ប្រទេសឥណ្ឌា ដែលបច្ចុប្បន្នជាមហាអំណាចផ្នែកសេដ្ឋកិច្ចទី៦ លើពិភពលោក បានបង្ហាញពីគោលបំណងក្នុងការសាងសង់ផ្លូវតភ្ជាប់ពីប្រទេសរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា ដោយឆ្លងកាត់ប្រទេសថៃ និងមីយ៉ាន់ម៉ា។ នេះបើការលើកឡើងរបស់ឯកឧត្តម Subrahmanyam Jaishankar រដ្ឋមន្រ្តីការបរទេសឥណ្ឌា។
ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្ដ្រីការបរទេសខាងលើ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ កន្លងទៅ។
នៅក្នុងជំនួបដ៏ពិសេសនោះឯកឧត្តម Subrahmanyam Jaishankar មានប្រសាសន៍ជម្រាបជូន សម្តេចតេជោ ពីគោលបំណងនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ផ្លូវ ពីប្រទេសឥណ្ឌា ឆ្លងកាត់ប្រទេសមីយ៉ាន់មារ ប្រទេសថៃ និងមកដល់ប្រទេសកម្ពុជា និងសហប្រតិបតិការក្នុងក្របខណ្ឌអាស៊ាន មេគង្គ គង្គា លើវិស័យសេដ្ឋកិច្ច ទេសចរណ៍ ការពារជាតិ ដោះមីន វិនិយោគ និងអភិវឌ្ឍសហគមន៍ ព្រមទាំងជួសជុលប្រាង្គប្រាសាទ។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថ្លែងអំណរគុណចំពោះគោលបំណង នៃការពង្រីកកិច្ចសហប្រតិបត្តិការដែលបានលើកឡើងដោយ ឯកឧត្តមរដ្ឋមន្រ្តី។ សម្តេចតេជោបានលើកទឹកចិត្តឲ្យមានការសិក្សាបញ្ចប់លើផ្នែកបច្ចេកទេស ដើម្បីជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរផង និងកិច្ចសន្យាគាំពារវិនិយោគផង ។ ជាមួយគ្នានេះក៏បានស្នើដល់ភាគីឥណ្ឌា ជំរុញឲ្យមានការហោះហើរត្រង់មកកម្ពុជា ដើម្បីជំរុញលើកស្ទួយវិស័យទេសចរណ៍ និងស្នើឲ្យមានការពិចារណាដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការមេគង្គ គង្គា ឲ្យដល់កំរិតកំពូល។
សូមជម្រាបផងដែរថា រដ្ឋមន្ដ្រីការបរទេសឥណ្ឌា បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ( 55th ASEAN Foreign Ministers’ Meeting- AMM) និងកិច្ចប្រជុំពាក់ព័ន្ធនានានៅព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទដោយ៖ កឹម ប៊ុនធឿន