នៅក្នុងរយៈពេល ៧ ខែនៃឆ្នាំ ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬហៅកាត់ថា CDC បានទទួលអនុម័តស្នើសុំវិនិយោគជាច្រើនគម្រោងក្រុមហ៊ុនវិនិយោគទាំងនៅក្នុងស្រុក និងក្រៅស្រុក។ យ៉ាងណានៅដើមខែ សីហា នេះ CDC ក៏បានអនុម័តគ្រោងថ្មីចំនួន ៥ បន្ថែមទៀតដែលមានទឹកប្រាក់វិនិយោគសរុបប្រមាណជិត ៣០ លានដុល្លារ ដែលផ្ដល់ឱកាសការងារជាច្រើនពាន់កន្លែងផងដែរ។
យោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២២ គម្រោងទាំង ៥ ខាងលើ ដែលអនុម័តជូនក្រុមហ៊ុនទាំងនោះមានដូចជា៖
១. ក្រុមហ៊ុន FUKKI APPAREL AND LAUNDRY TECHNOLOGY CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរ និងបោកគក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ ៦ A ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៤ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៤០៤កន្លែង។
២. ក្រុមហ៊ុន THE INHERITANCE (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៣ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០១៨កន្លែង។
៣. ក្រុមហ៊ុន Solar Long PV-Tech (Cambodia) Co., Ltd គម្រោងបង្កើតរោងចក្រផលិតបន្ទះសូឡា និងគ្រឿងបង្គុំ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ, មានទុនវិនិយោគចំនួន ១២ លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ៥០០នាក់។
៤. ក្រុមហ៊ុន Cambodian Xihanouke Cabinet Co., Ltd គម្រោងបង្កើតរោងចក្រផលិតទូគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជឺ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ៣ លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ២៥០នាក់។
៥. ក្រុមហ៊ុន Taica (Cambodia) Corporationគម្រោងបង្កើតរោងចក្រផលិតគ្រាប់ជ័រ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ, មានទុនវិនិយោគចំនួន ៦២ ម៉ឺនដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ២០នាក់៕
អត្ថបទដោយ៖ ឌឿក ស្រី នុត រតនៈ