ដោយសារតែវិបត្តិសង្គ្រាមរវាងរុស្ស៊ីនិង អ៊ុយក្រែន បានធ្វើឱ្យប៉ះពាល់តម្លៃប្រេងឥន្ធនៈ ឧស្ម័ន អគ្គិសនី ដែលធ្វើឱ្យ វិបត្តិថាមពលពិភពលោកមានការកើនឡើងខ្ពស់ ខណៈដែលកម្ពុជាក៏ទទួលរងផលប៉ះពាល់ទាំងនេះផងដែរ។ ដូច្នេះហើយទើបថ្មីៗនេះប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវឱ្យប្រជាពលរដ្ឋ និងស្ថាប័នរដ្ឋនានាត្រូវចេះសន្សំសំចៃការប្រើប្រាស់ភ្លើងអគ្គិសនីតាមដែលអាចធ្វើទៅបានដើម្បីចៀសវាងនៃការឡើងថ្លៃអគ្គិសនី។
នៅក្នុងពិធីសំណេះសំណាលជាមួយគណៈប្រតិភូ កីឡាអាស៊ានប៉ារ៉ាហ្គេម កាលពីថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីបានមានប្រសាសន៍ថា “ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋសន្សំសំចៃទៅលើការប្រើប្រាស់ភ្លើង ទាំងប្រជាពលរដ្ឋខ្លួនឯង ទាំងបណ្ដាស្ថាប័នរបស់ជាតិទាំងអស់”។ ការប្រកាស ស្នើសុំរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រីឱ្យប្រជាពលរដ្ឋ និងគ្រប់ស្ថាប័នទាំងអស់សន្សំសំចៃការ ប្រើប្រាស់អគ្គិសនីនេះ ដោយសារប្រទេសកម្ពុជាកំពុងខាតបង់ទៅលើតម្លៃ អគ្គិសនីជាង១០០លានដុល្លារ ។
ថ្លែងក្នងពិធីសំណេះដំណាលនេះសម្ដេចតេជោ បានមានប្រសាសន៍បន្ថែមថា“ តាមពិតគោលដៅរបស់ខ្ញុំត្រូវ ចុងឆ្នាំ ២០២២ នេះត្រូវប្រកាសចុះថ្លៃអគ្គិសនី បន្ដិចទៀត បើសិនមិនមានបញ្ហាវិបត្តិនេះកើតឡើង ប៉ុន្តែពេលនេះមិនត្រឹមតែមិនអាចបញ្ចុះថ្លៃបាននោះទេ ថែមទាំងបំពេញការខ្វះខាតឱ្យអគ្គិសនី ថែមទៀតផង”។
គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់អាជ្ញាធរអគ្គិសនីកម្ពុជា បាន បង្ហាញថា ក្នុងឆ្នាំ២០២១កន្លងទៅ កម្ពុជាទទួលបានទុនវិនិយោគសរុបលើវិស័យ អគ្គិសនី ប្រមាណ ១ ៦០០ លានដុល្លារ។ ក្នុងនោះការវិនិយោគដោយអគ្គិសនីកម្ពុជា មានទឹក ប្រាក់ ៦០០លានដុល្លារអាម៉េរិក និងការវិនិយោគដោយវិស័យឯកជនមានទឹកប្រាក់ចំនួន ១ ០០០ លានដុល្លារ៕
អត្ថបទដោយ៖ ឌឿក ស្រី នុច រតនៈ
ប្រសាសន៍ទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងពិធីសំណេះសំណាលជាមួយគណៈប្រតិភូ កីឡាអាស៊ានប៉ារ៉ាហ្គេម