ផ្លូវជាតិលេខ ០៤ គឺជាផ្លូវដែលមានទំហំតូច និងលំបាកក្នុងការធ្វើដំណើរ ជាពិសេសការធ្វើដំណើរនៅខែវស្សាព្រោះថាផ្លូវនេះមានការលិចទឹកនៅតំបន់មួយចំនួន។ ខណៈពេលនេះរាជរដ្ឋាភិបាល ចំណាយថរិការ ១១០ លានដុល្លារដើម្បីពង្រីកឲ្យធំ ដោយពេលបច្ចុប្បន្នការស្ថាបនានេះសម្រេចបាន ១៥% ហើយ។
តាមការលើកឡើងរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដែលជារដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ក្នុងឱកាសដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពការងារគម្រោងស្ថាបនាពង្រីក និងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៤ កាលពីថ្ងៃ ២២ ខែ មិថុនា ឆ្នាំ ២០២២ បានឱ្យដឹងថា គម្រោងស្ថាបនាពង្រីក និងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៤ នេះគឺចាប់ពីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាលចាប់ពី គីឡូម៉ែត្រលេខ ១៩ + ៧០០ និងបញ្ចប់នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅគីឡូម៉ែត្រលេខ ២១៥+៨០០ ។
ជាមួយគ្នានេះដែរឯកឧត្តម ក៏បានបន្តថា ការស្ថាបនាពង្រីកផ្លូវនេះ នឹងមានគុណភាព ល្អប្រសើរអាចទទួលយកបាន ដោយហេតុថាស្រទាប់គ្រឹះតួផ្លូវនៅចំកណ្ដាលមានគុណភាពល្អស្រាប់ ដោយយើងគ្រាន់តែស្ថាបនាពង្រីកសងខាងផ្លូវ ហើយអ៊ុតបេតុកៅស៊ូ(AC)បន្ថែមតែប៉ុណ្ណោះ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ៖ ក្នុងថវិកាចំនួន១១០លានដុល្លារនេះត្រូវបានបែងចែកចេញជាការងារចំនួន៧កញ្ចប់ ក្នុងនោះ៣កញ្ចប់កំពុងដំណើរការសាងសង់ដោយសម្រេចលទ្ធផលបាន ១៥% ហើយមានការយឺតយ៉ាវបន្តិច ប៉ុន្តែក្រុមហ៊ុននឹងពន្លឿនការសាងសង់តាមកិច្ចព្រមព្រៀង ដោយ ឡែក២កញ្ចប់ទៀត ក្រសួងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួចហើយ ក្រុមហ៊ុនកំពុងតែរៀបចំបញ្ជូន គ្រឿងចក្រសម្ភារៈមកសាងសង់ ឯចំណែក២កញ្ចក់ទៀត ក្រសួងកំពុងស្នើសុំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យលទ្ធភាពជ្រើសរើសក្រុមហ៊ុនដែលបានដាក់ដេញថ្លៃសាងសង់ដើម្បីពង្រីកស្ពាន ចំនួន៤៨កន្លែងឱ្យបាន១០ម៉ែត្រ និងសាងសង់ស្ពានថ្មីចំនួន៨កន្លែង។
គួរបញ្ជាក់ផងដែរថាការស្ថាបនាពង្រីក និងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៤នេះ ចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០២១ នឹងគម្រោងបញ្ចប់ការស្ថាបនានៅខែធ្នូ ឆ្នាំ២០២៦។ ហើយសព្វថ្ងៃក្រសួងបានបែងចែកការងារជា ០៣ ផ្នែក ដោយផ្នែកទី ១. ការងារពង្រីកផ្លូវកៅស៊ូបច្ចុប្បន្នពីទទឹង៧ម៉ែត្រ ទៅទទឹងចាក់កៅស៊ូ ១០ ម៉ែត្រ និងកន្លែងខ្លះ១១ម៉ែត្រ ២. ការងារពង្រីកស្ពានបេតុង និងលូចំនួន៤៦ទីតាំង និង៣. ការងារស្ថាបនាស្ពានថ្មីចំនួន០៨ទីតាំង ដើម្បីធានាដល់ការធ្វើចរាចរណ៍នៅគ្រប់រដូវកាល ដែលឆ្នាំខ្លះកន្លងមកត្រូវទឹក ជំនន់ជន់លិច កំណាត់ផ្លូវជាតិលេខ៤ បង្កការលំបាកដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ៕
អត្ថបទដោយ៖ ឌឿក ស្រី នុច រតនៈ