ប្រាក់រៀល ត្រូវបាន ទីផ្សារអន្តរធនាគារចិន ដាក់ផ្សាយអត្រាប្តូរប្រាក់ទ្វេភាគីជាមួយប្រាក់យ៉ន់ចិនដើម្បីដោះដូរ

0
29

ប្រាក់រៀលរបស់ខ្មែរ ត្រូវបានទីផ្សារអន្តរធនាគារ របស់ចិន  ដាក់ផ្សាយអត្រាប្តូរប្រាក់ទ្វេភាគីជាមួយប្រាក់យ៉ន់ចិន សម្រាប់ធ្វើការដោះដូរដោយផ្ទាល់រវាងប្រាក់រៀលជាមួយនឹងប្រាក់យ៉ន់ចិននៅលើទីផ្សារនេះ។

ទីផ្សារអន្តរធនាគារនៅតំបន់ស្វយ័ត Guangxi Zhuang ប្រទេសចិន បានដាក់ផ្សាយអត្រាប្តូរប្រាក់ទ្វេភាគីជាមួយប្រាក់យ៉ន់ចិន​ ក្នុងបំណង ដើម្បីបង្កើនទំនាក់ទំនងទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ រវាងកម្ពុជានិងចិន និងជំនឿទុកចិត្តមកលើប្រាក់រៀលក៏ដូចជាសេដ្ឋកិច្ចកម្ពុជា ហើយក៏ឆ្លុះបញ្ចាំងផងដែរពីកាឆ្លើយតបនឹងសេចក្តីត្រូវការប្រាក់រៀលរបស់ពាណិជ្ជករចិន ដែលអាចនឹងកើនឡើងសម្រាប់ការដោះដូរទ្វេភាគី នាពេលអនាគត។

នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការដោះដូររវាងប្រាក់រៀលនិងប្រាក់យ៉ន់នេះ ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា​ បានមានប្រសាសន៍ថា បច្ចុប្បន្នប្រទេសចិនជាប្រភពនៃលំហូរវិនិយោគបរទេសចំណាត់ថ្នាក់ទី១របស់កម្ពុជា ហើយទេសចរចិនក៏ជាប់លេខរៀងទី១ ក្នុងចំណោមទេសចរបរទេសមកទស្សនាកម្ពុជាផងដែរ ស្របពេលដែលពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាងពីរដងក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។

ឯកឧត្តម ក៏បានបញ្ជាក់ពីការគាំទ្ររបស់ធនាគារជាតិនៃកម្ពុជា ចំពោះការបង្កើតឱ្យមានអត្រាប្តូរប្រាក់ទ្វេភាគី (រៀលនិងយ៉ន់) នេះឡើង រំពឹងថា តាមរយៈការប្រើប្រាស់រូបិយវត្ថុជាតិក្នុងសកម្មភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្មនឹងជួយកាត់បន្ថយហានិភ័យអត្រាប្តូរប្រាក់ លើកកម្ពស់ប្រសិទ្ធភាព សុវត្ថិភាព និងភាពឆាប់រហ័សក្នុងការទូទាត់ ព្រមទាំងបង្កើនលទ្ធភាពឱ្យធនាគារកណ្តាលទាំងពីរចូលរួមកាន់តែសកម្មក្នុងការគាំទ្រការរីកចម្រើនទំនាក់ទំនងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលទាំងអស់នេះនឹងរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅក្នុងប្រទេសទាំងពីរបន្ថែមទៀត នាពេលអនាគត៕

អត្ថបទដោយ៖ ហុង

LEAVE A REPLY

Please enter your comment!
Please enter your name here