ប្រទេសឡាវ ដែលជាប្រទេសក្បែរខាងកម្ពុជា ពេលនេះកំពុងជួបបញ្ហា កង្វះខាតប្រេងឥន្ធនៈសម្រាប់ប្រើប្រាស់។ នេះបើយោងតាមការដកស្រង់ពីពីរសារព័ត៌មាន The Diplomat ដែលបានចុះផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។
ប្រភពដដែលបន្ដថា តាមរបាយការណ៍មួយនៅក្នុងកាសែត Laotian Times វិបត្តិនេះបានកើតឡើងនៅពេលដែលសេដ្ឋកិច្ចរបស់ឡាវរងគ្រោះដោយសារកូវីដ-១៩ បានធ្វើឲ្យប្រទេសនេះត្រូវបានទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនាំដែលធ្វើឱ្យរូបិយប័ណ្ណមានការធ្លាក់ចុះ ទុនបម្រុងបរទេសក៏ធ្លាក់ចុះ ហើយបូករួមនឹងការកើនឡើងនៃតម្លៃប្រេងទូទាំងពិភពលោក ជាហេតុធ្វើឱ្យឡាវកំពុងជួបវិបត្តិសេដ្ឋកិច្ចនៅទូទាំងប្រទេសផងដែរ។
ក្រុមហ៊ុននាំចូលរបស់រដ្ឋ បាននិយាយថា បច្ចុប្បន្ននេះ ពួកគេអាចនាំចូលប្រេងបានត្រឹមតែ ២០ លានលីត្រ ខណៈជារៀងរាល់ខែប្រទេសឡាវត្រូវការប្រេងឥន្ធនៈចំនួន ១២០ លីត្រឯណោះ។ របាយការណ៍នេះបានដកស្រង់លិខិតដែលបានចែកជូនទៅកាន់អ្នកលក់រាយរបស់ខ្លួនដោយក្រុមហ៊ុនប្រេងឥន្ធនៈរដ្ឋឡាវ បានជូនដំណឹងថាវាបានឈានដល់ចំណុចមួយដែលដែលអាចនិយាយបាន " មិនអាចបំពេញតម្រូវការអតិថិជនរបស់ខ្លួនបានទៀតនោះទេ" ។
ដំណឹងនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋសភារបស់ប្រទេសឡាវ បានអនុម័តសេចក្តីសម្រេចក្នុងកាត់បន្ថយពន្ធលើប្រេងឥន្ធនៈ ដើម្បីព្យាយាមបញ្ចៀសវិបត្តិប្រេងឥន្ធនៈនៅក្នុងប្រទេស។ វិធានការនេះបានទម្លាក់ពន្ធលើប្រេងម៉ាស៊ូតពី ២១ ភាគរយមកត្រឹម ១១ ភាគរយ ខណៈពន្ធលើប្រេងសាំងនឹងមានការធ្លាក់ចុះពី ៣១ ភាគរយមក ១៦ ភាគរយ។ រដ្ឋាភិបាលក៏បានអំពាវនាវដល់សាធារណជន ឱ្យខិតខំប្រឹងប្រែងកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ ដោយប្រើមធ្យោបាយដឹកជញ្ជូនសាធារណៈ ជិះឡាន ឬធ្វើដំណើរតិចជាងមុន។
គួរបញ្ជាក់ផងដែរថាការខ្វះខាតប្រេងឥន្ធនៈជាលទ្ធផល ត្រូវបានគេឃើញថាភាគច្រើនគឺនៅតាមបណ្តាខេត្តជាច្រើន ហើយក៏បន្តមកដល់រាជធានីវៀងចន្ទន៍កាលពីរសៀលថ្ងៃច័ន្ទ កន្លងទៅនេះ ដែលបណ្តាលឱ្យអ្នកបើកបរត្រូវតម្រង់ជួរជាច្រើនម៉ោងដើម្បីចូលចាក់សាំង ដែលធ្វើឱ្យស្ទះចរាចរណ៍នៅតាមដងផ្លូវសំខាន់ៗរបស់ប្រទេសឡាវផងដែរ។ ជម្រាបដែលថា ទិន្នន័យនៃគេហៈទំព័រ Gobal Petrol Price បានឲ្យដឹងថាតម្លៃប្រេងសាំងក្នុង ១ លីត្រមានតម្លៃដល់ទៅ ១.៧៤ ដុល្លារឯណោះ៕
អត្ថបទ៖ ឌឿក ស្រីនុត រតនៈ