ម្ចាស់អាជីវកម្មថ្មីថ្មោង តើគួរសេងអាជីវកម្មពីគេ ឫ បើកហាងថ្មីដោយខ្លួនឯង?

0
34

ការចាប់ផ្តើមអាជីវកម្មថ្មី សម្រាប់អ្នកដែលចេញរកស៊ីថ្មីថ្មោង អាចប្រឈមនឹងហានិភ័យច្រើន ពិសេស គឺការចំណាយខ្ពស់ក្នុងការចាប់ផ្តើម និងធ្វើឲ្យអាជីវកម្មមួយមានដំណើរការឡើង លេចចេញជារូបរាងពិតប្រាកដ។

អ្នកដែលចាប់ផ្តើមរកស៊ីដោយគ្មានគោលដៅ គ្មានឆន្ទៈច្បាស់លាស់ និងចេញរកស៊ីដើម្បីតែប្រាក់ចំណូល ងាយណាស់ក្នុងការបោះបង់ការព្យាយាម តស៊ូនឹងឧបសគ្គ ដែលសំខាន់គឺនៅពេលដែលអាជីវកម្មនោះ ពុំបានផ្តល់ផលចំណេញភ្លាមៗដូចទៅនឹងការរំពឹងទុករបស់ពួកគេ។

សម្រាប់អ្នករកស៊ីខ្លះទៀត ដោយសារតែមានលុយច្រើនក្នុងដៃ តែមិនសូវមានគំនិតក្នុងការចាប់ផ្តើមរកស៊ី ពួកគាត់ច្រើនចេញរកស៊ីតាមគ្នា ឃើញគេរកស៊ីអ្វីបាន ពួកគាត់ក៏ចាប់ផ្តើមរកស៊ីបែបនោះដែរ ដែលបង្កហានិភ័យឲ្យខ្លួនឯងជាប់ជានិច្ច ពិសេសក្រោយពេលបរាជ័យ គំនិតក្នុងការសេងនូវអាជីវកម្មដើម្បីប្រមូលដើមទុន និងប្រាក់ខាតបង់មកវិញខ្លះ គឺជារឿងចៀសមិនផុត។

អ្នកដែលសេងអាជីវកម្ម ដើម្បីទទួលបានប្រាក់វិនិយោគមកវិញខ្លះ សុខចិត្តខាតបង់ខ្លះនៅគ្រាន់បើខ្លះដែរ ប៉ុន្តែសម្រាប់អ្នកសេងអាជីវកម្មមួយចំនួនតូចដែលមិនយល់ពីការរកស៊ី និងការខាតបង់ ពួកគាត់សេងអាជីវកម្ម ដើម្បីប្រាក់ចំណេញទៅវិញ ដែលនេះធ្វើឲ្យគាត់រឹតតែខាតបង់ ដោយសារតែការសេងអាជីវកម្មមិនបានសម្រេច អាជីវកម្មបន្តទៅមុខទាំងកំពុងខាតបង់ ហើយអ្នកខ្លះដែលជាប់បំណុលទៀតនោះ បំណុលក៏នឹងមានការកើនឡើងឥតសំរាកដូចគ្នាដែរ។

ឆ្លើយតបទៅនឹងសំណូរដែលចោទសួរខាងលើ តើគួរតែសេងអាជីវកម្មពីគេ ឫ គួរតែចាប់ផ្តើមអាជីវកម្មថ្មីដោយខ្លួនឯង Business Cambodia សូមធ្វើការណែនាំថាជាជម្រើសដូចខាងក្រោម៖

សេងអាជីវកម្មពីគេ

តាមការពិតការសេងអាជីវកម្មពីគេក៏មិនមែនជារឿងអាក្រក់ណាស់ណាដែរ ព្រោះវាបានចូលរួមចំណែកកាត់បន្ថយការចំណាយមួយភាគធំ សម្រាប់អ្នករកស៊ីថ្មីថ្មោង ដែលមិនសូវមានដើមទុនច្រើន។

ជាឧទាហរណ៍ ប្រសិនបើអ្នកទៅបើកហាងកាហ្វេស្តង់ដាពិសេសណាមួយ ប្រាក់ចំណាយដំបូងតែទៅលើឧបករណ៍ សម្ភារៈប្រើប្រាស់ និងការតុបតែងហាង អ្នកអាចនឹងចំណាយលើសពី១០ម៉ឺនដុល្លារបាត់ទៅហើយ ទាំងមិនទាន់រកឃើញប្រាក់ចំណូលនៅឡើយផង។ បន្ទាប់ពីនេះ អ្នកប្រហែលត្រូវដើររកមនុស្សដែលមានជំនាញ និងអ្នកដែលស្រឡាញ់ការងារនេះឲ្យមកធ្វើការងារយ៉ាងលំបាកថែមទៀតផង។

