ពីមុនការនាំចូលទឹកឃ្មុំមានច្រើនខ្លាំងមែនទែននៅក្នុងទីផ្សារស្រុកខ្មែរ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ការផលិតទឹកឃ្មុំនៅក្នុងស្រុកមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ដែលក្នុងនោះមានបងប្អូនជាច្រើនបានចាប់យកមុខរបរចិញ្ចឹមឃ្មុំយកទឹក កែច្នៃដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារ ។ ការចែកចាយទៅកាន់ទីផ្សារ តាមពិតទៅមិនមែនចេះតែលក់ដាច់ទាំងអស់នោះទេ ផ្ទុយទៅវិញគឺមានក្បួនមួយចំនួនដែលធ្វើឱ្យទឹកឃ្មុំមានការគាំទ្រច្រើនទាំងផ្សារម៉ាតតូចធំ ។
ដូចដែរ លោក ស៊ន ឌីប៉ង់ ដែលជាសហស្ថាបនិក និងនាយកគ្រប់គ្រងរបស់ក្រុមហ៊ុន SCW3ps Co.,LTD ដែលទទួលបានសិទ្ធិក្នុងការចែកចាយ យីហោម៉ាក ទឹកឃ្មុំសង្គ្រោះសត្វព្រៃ (Honey Save Wildlife ) តួយ៉ាងនៅក្នុងកិច្ចសម្ភាសន៍ជាមួយ នឹងក្រុមការងាររបស់ Business Cambodia លោកបានប្រាប់ឱ្យដឹងថា បច្ចុប្បន្នយីហោទឹកឃ្មុំសង្គ្រោះសត្វព្រៃ បានចែក ចាយទៅកាន់ទីផ្សារធំតូចប្រមាណជាង ៨០០ កន្លែងហើយ ខណៈមួយខែអាចផលិតបានជាង៣ពាន់លីត្រ ។
ជាមួយគ្នានេះផងដែរ លោកបានបង្ហាញនៅក្បួនមួយចំនួន ដែលធ្វើឱ្យទឹកឃ្មុំរបស់លោក កំពុងតែពេញនិយម និងគាំទ្រច្រើននៅលើទីផ្សារ ដែលក្បួនទាំងនោះរួមមានដូចខាងក្រោមនេះ ៖
១ រឿងគុណភាព ៖ មានផលិតផលច្រើននៅក្នុងដៃ មិនមែនជារឿងសំខាន់ទេសម្រាប់អ្នកលក់ តែអ្វីដែលសំខាន់នោះគឺផលិតផលដែលមានគុណភាព ផលិតផលគឺបញ្ជាក់ពីភាពស្មោះត្រង់របស់អ្នកលក់ ឬអ្នកផលិតបាន គុណភាពគឺធ្វើឱ្យមនុស្សទុកចិត្ត គេមានជំនឿចិត្តហើយមិនខ្លាចចាយលុយឡើយ ។
២ លទ្ធភាពក្នុងការផ្គត់ផ្គង់៖ ជាទូទៅនៅតាមផ្សារម៉ាតតូចធំភាគច្រើន នៅពេលដែលអ្នកទាំងអស់គ្នាស្នើ ចង់ទៅលក់ផលិតផលនៅក្នុងនោះ គេមានលក្ខណៈតម្រូវជាច្រើន ដែលក្នុងនោះគឺយើងមានលទ្ធភាពក្នុងការផ្គត់ផ្គង់តាមដែលគេត្រូវការរឺទេ មានន័យថាតើយើងអាចផ្គត់ផ្គង់បានកម្រិតណា ព្រោះពេលខ្លះនៅពេលដែលយើងមិនអាចផ្គត់ផ្គង់បានទេ ខាង ទីផ្សារក៏មិនអាចទទួលយកផលិតផលយើងឡើយ ។
៣ ផ្លូវច្បាប់ ៖ រកស៊ីសម័យកាលទំនើបនេះ គឺត្រូវតែមានច្បាប់ មានន័យថាផលិតផលរបស់យើងគឺមានការចុះបញ្ជីដោយស្របច្បាប់ ក្រសួងដែលពាក់ព័ន្ធមានការទទួលស្គាល់ពីស្តង់ដារអនាម័យនៃការផលិត ពោលគឺធានាសុវត្តិភាពសម្រាប់អ្នកទទួលទានទាំងអស់ ។
៤ តម្លៃ ៖ និយាយពីផលិតផល គឺគេសំដៅទៅលើតម្លៃមុនគេ ដែលគ្រប់គ្នាតែងតែសួរថា ផលិតផលនេះតម្លៃប៉ុន្មាន? យ៉ាងណាមិញតម្លៃរបស់ផលិតផលគឺជារឿងសំខាន់ណាស់ លក់ថ្លៃពេកគេមិនហ៊ានទិញ លក់ថោកពេកគេមិនទុកចិត្ត ដូច្នេះរឿងតម្លៃត្រូវតែសមស្របជាមួយផលិតផល ។ ជួនកាលយើងឃើញផលិតផលមួយដែលមើលនឹងភ្នែកទៅ គ្មានអ្វីដែលថ្លៃសោះ តែពេលដែលសួរតម្លៃគឺថ្លៃកប់ពពក ប៉ុន្តែពេលខ្លះយើងបានមិនដឹងថាផលិតផលនោះមានគុណតម្លៃអ្វីឡើយ នេះក៏ដោយសារតែការស្មានមួយភ្លេតរបស់យើងទៅលើផលិតផលនោះ ។
គួរបញ្ជាក់ផងដែរថា ខាងលើនេះគឺជាចំណុចខ្លះៗសម្រាប់បងប្អូនដែលជាអ្នករកស៊ីលក់ដូរផលិតផលទាំងឡើយ គួរតែគិតគូឡើងវិញ ហើយវាជាមេរៀនបន្ថែមសម្រាប់អ្នកទាំងអស់គ្នា នៅក្នុងអាជីវកម្មលក់ដូរ ក្នុងគោលបំណងគឺដើម្បីមានការរីកច្រើនទាំងអស់គ្នា ។
អត្ថបទដោយ : នៅ ហៀង : Tell 010 78 51 34