ជាដំណឹងល្អមួយសម្រាប់បងប្អូនដែលកំពុងស្វែងរកការងារធ្វើ ខណៈនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានឱ្យដឹងថា មានក្រុមហ៊ុនចំនួន១៣ បានប្រកាសជ្រើសរើសបុគ្គលិកចូលបម្រើការងារក្នុងក្រុមហ៊ុនរបស់ខ្លួនសរុបចំនួនជាង ២០៨៦នាក់ លើមុខជំនាញជាច្រើនក្នុងវេទិកាការងារប្រចាំខែរបស់ NEA (National Employment Agengcy) ។
យោងតាមការបញ្ជាក់របស់ ទីភ្នាក់ងារជាតិ និងមុខរបរ ក្រុមហ៊ុនទាំង១៣ ដែលបានប្រកាសជ្រើសរើសនោះមានដូចជា៖ ក្រុមហ៊ុន Amret, ផ្សារទំនើប Aeon, ក្រុមហ៊ុន DKSH, ក្រុមហ៊ុន JACCS, ក្រុមហ៊ុនLOLC, ផ្សារទំនើប Lucky, សណ្ឋាគារ Sun Moon, ក្រុមហ៊ុន BYD, ក្រុមហ៊ុន SINET, ក្រុមហ៊ុន Grab, ក្រុមហ៊ុន CIC, ក្រុមហ៊ុន Luxelite Group, ក្រុមហ៊ុន NongHyup Finance ។
ចំពោះការសម្ភាសន៍នេះនឹងត្រូវធ្វើនៅទីតាំងអគារភ្នាក់ងារជាតិមុខរបរ និងការងារ ក្នុងបរិវេណក្រសួងការងារ អគារលេខ៣ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចាប់ពីម៉ោង ៨:០០- ១៧:០០។
សូមជម្រាបថា ការប្រកាសជ្រើសរើសបុគ្គលិកនេះដែរគឺនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ខាងមុខ។ ដូច្នេះសម្រាប់បងប្អូនដែលកំពុងស្វែងរកការងារធ្វើ និងចង់ផ្លាស់ប្ដូរការងារ អាចត្រៀមប្រវត្ដិរូបសង្ខេប (CV) សម្រាប់ដាក់ពាក្យចូលសម្ភាសន៍ផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំងនោះបាន។ ព័ត៌មានបន្ថែមលោកអ្នកអាចធ្វើការទំនាក់ទំនងតាមលេខទូរសព្ទ៍ទំនាក់ទំនង ០១៦ ៧៨៦ ៦៥៥ / ០៧៧ ២៣២ ៣៧៨៕
អត្ថបទដោយ: ណើរ ជីណា