ការទិញផ្ទះដំបូងរបស់អ្នកអាចជារឿងគួរឱ្យរំភើប និងហានិភ័យផងដែរ ដូច្នេះទេតម្រូវឲ្យអ្នកចេះវិភាគក្នុងការវិនិយោគដោយមានភាពឆ្លាតវៃ ដើម្បីកុំឱ្យជាប់ជំពាក់បំណុលគេ។ ពីព្រោះក្នុងការទិញផ្ទះនីមួយៗមិនមែនថាទិញចេះតែទិញនោះទេ លោកអ្នកត្រូវតែមានការប្រកាន់ខ្ជាប់នូវគោលការណ៍មួយឬលើសពីហ្នឹងទៀតក្នុងការសម្រេចចិត្តទិញផ្ទះ។
ក្នុងនោះដែរ តាមការលើកឡើងរបស់លោក Eric Wu ដែលជាសហស្ថាបនិក និងជានាយកប្រតិបត្តិនៃ Opendoor ដែលជាក្រុមហ៊ុនអនឡាញសម្រាប់ធ្វើប្រតិបត្តិការអចលនទ្រព្យលំនៅដ្ឋាន បានប្រាប់មកកាន់ទស្សនាវត្តី CNBC កាលពីពេលកន្លងទៅថាអ្វីដែលសំខាន់បំផុតសម្រាប់អ្នកទិញផ្ទះដំបូងត្រូវចងចាំនោះគឺ “ចេះកំណត់ថវិការចំណូលចំណាយ និងចៀសវាងការចាយលើសកំណត់” នេះជាហេតុផលមួយដែលលោក Wu គិតថាសំខាន់ក្នុងការទិញផ្ទះលើកដំបូងពីព្រោះថាបើសិនជាការចាយគ្មានខ្ទង់ត្រឹមត្រូវ មិនចេះគ្រប់គ្រងប្រាក់ចំណូលចំណាយទេ នោះអ្នកច្បាស់ជាជួបបញ្ហាហិរញ្ញវត្ថុក្នុងផ្ទះឬជាប់បំណុលគេជាមិនខាន។
ជាមួយគ្នានេះដែរ មនុស្សយើងភាគច្រើនមិនគិតថាផ្ទះត្រឹមតែជាកន្លែងរស់នៅនោះទេ ប៉ុន្តែវាក៏អាចចាត់ទុកថាជាការវិនិយោគផ្នែកហិរញ្ញវត្ថុដែរ។ បើសិនជាអ្នកចង់ធ្វើឱ្យប្រាកដថាអ្នកកំពុងធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុដ៏ឆ្លាតវៃ ដូច្នេះអ្នកត្រូវមានការរំពឹងទុកជាក់ស្តែងអំពីអ្វីដែលអ្នកអាចរកប្រាក់ចំណូលបានសម្រាប់ជីវភាពរបស់អ្នក។
ជារួមមកវិញ សម្រាប់ការទិញផ្ទះលើកដំបូងរបស់អ្នកបើសិនជាអាចគ្រប់គ្រងប្រាក់ចំណូលចំណាយបាន នោះអ្នកនឹងគ្មានហានិភ័យចំពោះការជំពាក់បំណុលគេនោះទេ។ មួយវិញទៀតបើសិនជាអ្នកចង់បានផ្ទះឆាប់ជាដំបូងអ្នកត្រូវចេះ គណនាអំពីប្រាក់ចំណូលចំណាយរបស់អ្នកឱ្យបានត្រឹមត្រូវជាមុនសិន រួចអាចទៅពិភាក្សាជាមួយនិងម្ចាស់ផ្ទះឬម្ចាស់គម្រោងផ្ទាល់ រកដំណោះស្រាយសមស្របណាល្អមួយសម្រាប់បង់រំលស់ជាមួយម្ចាស់គម្រោងផ្ទាល់ជាជាងទៅនិយាយជាមួយធនគារ៕
អត្ថបទដោយ: ណើរ ជីណា