រទេសប្រេស៊ីលឈ្មោះ Vasco da Gama ដែលជាក្លឹប Iran តែងតែស្រលាញ់គាំទ្រតាំងតែពីក្មេង អញ្ជើញឱ្យចូលទស្សនានិងសម្រាកលេងនៅក្លឹបអស់រយៈពេល៣ថ្ងៃ។ នៅក្នុងក្លឹបនោះ យុវជន Iran បានជួបនឹងកីឡាករជាច្រើនដែលសុទ្ធសឹងតែជាកីឡាករដែលនៅក្នុងបេះដូងរបស់គាត់។

បន្ទាប់ពីបានទៅទស្សនក្លឹបនៅក្នុងចិត្តហើយនោះ យុវជនឈាមក្តៅ ចង់សម្រេចគោលដៅរូបនេះ ក៏មានឱកាសបានជាមួយនឹង Idol របស់គាត់ គឺកីឡាករ Neymar នៅក្នុងកម្មវិធីធំមួយ ដែលក្រុមហ៊ុនផ្សព្វផ្សាយ Globo អញ្ជើញគាត់ឱ្យថតផ្សាយពាណិជ្ជកម្ម។ ​នៅក្នុងជំនួបជាមួយ Neymar នោះ Iran បានថតរូបជាមួយនឹង Idol របស់ខ្លួន ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ Neymar ក៏បានបង្ហោះរូបភាពជាមួយ Iran នៅលើ IG និង​​បាន​សម្តែង​ការ​សប្បាយ​ចិត្ត​ដែល​បាន​ជួប​កីឡាករ​វ័យ​ក្មេង​ដែល​មាន​ទេព​កោសល្យ​រូប​នេះ។ ការនេះ បានធ្វើឱ្យក្តីស្រមៃរបស់ Iran ចង់ជួប Idol របស់ខ្លួន ក្លាយជាការពិត។

គួរជម្រាបថា បច្ចុប្បន្ននេះ Iran អាចរកចំណូលយ៉ាងច្រើនពីការផ្សព្វផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុនដែលរកស៊ីទាក់ទងនឹងវិស័យកីឡា។ ហើយគាត់ក៏មានចំណូលមួយផ្នែកពី Youtube របស់គាត់ផងដែរ។ Iran ត្រូវបានគេហៅថា ស្រោមដៃកម្មករ ព្រោះពីមុនឡើយ គាត់គ្មានសមត្ថភាព ទិញស្រោមដៃល្អៗដើម្បីលេងបាល់នោះទេ ដូច្នេះហើយគាត់បានសម្រេចចិត្តប្រើស្រោមដៃកម្មករជំនួសវិញ។ ហើយគាត់មានផ្នត់គំនិតធំមួយកាលគ្រាចាប់ផ្តើមដំបូងៗនោះគឺ គាត់មិនខ្វល់ពីការសើចចំអករបស់នុស្សជុំវិញខ្លួនឡើយ គាត់គិតតែពីក្តីស្រមៃរបស់ខ្លួន និងបិទត្រចៀកមិនស្តាប់គេ ហើយជើងទាត់ប្រឹងទាល់បាល់ ៕

អត្ថបទដោយ៖​ នៅ ថាត់សណា

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth