បើគិតចាប់ពីថ្ងៃចាប់ផ្តើមសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន រហូតមកដល់ពេលនេះមានអាជីវកម្មធំៗជាច្រើនបានសម្រេចចិត្តចេញពីប្រទេសរុស្ស៊ី។ ហើយពេលនេះការហ្វេដ៏ល្បីឈ្មោះ Starbucks ក៏បានសម្រេចចិត្តត្រៀមដកខ្លួនពីរុស្ស៊ីផងដែរ បន្ទាប់ពី McDonald's ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន CNBC នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។
ប្រភពដដែលបន្ដថា បន្ទាប់ពីចំណាយពេលរកស៊ីអស់ ១៥ ឆ្នាំនៅក្នុងទឹកដីរុស្ស៊ី ពេលនេះកាហ្វេល្បីឈ្មោះ Starbucks ដែលមានទីតាំង ១៣០ កន្លែងត្រៀមនឹងបិទទ្វារ ក៏ព្រោះបានរកឃើញថាខ្លួនបានខាតបង់យ៉ាងច្រើននៅក្នុងអំឡុងពេលមានសង្គ្រាមនេះ ដោយក្រុមហ៊ុនអាចរកចំណូលតិចជាង ១ ភាគរយប៉ុណ្ណោះក្នុងរយៈពេលមួយឆ្នាំ។
យ៉ាងណាមុនពេលសម្រេចចិត្តចាកចេញក្រុមហ៊ុន Starbucks បាននិយាយថា ខ្លួននឹងផ្តល់ប្រាក់ឈ្នួលដល់បុគ្គលិក រុស្ស៊ីជិត ២ ០០០ នាក់សម្រាប់រយៈពេលប្រាំមួយខែ និងជួយពួកគេផ្លាស់ប្តូរទៅរកឱកាសថ្មីក្នុងវិស័យការហ្វេនេះផងដែរ។
ការហ្វេ Starbucks បានផ្អាកអាជីវកម្មរបស់ខ្លួនអស់ជាច្រើនខែមកហើយ ពោលគឺចាប់តាំងពីថ្ងៃទី ៨ មីនា រហូតមកដល់ពេលនេះ។ សម្រាប់ការផ្អាកនេះគឺរួមមានការដឹកជញ្ជូនផលិតផលរបស់ Starbucks ទាំងអស់ និងការបិទហាងកាហ្វេជាបណ្តោះអាសន្នផងដែរ។
សូមបញ្ចាក់ផងដែរថា នៅក្នុងលទ្ធផលប្រចាំត្រីមាសចុងក្រោយរបស់ខ្លួនដែលបានចេញផ្សាយនៅដើមខែឧសភា ក្រុមហ៊ុនមិនបានបង្ហាញពីផលប៉ះពាល់ហិរញ្ញវត្ថុនៃការផ្អាកប្រតិបត្តិការអាជីវកម្មនោះទេ។ ប៉ុន្តែគេសន្និដ្ឋានថាមានការប៉ះទង្គិចផ្នែកហិរញ្ញវត្ថុនេះតិចជាង McDonald's ៕
អត្ថបទ៖ ឌឿក ស្រីនុត រតនៈ