ប៉ុន្តែបើអ្នកសេងអាជីវកម្មពីអ្នកដទៃវិញ ហាងកាហ្វេដែលចំណាយជាង១០ម៉ឹនដុល្លារនេះ អាចសេងឲ្យអ្នកក្នុងតម្លៃតែ ៥ ឫ ៧ម៉ឺនដុល្លារប៉ុណ្ណោះ កាន់តែពិសេស វាត្រូវបានគេស្គាល់ខ្លះៗរួចបាត់ទៅហើយ ទាំងទីតាំង និងសេវាកម្ម។

អ្វីដែលអ្នកបារម្ភគឺយីហោនោះបានខូចឈ្មោះបាត់ទៅហើយ និងខ្លាចអាជីវកម្មដែលអ្នកសេងនោះមិនទទូលបានជោគជ័យ។ តាមពិត យីហោអាជីវកម្មនោះ អ្នកអាចធ្វើការកែប្រែ ឫ ផ្លាស់ប្តូរទៅតាមការចង់បានរបស់អ្នកបាន ហើយត្រូវចាំថា អាជីវកម្មគេបើកមិនជោគជ័យ គឺប្រាកដជាមានមូលហេតុពិសេសណាមួយហើយ អ្នកត្រូវរកមូលហេតុនោះឲ្យឃើញ ហើយធ្វើការកែប្រែ ទើបមានឱកាសទទួលបានជោគជ័យ។

ក្នុងការសេងអាជីវកម្ម អ្នកត្រូវស្វែងរកអាជីវកម្មណាដែលសមស្របតាមគំនិតអ្នក គោលដៅអ្នក និងជាទីតាំងអ្នកពិតជាត្រូវការ។ ឧទាហរណ៍ បើអ្នកស្រឡាញ់ហាងកាហ្វេ ចង់បើហាងការហ្វេ អ្នកគួរតែសេងអាជីវកម្មកាហ្វេ ទើបជាជម្រើសដ៏ល្អ។

បើកអាជីវកម្ម ឫ បើកហាងខ្លួនឯង

ការបើកអាជីវកម្ម ឫ ហាងថ្មីដោយខ្លួនឯង ក៏អាចជាជម្រើសដ៏ល្អមួយដែរ ព្រោះវាចាប់ផ្តើមឡើងដោយស្របតាមការចង់បានរបស់អ្នកតែម្តង ហើយអ្នកក៏អាចចាប់ផ្តើមវាពីតូចទៅធំថែមទៀតផង។ ការសេងអាជីវកម្មពីគេ បើអ្នកមិនសូវពូកែក្នុងសិក្សាឲ្យបានលម្អិតទេនោះ អ្នកអាចនឹងត្រូវទទួលរងគ្រោះរងកម្មជំនួសគេជាក់ជាមិនខាន។

អ្នកសេងអាជីវកម្មមួយចំនួន មិនសូវមានចិត្តស្មោះត្រង់ឡើយ ហើយចង់ឲ្យតែខ្លួនឯងរស់ សុខចិត្តខ្វះមនុស្សធម៌ ខ្វះចិត្តមេត្តា និងចិត្តសណ្តោសដល់អ្នករកស៊ីដូចគ្នា។ អ្នកសេង ចង់សេងឲ្យបានតម្លៃខ្ពស់ រីឯអ្នកទទួលសេង ចង់បានតម្លៃធូរថ្លៃ ច្រើនទាស់គ្នាឥតឈប់ ព្រោះតែមិនយល់ពីគ្នា។

ជារួម Business Cambodia មិនចង់ឃើញអ្នករកស៊ីនៅកម្ពុជា ខិតខំចេញរកស៊ីបើកហាងចំណាយលុយច្រើន តែរកស៊ីមិនទាន់បាន១ឆ្នាំ ឫ ៣ឆ្នាំស្រួលបួលផង មិនទាន់ទាំងទទួលបានប្រាក់ចំណេញផង ក៏ត្រូវបិទសេងអាជីវកម្មដោយការខាតបង់នោះទេ។ ដូចនេះមិនថាអ្នកចង់ចេញរកស៊ីថ្មីដោយឯង និងអ្នកដែលសេងអាជីវកម្មពីគេ ត្រូវគិតពិចារណាឲ្យបានល្អិតល្អន់ជាមុខ ចៀសវាងទទួលការខាតបង់ខ្ពស់៕

 

អត្ថបទដោយ៖ Jimmy

[email protected]

 

LEAVE A REPLY

Please enter your comment!
Please enter your name here