ខុនដូ ឬផ្ទះលើអាកាស បច្ចុប្បន្នកំពុងមានសន្ទុះក្នុងការវិនិយោគច្រើនគួរឲ្យកត់សម្គាល់ ដោយសារវាអាចជួលបានថ្លៃ ក៏ដូចជាងាយស្រួលក្នុងការដាក់លក់វិញផងដែរ។ យ៉ាងណាការវិនិយោគលើខុនដូ គឺមិនខុសគ្នាទៅនឹងការវិនិយោគផ្ទះ និងដីប៉ុន្មាននោះទេ ដែលវាទាមទាឲ្យយើងត្រូវជ្រើសរើសទីតាំងឲ្យបានត្រឹមត្រូវ ទើបមានឱកាសចំណេញបានច្រើនទៅតាមស្ថានភាពជាក់ស្ដែង។
យ៉ាងណាទាក់ទងនឹងខុនដូនេះផងដែរ ថ្មីៗនេះអ្នកជំនាញអចលនទ្រព្យ ២ រូបបានលើកឡើងថា តំបន់ បឹងកេងកង គឺជាតំបន់មួយដែលអ្នកវិនិយោគលើខុនដូមិនគួរមើលរំលងឡើយ ដោយសារបច្ចុប្បន្នទីតាំងនេះគឺល្អជាងគេបំផុត នៅក្នុងរាជធានីភ្នំពេញ។
តាមការលើកឡើងពីលោក ហូ ជិនហេង ដែលជា Marketing Director នៃក្រុមហ៊ុន ERA Cambodia បានឲ្យដឹងថា តំបន់បឹងកេងកង គឺមានសក្ដានុពលខ្លាំង ដោយសារតំបន់នេះ គឺស្ថិតនៅកណ្ដាលរាជធានីភ្នំពេញ ប្រមូលផ្ដុំទៅដោយខុនដូទំនើបៗជាច្រើន ហើយក៏ជាទីតាំងមួយដែលអ្នកវិនិយោគបរទេសចូលមកប្រទេសកម្ពុជាគឺមិនទៅណាឆ្ងាយពីតំបន់បឹងកេងកងនេះឡើយ ដោយសារមានផ្សារទំនើប ភោជនីយដ្ឋាន សាលារៀន និងជាតំបន់ដែលមានសុវត្ថិភាពខ្លាំងដែលហៅថាតំបន់ CBD ងាយស្រួលក្នុងការរស់នៅ។
ហើយកត្ដាទាំងនេះផងដែរ ក៏បានធ្វើឲ្យខុនដូនៅតំបន់នេះអាចជួលបានថ្លៃ ខណៈការទិញ លក់ វិញគឺងាយស្រួលខ្លាំង ជាងតំបន់ដទៃដូចគ្នា។
ដោយឡែកលោកឧកញ៉ា ឃាង ពុទ្ធី ដែលជាអ្នកជំនាញផ្នែកអចលទ្រព្យមួយរូបនៅកម្ពុជា ហើយបច្ចុប្បន្នជា ស្ថាបនិកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Khompound ក៏បានលើកឡើងមិនខុសពី លោក ហូ ជិតហេង នោះទេ ដោយលោកឧកញ៉ា បញ្ជាក់ថា ខុនដូនៅក្នុងតំបន់បឹងកេងកង គឺល្អ ដែលអ្នកវិនិយោគមិនត្រូវមើលរំលងឡើយ។
យ៉ាងណាក្រៅពីតំបន់បឹងកេងកងនេះ លោកឧកញ៉ា ក៏បានលើកឡើងដែរថា តំបន់ទូលទំពូង និងផ្លូវ ៦០ ម៉ែត្រ ក្បែរ Urban Village ក៏ជាតំបន់ល្អសម្រាប់វិនិយោគខុនដូដូចគ្នា។ ដោយសារនៅតំបន់ទាំងនេះ គឺស្ថិតនៅចន្លោះរវាងក្រុង និងគម្រោងព្រលានយន្ដហោះអន្ដរជាតិតេជោក្រុងតាខ្មៅ (ព្រលានយន្ដហោះភ្នំពេញថ្មី)៕
អត្ថបទ៖ កឹម ប៊ុនធឿន