ពេលនេះអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ សម្រេចបានសម្ថផលមួយទៀតហើយដោយឥឡូវនេះផ្លូវយន្តហោះរត់នៅក្នុងអាកាសយានដ្ឋានត្រូវបានតភ្ជាប់រួចរាល់ទាំងស្រុង។ នេះបើរយោងតាមការបញ្ជាក់ពីស្ថានទូចិនប្រចាំនៅកម្ពុជាដកស្រង់ចេញពីសារព័ត៌មាន China News Service កាលពីថ្ងៃតី២៣ ខែឧសភា ឆ្នាំ២០២២។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះត្រូវបានវិនិយោគសាងសង់ដោយភាគីចិន ដោយមានប្រវែង៣៦០០ម៉ែត្រ នឹង ទទឹង៤៥ម៉ែត្រ។ ក្នុងអំឡុងពេលនៃការសាងសង់ វិស្វករបានជម្នះឧបសគ្គយ៉ាងច្រើនដូចជា ជំងឺកូវីដ សីតុណ្ហភាពខ្ពស់ ភ្លៀងធ្លាក់ កង្វះខាតរូបធាតុ និងរយៈពេលយូរក្នុងការដឹកជញ្ជូនតាមផ្លូវសមុទ្រជាដើម។ តែយ៉ាងណាក្តីការនាំយកឧបករណ៍បរិក្ខាជំនាញ បានជួយលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពការដ្ឋានគួរឱ្យកត់សម្គាល់ និងព្រមទាំងសម្រេចបានការងារមុនពេលកំណត់។
សូមបញ្ចាក់ផងដែរថា គម្រោងខាងលើនេះមានចម្ងាយប្រហែល៤០គីឡូម៉ែត្រពីប្រាសាទអង្គរវត្ត និងមានចម្ងាយ៥១គីឡូម៉ែត្រពីក្រុងសៀមរាប។ ហើយអាកាសយានដ្ឋានខាងលើនេះគ្របដណ្តប់លើផ្ទៃដីចំនួន៧០០ហិចតា ជាមួយនឹងដីអភិវឌ្ឍអាជីវកម្មដែលនៅជុំវិញមានផ្ទៃដីចំនួន១០០០ហិចតា និងផ្លូវថ្នល់ប្រើប្រាស់ជាពិសេសនៅក្នុងអាកាសយានដ្ឋានដែលមានប្រវែង២៤.៥គីឡូម៉ែត្រផ្សេងទៀតត្រូវបានចាត់ទុកជាផ្នែកមួយនៃគម្រោងអាកាសយានដ្ឋានដែលអាចដំណើរការដោយឯករាជ្យ គ្រោងនឹងដាក់ឱ្យដំណើរការនៅខែតុលាឆ្នាំ២០២៣ខាងមុខនេះ។
សម្រាប់គម្រោងខាងលើនេះត្រូវបានវិនិយោគនិងសាងសង់ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. ដែលបានចុះបញ្ជីរួមគ្នាក្នុងប្រទេសកម្ពុជាដោយក្រុមហ៊ុនចិនចំនួន៣គឺក្រុមហ៊ុនYunnan Investment Group, ក្រុមហ៊ុនYunnan Construction and Investment Group និងក្រុមហ៊ុនYunnan Airport Group។ នេះបានជួយកែលម្អកម្រិតហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ បង្កើតឱកាសការងារកាន់តែច្រើន និងជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ និងជួយការការពារប្រាសាទអង្គរវត្តឱ្យកាន់តែល្អប្រសើរ៕
អត្ថបទដោយ៖ ឌឿក ស្រីនុត រតនៈ