PSY ៖ ក្មេងដែលដើរតាមក្តីស្រម៉ៃខ្លួនឯង រត់ចោលសាលជំនួញ ចូលសាលាតន្ត្រី

0
27

Park Jae-sang ត្រូវបានគេស្គាល់ថាជា PSY ម្ចាស់បទ “Gangnam Style” គាត់ក៏ជាអ្នកនិពន្ធនិងអ្នកផលិតបទភ្លេងផងដែរ គាត់ជាក្មេងដែលស្រឡាញ់តន្រ្តីតាំងពីក្មេង ហើយគាត់មិនចូលចិត្តសាលាប៉ុន្មានទេ ។

PSY កើតនៅឆ្នាំ ១៩៧៧ ក្នុងគ្រួសារដែលមានឥទ្ធិពលនៅប្រទេសកូរ៉េ ឪពុករបស់គាត់ Park Won-Ho ជាអគ្គនាយកក្រុមហ៊ុន DI Corporation និងម្តាយ Kim Young-hee ជាម្ចាស់ភោជនីយដ្ឋាន ពីរបីកន្លែង ។

ពេលនៅរៀនថ្នាក់ចំណេះដឹងទូទៅគាត់មិនចូលចិត្តសាលាទេ ហើយគាត់ត្រូវគេស្គាល់ថាជា “តួកំប្លែងប្រចាំថ្នាក់” ។ គ្រូរបស់គាត់មិនចូលចិត្តគាត់ទេ ដោយសារគាត់ចូលចិត្តលេងកំប្លែងរបៀបអត់ចេះអៀនខ្មាសនៅក្នុងថ្នាក់ តែហេតុផលនេះធ្វើឲ្យមនុស្សម្នាក់នេះក្លាយជាក្មេងដែលមានឥទ្ធិពលអាចទាញចំណាប់អារម្មណ៍សិស្សមួយថ្នាក់មកមើលគាត់លេងកំប្លែង ។

ថ្លែងក្នុងកិច្ចសម្ភាសន៍កម្មវិធី CNN លោក Park ឲ្យដឹងថា កាលពីគាត់នៅអាយុ ១៥ ឆ្នាំគាត់បានមើលទូរទស្សន៍កូរ៉េ និយាយពីតន្ត្រីបរទេស និងបានឃើញការសម្តែងរបស់ក្រុមតន្ត្រីល្បីល្បាញ the British rock band Queen ចាប់តាំងពីពេលនោះមកលោក Park ចាប់ផ្តើមស្រឡាញ់តន្ត្រីយ៉ាងខ្លាំង ។

ក្រោយបញ្ចប់ថ្នាក់វិទ្យាល័យនៅឆ្នាំ ១៩៩៦ គាត់មានគម្រោងចូលរៀនថ្នាក់ គ្រប់គ្រងពាណិជ្ជកម្ម នៅសកលវិទ្យាល័យអាមេរិក Boston University ដើម្បីជួយគ្រប់គ្រងក្រុមហ៊ុនពេលត្រឡប់មកវិញ ។ តែពេលទៅដល់អាមេរិក គំនិតនេះបានរលាយបាត់ទៅវិញ គាត់បានចំណាយពេលយ៉ាងច្រើនហ្វឹកហាត់លេងឧបករណ៍តន្រ្តីនិងការកំសាន្ត ។

បន្ទាប់ពីបញ្ចប់ថ្នាក់ភាសាអង់គ្លេស និងថ្នាក់គ្រប់គ្រងពាណិជ្ជកម្មបានមួយឆមាស ក្មេងប្រុសរូបនេះបានរត់ចោលសាលាជំនួញ ទៅចុះឈ្មោះចូលរៀននៅសាលា Berklee College of Music កំឡុងពេលពេលនោះគាត់បានហ្វឹកហាត់ពីការស្តាប់ភេ្លងនិងនិពន្ធសាច់ភ្លេង ។ រៀនមិនទាន់ចប់ផងគាត់បានវិលត្រឡប់មកកូរ៉េវិញដើម្បីចាប់អាជីពជាអ្នកចំរៀង ដោយគ្មានសញ្ញាបត្រពីសាលាតន្ត្រី ។

PSY ត្រូវបានអ្នកផលិតកម្មវិធីទូរទស្សន៍ចាប់អារម្មណ៍បន្ទាប់ពី គាត់បានសម្តែងក្នុងកម្មវិធីទូរទស្សន៍ជាតិរបស់កូរ៉េខាងត្បូង និងចាប់ផ្តើមផលិត album ចំរៀងបន្តបន្ទាប់ ជាពិសេសបទ “Gangnam Style”  ដែលជាបទល្បីជាងគេ ។

ឆ្លងកាត់ប្រវត្តិរត់ចោលសាលាជំនួញ មកដើរតាមក្តីស្រម៉ៃរបស់ខ្លួន បានធ្វើឲ្យ PSY រកឃើញគោលដៅនិងភាពជោគជ័យរបស់គាត់ ដែលនេះជាមេរៀនមួយបញ្ជាក់ឲ្យឃើញថា ការដើរតាមក្តីស្រម៉ៃបានជះឥទ្ធិពលដល់ការសម្រេចចិត្តនិងវាសនារបស់មនុស្ស តែក្នុងការសម្រេចចិត្ត អ្នកត្រូវចេះមើលតាមកាលៈទេសៈ ឲ្យច្បាស់ថាខ្លួនឯងចូលចិត្តវាពិតប្រាកដឬទេ មិនមែនគ្រាន់តែមានក្តីស្រម៉ៃតាមគេនោះទេ ។

អត្ថបទដោយ ៖ Hu TingJia

LEAVE A REPLY

Please enter your comment!
Please enter your name here