អ្នកជំនាញជើងចាស់ បង្ហើបយុទ្ធសាស្រ្តចំនួន ២ ដល់អ្នករកស៊ីអចលនទ្រព្យដើម្បីលក់ដាច់ឆាប់
ជាអ្នករកស៊ី មិនថានៅក្នុងវិស័យអ្វីក៏ដោយ គឺត្រូវការឲ្យយើ់ងចេះនូវយុទ្ធសាស្រ្ដនៅក្នុងការលក់ ព្រោះការលក់គឺសំខាន់បំផុតដែលជួយឲ្យយើងទទួលបានចំណូលដើម្បីទ្រទ្រង់អាជីវកម្មឲ្យបន្ដដំណើរទៅមុខបាន។ ការលក់នេះទៀតសោធគឺសុទ្ធតែមានវិធីសាស្រ្ដ និងក្បួនខុសៗគ្នាដើម្បីអាចឲ្យយើងលក់ដាច់។
ជាក់ស្ដែងនៅក្នុងវិស័យអចលនទ្រព្យក៏ដូចគ្នា គឺតម្រូវឲ្យយើងយល់ដឹង និងចេះនូវយុទ្ធសាស្រ្ដមួយចំនួនដើម្បីអាចឲ្យយើងអាចលក់ដាច់ខ្លាំង។ ហើយកន្លងមកតែមានសំណួរជាច្រើនបានចោតសួរថា តើមានវិធីសាស្រ្តអ្វីដើម្បីឲ្យការលក់អចលនទ្រព្យទទួលបានឱ្យមានប្រសិទ្ធភាព? ទាក់ទងសំណួរនេះដែរ កន្លងមកលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អ្នកជំនាញផ្នែកអចលនទ្រព្យជើងចាស់មួយរូបនៅកម្ពុជា បានមានប្រសាស៍ឆ្លើយតបទៅសំណួរនេះថា “ ដើម្បីលក់អចលនទ្រព្យដាច់ហើយមាន ប្រសិទ្ធភាពនោះយើងត្រូវដឹង២ចំណុចធំជាមុនសិន” ។ ដោយចំនួនទាំង ២ ដែលលោកឧកញ្ញ៉ាបណ្ឌិត គីម ហ៊ាង បានលើកឡើងនោះរួមមាន៖
១. ត្រូវស្គាល់ពីរបស់់ដែលយើងកំពុងលក់
ចំណុចនេះអាចមើលទៅថាវាមិនសូវជាពិបាកប៉ុន្មានទេ ប៉ុន្តែពាក្យថាត្រូវស្គាល់របស់ដែលយើងកំពុងលក់នោះគឺបានន័យថាត្រូវដឹងអំពីតម្លៃទីផ្សារ និងដឹងអំពីគុណប្រយោជន៍របស់វាឱ្យបានច្បាស់។
- តម្លៃទីផ្សារ: នេះជាផ្នែកចាំបាច់មួយ ដែលត្រូវដឹងច្បាស់អំពីទីផ្សារអចលនទ្រព្យថាគេដើរដល់ណាហើយតម្លៃប៉ុន្មានហើយ ក្នុងដីមួយកន្លែងដែលនេះជាហេតុដែរយើងងាយស្រួលក្នុងការលក់។ បើសិនជាយើងចង់លក់ឆាប់ដាច់ត្រូវចេះឆ្លៀតលក់ក្រោមតម្លៃទីផ្សារ ក្នុងតម្លៃសមរម្យមួយ នោះគេច្បាស់ជាយកទៅពិចារណាក្នុងការសម្រេចទិញហើយ។
- គុណប្រយោជន៍: ចំពោះចំណុចនេះវិញក៏ជាផ្នែកមួយដែរមិនអាចខ្វះបានដូចគ្នា ព្រោះថាបើសិនជានិយាយតម្លៃត្រូវគ្នាហើយតែ បែជាមិនចំទីតាំងល្អគ្មានអំណោយផលសម្រាប់ការសាងសង់ អគារឬក៏ផ្ទះ។ ឧទាហរណ៍ថាយើងទិញដី ចង់បានដីសម្រាប់សង់ផ្ទះ តែដីនោះជាដីសម្រាប់ធ្វើកសិកម្ម វាគ្មាអំណោយផលសម្រាប់ការសង់ផ្ទះនោះ ដែលនេះហើយជាបញ្ហាមួយសម្រាប់អ្នកទិញដែលពួកគេត្រូវតែគិតពិចារណាសិនហើយ។
តែបើសិនភ្ញៀវនោះទិញដីរបស់យើងចំទីតាំង ហើយសមស្របទៅតាមអ្វីដែលគេចង់អភិវឌ្ឍន៍ បូកទាំងតម្លៃក្រោមទីផ្សារបន្តិចទៀត នោះច្បាស់ណាស់ថាអ្នកនិងលក់ដីនោះបានដោយជោគជ័យហើយ។
២. ត្រូវស្គាល់អ្នកដែលគេចង់ទិញ
ត្រង់ចំណុចនេះ លោកឧកញ្ញ៉បណ្ឌិត គីម ហ៊ាង បានបន្តថា ទន្ទឹមអ្វីដែលមាននៅចំណុចទីមួយអាចធ្វើទៅបាន យើងក៏ត្រូវការចំណុចនេះជាមុនសិនដែរ។ ក្នុងនាមយើងជាអ្នកលក់អចលនទ្រព្យ យើងត្រូវតែចេះស្វែងរកថាតើអ្នកណាមួយដែលមានតម្រូវក្នុងការទិញដី ផ្ទះឬខុនដូ របស់យើង។
នេះគឺជាវិធីសាស្រ្ដមួយនៅក្នុងជួយឲ្យអ្នកអាចលក់អចនទ្រព្យបានឆាប់ និងគ្មានហានិភ័យ ព្រោះសព្វថ្ងៃវិស័យអចលនទ្រព្យជាវិស័យមួយដែលសំខាន់ជាងគេ៕
អត្ថបទដោយ: ណើរ ជីណា