អត្ថបទ >
អចលនទ្រព្យ
ក្រសួងសាធារណការ បញ្ជាក់ពីពេលវេលា ដែលត្រូវបញ្ចប់ការសាងសង់ក្រវាត់ក្រុងទី៣

Bunthoeun Koem

August 2 2022

244

គម្រោងផ្លូវក្រវាត់ក្រុងទី៣ ដែលជាសរសៃឈាមដ៏សំខាន់ នៃការដឹកជញ្ជូននៅក្នុងរាជធានីភ្នំពេញ គ្រោងនឹងបញ្ចប់ការសាងសង់នាដើមខែកញ្ញា ឆ្នាំ ២០២៣ ខាងមុខ។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០២២។

តាមការបញ្ជាក់ពីក្រសួងបានឲ្យដឹងថា ផ្លូវក្រវាត់ក្រុងខ្សែទី ៣ ចាប់ពីផ្លូវជាតិលេខ ០៤ ដល់ ផ្លូវជាតិលេខ ១ ដែលមានប្រវែងសរុបជិត ៥៣ គីឡូម៉ែត្រនេះ បានសម្រេចការសាងសង់ ៧៦.៨៧%ហើយ ដោយក្នុងនោះការងារផ្លូវសម្រេចបាន ៧២,៤៦ ភាគរយ ការងារស្ពានរំលង (Flyover) សម្រេចបាន ៦៩,៩០% និងការងារស្ពានសម្រេចបាន ៩៥,៩៨%។

ផ្លូវក្រវាត់ក្រុងមួយខ្សែនេះ ចាប់ផ្តើមពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្ជាប់ទៅកាន់ផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ ស្ពានឈ្នះឈ្នះ មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ហើយនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ ដែលតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ និងផ្លូវជាតិលេខ២១ ដោយឆ្លងកាត់ទន្លេបាសាក់ និងកោះអន្លង់ចិន មកបញ្ចប់ត្រឹមផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២៤+៨៤០ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ផ្លូវមេ)។

សូមរំលឹកឡើងវិញថា គម្រោងសាងសង់ក្រវាត់ក្រុងខ្សែទី ៣ នេះបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ដែលអនុវត្តការងារសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd. ក្នុងតម្លៃ ២៦៧,៦៧ លានដុល្លារអាមេរិក និងអនុវត្តការងារត្រួតពិនិត្យគម្រោងដោយក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd. ក្នុងតម្លៃ ៥,៣៨ លានដុល្លារអាមេរិកក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៕

អត្ថបទដោយ៖ ឌឿក ស្រី នុត រតនៈ

297133000 368362595474741 5632563753706110200 N

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth