នេះជាស្ពានបត់ជា២នៅក្នុងក្រុងឡុងដ៍ ដែលមានអាយុជាង១០០ឆ្នាំ ហើយ ដោយស្ពាននេះត្រូវបានសាងសង់ឡើងក្នុងចន្លោះឆ្នាំ ១៨៨៦ និង ១៨៩៤ ដែលមានរយៈពេលមួយសតវត្ស។ ស្ពាននេះត្រូវបានគេដាក់ឈ្មោះថា Tower Bridge ហើយវាបានក្លាយជាកន្លែងសម្គាល់ និងជានិមិត្តរូបនៃទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។
យោងតាមគេហទំព័រ Tower Bridge ស្ពានទំនើបនេះបានរចនាឡើងដោយស្ថាបត្យករដ៏ល្បីល្បាញ Horace Johnson ។ ស្ពាននេះមានប្រវែង ២៤៤ ម៉ែត្រ មានប៉មចំនួនពីរឈរនៅលើផែមធ្យមកម្ពស់ ៦៥ ម៉ែត្រ។ចំពោះផ្នែកនៅចំកណ្តាលរវាងប៉មដែលមានប្រវែង ៦១ ម៉ែត្រត្រូវបានបែងចែកទៅជាស្លាបលើកពីរដែលត្រូវបានរចនាឡើងដើម្បីឱ្យកប៉ាល់ឆ្លងកាត់ដែលអាចឡើងដល់មុំ ៨៣° ដោយប្រើរយៈពេលត្រឹម ១នាទី តែប៉ុណ្ណោះ ។
ទទឹមគ្នានេះដែរ ស្ពាន Tower Bridge ក៏មានសង់នូវស្ពានប្រភេទ bascule ដ៏ធំបំផុត និងទំនើបបំផុតដែលមិនធ្លាប់មាន។ Bascules ត្រូវបានដំណើរការដោយប្រព័ន្ធធារាសាស្ត្រ ប្រើចំហាយទឹកដើម្បីផ្តល់ថាមពលដល់ម៉ាស៊ីនបូមទឹកដ៏ធំ។
គួរបញ្ជាក់ដែរថា ស្ពាន Tower Bridge ត្រូវបានគេសាងសង់ឆ្លងកាត់ទន្លេ Thames ដែលជាទីតាំងដ៏សំខាន់មួយនៃទីក្រុងឡុងដ៍ផងដែរ។ ក្រៅពីជួយសម្រាបចរាចរណ៍ស្ពាន Tower Bridge ក៏បានទាក់ទាញភ្ញៀវទេសចរមិនតិចនាក់នោះទេមកទស្សនា និងប្រមូលបានថវិកាជាច្រើនដែរ៕
អត្ថបទដោយ: ណើរ ជីណា