បច្ចុប្បន្ន នៅតាមបុរីមួយចំនួនគឺពិបាករឿងសេវាទូរស័ព្ទ ឬក៏ Internet មិនដំណើរការ ក៏ព្រោះតែ នៅក្នុងបុរីភាគច្រើនគឺមានអង់តែនតែមួយប៉ុណ្ណោះ ដែលជាហេតុធ្វើឱ្យប្រជាពលរដ្ឋគ្មានជំរើស ក្នុងការប្រើប្រាស់សេវាទូរស័ព្ទ។ ដូច្នេះហើយទើបថ្មីៗនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះជាណាចក្រកម្ពុជា បានបញ្ជាឱ្យគ្រប់បុរីទាំងអស់ត្រូវតែលុបកិច្ចសន្យាក្នុងការផ្ដល់សិទ្ធិផ្ដាច់មុខឱ្យក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទ និង សេវាអ៊ីធើណិត ចាប់ពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ទៅ។ នេះបើតាមការឱ្យដឹងពី ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ការបញ្ជាក់នេះធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២។
ឯកឧត្តមរដ្ឋមន្ដ្រីបានបញ្ជាក់ថា៖ “មុនខ្ញុំមកទីនេះសម្ដេចតេជោប្រមុខរាជារដ្ឋាភិបាល បានបញ្ជាខ្ញុំថា រាល់កន្លែងទាំងអស់ ដែលមានសិទិ្ធផ្ដាច់មុខ Internet នៅក្នុងបុរី ត្រូវលុបចោលទាំងអស់មិនឱ្យមានទៀតទេ។ អ៊ីចឹងសូមឱ្យប្រតិបត្តិករយល់ដឹង សូមឱ្យនិយ័តករទូរគមនាគមន៍ អនុវត្តប្រសាសន៍របស់ម្តេចតេជោ អត់មានត្រូវឱ្យផ្តាច់មុខទៀតទេ ប្រតិបត្តិករត្រូវចូលប៉ុន្មានចូលទៅ ប៉ុន្តែចូលទៅតាមលទ្ធភាព”។
ក្នុងនោះដែលឯកឧត្តមក៏បានបន្ថែមទៀតថា “ដើម្បីដោះស្រាយបញ្ហាសេវាទូរស័ព្ទ និង Internet នៅតាមបុរី ខ្ញុំក៏យកបុរី ប៉េងហួត ជាគំរូមុនគេ បន្ទាប់មកទើបដោះស្រាយបុរីផ្សេងៗទៀត”។
ឯកឧត្តមក៏បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននៅរាជធានីភ្នំពេញមានមានបុរីជាង ១០០ បុរីដោយបុរីខ្លះបាន ផ្តល់សិទ្ធិផ្តាច់មុខ ដល់ក្រុមហ៊ុនផ្គត់ផ្គង់សេវា ទូរស័ព្ទនិង សេវា Internet ក្នុងនោះដែរក្រុមការងាររបស់ក្រសួង បានចុះធ្វើការតេស្តសេវាទូរស័ព្ទ និង Internet នៅក្នុបុរីបានចំនួន៦០បុរីរួចហើយ នៅតែ ៤០បុរីទៀតប៉ុណ្ណោះដែលមិនទាន់បានធ្វើតេស្ត៕
អត្ថបទដោយ៖ ឌឿក ស្រី នុត រតនៈ