អត្ថបទ >
កំពូលអ្នកលក់
ទៅលេងកែប កុំឱ្យខកចិត្ត! នេះជាក្បួន៣ ជួយអ្នកទិញគ្រឿងសមុទ្របានស្រស់ និងតម្លៃសមរម្យ

Meng Songly

July 4 2022

253

ខេត្តកែប គឺជាតំបន់ទេសចរដ៏ពេញនិយមមួយនៅក្នុងប្រទេសកម្ពុជា។ ភ្ញៀវទេសចរភាគច្រើន ចូលចិត្តទៅលេងខេត្តនេះ ដោយសារតែវាមានឆ្នេរសម្រាប់លេងកម្សាន្ត មានកោះតូចធំ ដែលអាចស្រូបយកខ្យល់អាកាសបរិសុទ្ធ ស្ទូតត្រី និងអាចញ៊ាំគ្រឿងសមុទ្រស្រស់ៗ ដែលលើកចេញពីទូកថ្មីៗតែម្តង។ ប៉ុន្តែយ៉ាងណា ភ្ញៀវទេសចរមួយចំនួនក៏ជួបនឹងរឿងខកចិត្តផងដែរ ដោយសារតែពួកគាត់ទិញគ្រឿងសមុទ្រមិនសូវបានល្អហើយមានតម្លៃថ្លៃថែមទៀត។ ដូច្នេះហើយ ដើម្បីជៀសវាងពីការខកចិត្តនេះ លោកអ្នកអាចសាកអនុវត្តន៍តាម៣វិធីខាងក្រោម៖ 

បើតាមបទសម្ភាសន៍ជាមួយនឹងបុគ្គលិកធ្វើការនៅកន្លែងសម្រាកលំហែកាយឈ្មោះ លេជេន កែប រីហ្សត-Legend Kep Resort កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ដើម្បីអាចទិញគ្រឿងសមុទ្របានល្អ "ជាទូទៅគេតែងជ្រើសរើសពេលវេលានៅក្នុងការទិញ និងទៅទិញនៅកន្លែងទូកអ្នកនេសាទដោយផ្ទាល់ ឬមានវិធីមួយទៀតគឺ ឱ្យខាងសណ្ឋាគារដែលខ្លួនបានស្គាល់ជួយទិញឱ្យតែម្តង" ។ 

បើតាមបុគ្គលិករីសត លេជេន ខាងលើនេះ បានបង្ហើបឱ្យដឹងថា ការជ្រើសពេលវេលាទិញ ក៏អាចជួយឱ្យយើងទិញគ្រឿងសមុទ្របានល្អផងដែរ ហើយពេលវេលាដែលគួរទៅទិញនោះគឺនៅពេលព្រឹកព្រលឹមតែម្តង។ ពីព្រោះនៅពេលនេះ មិនទាន់មានអ្នកទិញ ឬអ្នកជ្រេច្រើនដូច្នេះហើយ វាជាឱកាសល្អមួយសម្រាប់បងប្អូន ទទួលបានគ្រឿងសមុទ្រល្អ ប៉ុន្តែបើអ្នកចាំដល់ពេលថ្ងៃនោះរបស់ល្អវាមានតិច។ 

ដោយឡែកសម្រាប់ការទៅទិញគ្រឿងសមុទ្រនៅកន្លែងទូកអ្នកនេសាទដោយផ្ទាល់ បុគ្គលិកសណ្ឋាគារវ័យខ្ទង់៤០ឆ្នាំរូបនេះ បានឱ្យដឹងថា ការទិញតាមទូកភាគច្រើនទុកចិត្តបាន ព្រោះថាគ្រឿងសមុទ្រភាគច្រើនសុទ្ធតែបានពីការចុះនេសាទដោយផ្ទាល់ តែក៏មានជនខិលខូចខ្លះលក់លើទូកពិតមែន តែសុទ្ធតែជារបស់ចិញ្ចឹម​ ដូច្នោះអ្នកត្រូវចេះពីរបៀបមើល បើមិនដូច្នោះទេ បងប្អូនអាចសាកសួរនណាម្នាក់ដែលគេចេះមើល ហើយទុកចិត្តបាន។ ការសួរអាចសួរក្មេងៗ ដែលរើសក្តាម ក៏ជាវិធីល្អដែរ។ ចំពោះកន្លែងទូកនេសាទ គឺនៅជិតផ្សាររាត្រីកែបតែម្តង។ 

​វិធីងាយស្រួលចុងក្រោយ គឺលោកអ្នកអាចឱ្យខាងសណ្ឋាគារដែលលោកអ្នកបានគេងនោះ ជួយទិញឱ្យតែម្តង ពីព្រោះតាមសណ្ឋាគារ ឬរីសតផ្សេងៗ​ គេតែងតែមានម៉ូយសម្រាប់ដាក់ទំនិញឱ្យគេ ជាពិសេសនោះគឺគ្រឿងសមុទ្រនេះឯង។ ការពឹងខាងសណ្ឋាគារជួយទិញ តម្លៃអាចទាបជាងយើងទៅទិញផ្ទាល់ ហើយឱកាសបានគ្រឿងសមុទ្រល្អគឺស្ទើរតែ១០០ភាគរយ។ ជាក់ស្តែង នៅលេជេន រីសត លោកអ្នកអាចពឹងសន្តិសុខ ឬបុគ្គលិកនៅទីនោះ គេនឹងជួយទិញឱ្យអ្នក ហើយនៅពេលអ្នកទៅដល់ មានគ្រឿងសមុទ្រញ៊ាំតែម្តង ៕ 

អត្ថបទដោយ៖ នៅ ថាត់សណា

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth