រដ្ឋមន្រ្ដីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី ជា សុផារ៉ា ប្រកាសឲ្យរដ្ឋបាលខេត្ដកំពត ត្រូវរក្សាដីទំហំ ៣ ៧២៦ ហិចតានៅស្រែអំបិល មិនឲ្យមានការកែប្រែដីនេះទៅជាប្រភេទដីផ្សេង ឬសង់លំនៅដ្ឋានឡើយ។ ការលើកឡើងរបស់ឯកឧត្ដម បានធ្វើឡើងនៅក្នុងពិធីបើកការដ្ឋានសាងសង់កំពង់ផែពហុបំណងកំពត តម្លៃ ១ ៥០០ លានដុល្លារ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។
យោងតាមប្រសាសន៍របស់ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីនៅក្នុងកម្មវិធីខាងលើ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសុំឲ្យឯកឧត្ដមអភិបាលខេត្ដ គ្រប់គ្រង់ផ្ទៃដី ដែលអាចផលិតអំបិលបាន ទាំង ៣ ៧២៦ ហិចតានេះ ឲ្យបានល្អ ហើយមិនអនុញ្ញាតឲ្យធ្វើសំណង់ លំនៅដ្ឋាន ឬក៏បញ្ហាកែប្រែប្រភេទដីអ្វីផ្សេងទៀតទេ គឺត្រូវតែរក្សាទុក»។
ការប្រកាសស្នើសុំរបស់ឯកឧត្ដម ជា សុផារ៉ា ទៅកាន់អភិបាលខេត្ដកំពត ឲ្យរក្សាដីស្រែអំបិលទំហំ ៣ ៧២៦ ហិចតានេះ គឺដោយសារដីតំបន់នេះត្រូវបានចាត់ទុកជាទំនិញពិសេសរបស់កម្ពុជា ព្រោះវាអាចផលិតអំបិលបានល្អខ្លាំង។ ឯកឧត្ដមបញ្ជាក់បន្ថែមថា អំបិលធម្មជាតិដែលផលិតនៅស្រែអំបិលខេត្ដកំពតនេះ អាចទប់ស្កាត់ជំងឺពកក ដែលល្អជាងអំបិលនាំចូលពីប្រទេសជិតខាងទៅទៀត បើទោះជាពណ៌អំបិលដែលយើងផលិតនេះ មិនសូវសស្អាតដូចអំបិលនាំចូលក៏ដោយ៕
ដើម្បីទទួលជ្រាបព័ត៌មានបានកាន់តែលម្អិត សូមប្រិយមិត្ដតាមដានសណ្ដាប់ប្រសាសន៍ទាំងស្រុងរបស់ឯកឧត្ដមនៅក្នុងវីដេអូខាងក្រោម៖
អត្ថបទដោយ៖ កឹម ប៊ុនធឿន