មន្ដ្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា គម្រោងសាងសង់ផ្លូវជាតិលេខ ៤៨ ស្ថិតនៅក្នុងខេត្ដកោះកុង នឹងត្រូវចាក់បេតុងកៅស៊ូ កម្រាស់ត្រឹមតែ ៧ សង់ទីម៉ែត្រប៉ុណ្ណោះ។ មូលហេតុនេះ ដោយសារតែផ្លូវជាតិលេខ៤៨ មានរថយន្ដដឹកទំនិញតិច បើប្រៀបធៀបទៅនឹងផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៣ ជាដើម។
តាមការបញ្ជាក់ពីឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសចុះពិនិត្យ ក្នុងការចុះពិនិត្យគម្រោងជួសជុលផ្លូវជាតិលេខ៤ និងការចុះពិនិត្យវឌ្ឍនភាពការងារសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ កាលពី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា «ផ្លូវជាតិលេខ ៤៨ យើងចាក់តែ ៧ សង់ទីម៉ែត្រទេ ដោយសារចំនួនរថយន្ដដែលបើក លើផ្លូវលេខ៤៨ វាតិចជាងរថយន្ដបើកលើផ្លូវលេខ៥ ដែលជាផ្លូវឆ្អឹងខ្នងដ៏សំខាន់»។
ឯកឧត្ដមបន្ថែមថា ផ្លូវនីមួយៗគឺមានលក្ខណៈខុសៗគ្នា យើងចង់ធ្វើដូចផ្លូវជាតិលេខ៥ ក៏បានដែរ ប៉ុន្ដែថវិកាមានកម្រិត។ តែយ៉ាងណាគុណភាពនៅតែរក្សាបានល្អដូចគ្នា។
សូមជម្រាបថា ផ្លូវជាតិលេខ៤៨ គឺជាផ្លូវសំខាន់មួយផងដែរ ដែលតភ្ជាប់ពីស្រុកស្រែអំបិល ទៅកាន់ខេត្ដកោះកុង មានចម្ងាយ ១៤៨ គីឡូម៉ែត្រ។ ហើយនៅក្នុង ១៤៨ គីឡូម៉ែត្រនេះ បានបែកចែកការសាងសង់ជា២ កំណាត់ ដោយកំណាត់ផ្លូវប្រវែង២៥ គីឡូម៉ែត្រនឹងពង្រីកពី ២ ទៅ ៤ គន្លង និងកំណាត់ ១២៣ គីម៉ែត្រពង្រីក ឲ្យបាន១១ ម៉ែត្រផងដែរ ដោយចាក់បេតុងកៅស៊ូ AC កម្រាស់ ៧ សង់ទីម៉ែត្រ។
គម្រោងផ្លូវនេះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ហើយគិតមកដល់ពេលនេះ សម្រេចការសាងសង់បានចំនួន ៨ ភាគរយហើយ ហើយគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៤។ ចំពោះថវិកាសម្រាប់ការសាងសង់វិញគឺមានប្រមាណ ប្រមាណ៦៥,១៤ លានដុល្លារអាមេរិក ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈមូលនិធិនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីនយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕
អត្ថបទ៖ កឹម ប៊ុនធឿន
សូមស្ដាប់ប្រសាសន៍ទាំងស្រុងរបស់ឯកឧត្ដមក្នុងវីដេអូខាងក្រោម៖