អត្ថបទ >
អចលនទ្រព្យ
មណ្ឌលគិរីនឹងក្លាយជាខេត្ដដ៏ទាក់ទាញ បន្ទាប់ពីរដ្ឋប្រកាសផែនការមេដើម្បីអភិវឌ្ឍន៍ ដែលមានបង្កប់ព្រលានយន្ដហោះថ្មី

Bunthoeun Koem

July 7 2022

470

កាលពីពេលថ្មីៗកន្លងទៅនេះ រាជរដ្ឋាភិបាលបានធ្វើការប្រកាសផែនការសកម្មភាពនៃផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១.២០៣៥)។ ដែលកម្មពិធីនេះមានការអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រតិភូអមដំណើរ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងពាក់ព័ន្ធ។

យោងតាមការលើកឡើងពីឯកឧត្ដម ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គ.ដ.ផ.ម ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ត្រូវបានកំណត់ចក្ខុវិស័យក្របខណ្ឌអនុវត្តរយៈពេលវែង (២០២១-២០៣៥) ដោយឈរលើចក្ខុវិស័យសំខាន់ចំនួន៤៖

ទី១៖ ខេត្តមណ្ឌលគិរីត្រូវកំណត់ជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ ផ្លែឈើ និងសាច់ សម្រាប់បំពេញតម្រូវការក្នុងប្រទេស និងឈានដល់ការនាំចេញទៅទីផ្សារក្រៅប្រទេស។

ទី២៖ ឆ្នាំ២០៣៥ ចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់ខេត្តមណ្ឌលគិរីនឹងកើនឡើងដល់ប្រមាណ៩០ម៉ឺននាក់ ខណៈដែលចំនួនភ្ញៀវទេសចរក្នុងស្រុកនឹងកើនឡើងដល់ប្រមាណ២លាននាក់ បង្កើតការងារប្រមាណ៨ម៉ឺនកន្លែង និងបង្កើតចំណូលដោយផ្ទាល់ប្រមាណ៥០០លានដុល្លារ និងដោយប្រយោលប្រមាណ១,០០០លានដុល្លារ ជាមួយមេគុណប្រសិទ្ធភាពចំនួន២ដង ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចខេត្តមណ្ឌលគិរី។

ទី៣៖ រួមចំណែកធ្វើឲ្យភូមិភាគឦសានដែលមានខេត្តមណ្ឌលគិរីជាស្នូល ជាប៉ូលសេដ្ឋកិច្ចទី៤ បន្ទាប់ពីតំបន់រាជធានីភ្នំពេញ តំបន់ឆ្នេរ និងតំបន់សៀមរាប និងធ្វើសមាហរណកម្មខេត្តមណ្ឌលគិរីជាមួយតំបន់ផ្សេងៗក្នុងប្រទេស និងក្នុងតំបន់។

ទី៤៖ រក្សាតុល្យភាពឲ្យបានម៉ឺងម៉ាត់រវាងការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ និងអន្តរវិស័យគាំទ្រ ជាមួយការអភិរក្សធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ ជនជាតិដើមភាគតិច ធានាបានផ្លែផ្កានៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាអតិបរមា ឈរលើគោលការណ៍នៃការបែងចែកផលប្រយោជន៍ប្រកបដោយសមធម៌ទៅដល់ភាគីពាក់ព័ន្ធ។

ឯកឧត្ដមលើកឡើងបន្ដថា ផែនការមេនេះកំណត់អាទិភាពសំខាន់ៗ មួយចំនួនផ្សេងទៀតផងដែរ។ ហើយអ្វីដែលចាប់អារម្មណ៍នោះគឺ តំបន់ស្រុកអូររាំង ភ្ជាប់ជាមួយការអភិវឌ្ឍព្រលានយន្តហោះមណ្ឌលគិរី ដែលអាចអភិវឌ្ឍជាតំបន់រណបភ្ជាប់ជាមួយក្រុងសែនមនោរម្យ។

292215401 418535686987077 7299616178287184705 N

ជាមួយគ្នានោះ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា ខេត្តមណ្ឌលគិរីក៏មានសក្ដានុពលធំធេងសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសការអភិវឌ្ឍកសិដ្ឋានផ្កា បន្លែ ផ្លែឈើ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងអាចឈានដល់ការនាំចេញនៅបណ្ដាប្រទេសផ្សេងៗផងដែរ ខណៈដែលសក្តានុពលនេះនៅមិនទាន់ត្រូវបានអភិវឌ្ឍឲ្យបានពេញលេញនៅឡើយ។ លើសពីនេះទៅទៀត ការអនុញ្ញាតឲ្យមានការសាងសង់ព្រលានយន្តហោះខេត្តមណ្ឌលគិរីនឹងទាក់ទាញភ្ញៀវទេសចរ និងការតភ្ជាប់ពីគោលដៅទេសចរណ៍ខេត្តសៀមរាប រាជធានីភ្នំពេញ និងតំបន់ឆ្នេរមកកាន់ខេត្តមណ្ឌលគិរី និងភូមិភាគឦសាន្តទាំងមូលឲ្យមានភាពកាន់តែងាយស្រួល។

ឯកឧត្ដមបន្ដថា ទៅថ្ងៃអនាគត ព្រលានយន្តហោះខេត្តមណ្ឌលគិរីនេះ អាចនឹងត្រូវប្រើប្រាស់ជាព្រលានយន្តហោះក្នុងតំបន់ តភ្ជាប់ខេត្តមណ្ឌលគិរីទៅគោលដៅទេសចរណ៍ជិតខាង រួមមានប្រទេសថៃ វៀតណាម និងឡាវ ព្រមជាមួយទីក្រុងសំខាន់ៗរបស់អាស៊ាន និងប្រទេសផ្សេងទៀត ដូចជាប្រទេសជប៉ុន កូរ៉េ អូស្ត្រាលី និងតំបន់មជ្ឈិមបូព៌ាជាដើម ដែលប្រើរយៈពេលហោះហើរចន្លោះពី៥-៧ម៉ោង៕

អត្ថបទ៖ កឹម ប៊ុនធឿន

Map Province Mondulkiri Cambodia 800

Airport 324754607

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth