នាពេលប៉ុន្មានឆ្នាំកន្លងមកនេះ មានយីហោម៉ាតល្បីៗមួយចំនួនឈានជើងចូលមកកម្ពុជា ដូចជា 7 Eleven ជាដើម ដែលជាម៉ាតលក់រាយលំដាប់ពិភពលោករបស់អាមេរិកមានសាខាជាង៧ម៉ឺនកន្លែងនៅ លើពិភពលោក ក៏បានចូលមករកស៊ីនៅកម្ពុជាហើយ តួយ៉ាងយីហោម៉ាតលក់រាយមួយទៀត កំពុង តែមានប្រជាប្រិយភាព គឺ Fandbee បានបើកសម្ភោធផ្សាររបស់ខ្លួនជាផ្លូវការហើយ ដោយទីតាំងដំបូងរបស់ផ្សារលក់រាយល្បីរបស់ម៉ាឡេស៊ីនេះនៅក្នុងទីក្រុងភ្នំពេញ ។
ដូចគ្នានេះដែរ ទោះបីជាស្ថិតនៅក្នុងអំឡុងពេលនៃជំងឺរាតត្បាត Covid19 កាលពីកន្លងទៅក្តី Fandbee កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងវិស័យហាងលក់រាយ ដោយបានកើនឡើងសាខាពី ២-៣ សាខាដល់ ២០ សាខាក្នុងរយៈពេលមួយឆ្នាំនៅក្នុងប្រទេសម៉ាឡេស៊ី ហើយពេលនេះសាខានៅកម្ពុជាក៏បានបើកដំណើរការដែរ ។
គួរបញ្ជាក់ថា ផ្សារហ្វេនប៊ី (Fanbee )ត្រូវបានបង្កើតឡើងដោយ ក្រុមហ៊ុន Lee's Food Service ដែលជាក្រុមហ៊ុនដ៏មានសក្តានុពលមួយក្នុងឧស្សាហកម្មម្ហូបអាហារអស់ជាច្រើនទសវត្សរ៍មកហើយ និងជាអ្នកនាំចូលឈានមុខគេក្នុងឧស្សាហកម្មចែកចាយអាហារចាប់តាំងពីឆ្នាំ ១៩៦២ ។
គួរបញ្ជាក់ថាបច្ចុប្បន្ននេះយីហោផ្សារម៉ាតនៅកម្ពុជាកំពុងតែរីកដូចផ្សិត ហើយវាក៏ជាសញ្ញាល្អមួយដែរ ប្រសិនបើយីហោម៉ាតទាំងនោះជួយគាំទ្រផលិតផលនៅក្នុងស្រុក មានន័យថាជួយទិញផលិតផលដែល កសិករនៅក្នុងស្រុកផលិតបាន ជួយរកទីផ្សារនិងជួយលក់ ថែមទាំងអាចបង្កើតឱកាសការងារជាច្រើន កន្លែងផងដែរ ។