ក្រុមហ៊ុន Chestertons បានចាត់ទុកកម្ពុជា ជាទីផ្សារ «គន្លឹះ, រីកចម្រើនខ្លាំង» ស្របតាមយុទ្ធសាស្រ្តពង្រីកខ្លួននៅតំបន់អាស៊ី។ ហើយវត្តមានក្រុមហ៊ុនដែលមានអាយុកាលជាង២០០ឆ្នាំនេះ នឹងជួយលើកកម្ពស់ស្តង់ដារក្នុងការគ្រប់គ្រងអចលនទ្រព្យនៅកម្ពុជា និងបង្កើនទំនុកចិត្តដល់អ្នកវិនិយោគ។
ក្រុមហ៊ុនផ្តល់សេវាកម្មគ្រប់គ្រងអចលនទ្រព្យលំដាប់ពិភពលោក Chestertons Cambodia ដែលមានប្រភពដើមពីចក្រភពអង់គ្លេស បានបើកសម្ពោធជាផ្លូវការនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការលើការគ្រប់គ្រងអគារលំនៅឋាន និងអគារពាណិជ្ជកម្ម។
ពិធីបើកសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុន Chestertons Cambodia ត្រូវបានរៀបចំធ្វើឡើងនៅឯសណ្ឋាគារ Raffles Hotel Le Royal ដោយមានការអញ្ជើញចូមរួមពីគណៈគ្រប់គ្រងក្រុមហ៊ុន Chestertons នៅកម្ពុជា និង ចក្រភពអង់គ្លេស ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើននាក់។
បច្ចុប្បន្នក្រុមហ៊ុន Chestertons មានអាយុកាល ២១៦ឆ្នាំ ហើយ Chestertons បានបើកការិយាល័យជាផ្លូវការទី៣០របស់ខ្លួន នៅរាជធានីភ្នំពេញ។ ក្នុងនោះ ក្រុមហ៊ុន Chestertons Cambodia នឹងផ្ដោតសំខាន់លើ សេវាកម្មគ្រប់គ្រងអចលនទ្រព្យ ដូចជាអគារការិយាល័យ អគារលំនៅឋាន បុរី រួមទាំងអគារពាណិជ្ជកម្មផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា។
លោក កឺក ណារិន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Chestertons Cambodia ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ការរីកចម្រើនលើវិស័យសំណង់ និងវិស័យអចលនទ្រព្យ កំពុងរីកដុះដាលខ្លាំង ដូចជាសំណង់អគារសម្រាប់ការស្នាក់នៅ និងធុរកិច្ច ។ លោក កត់សម្គាល់ឃើញថា ការផ្តល់សេវាគ្រប់គ្រងអចលនទ្រព្យកន្លងមក ហាក់នៅមានចំណុចខ្វះខាតនៅឡើយ ដែលទាមទារឲ្យមានអ្នកជំនាញផ្នែកគ្រប់គ្រង ដើម្បីផ្តល់សេវាកម្មនេះប្រកបដោយប្រសិទ្ធិភាព។
លោកកឹក ណារិន បានថ្លែងថា៖ «Chestertons Cambodia មានចក្ខុវិស័យវែងឆ្ងាយសម្រាប់ដំណើរការក្រុមហ៊ុនរបស់យើងនៅក្នុងទីផ្សារប្រទេសកម្ពុជា តាមរយៈការចូលរួមចំណែកដើម្បីផ្តល់សេវាកម្មគ្រប់គ្រប់អចលនទ្រព្យនេះជូនអ្នកអភិវឌ្ឍន៍អចលនទ្រព្យ អ្នកវិនិយោគ និងម្ចាស់អគារអោយបានល្អបំផុត»។
យោងតាមការបញ្ជាក់ពីអ្នកជំនាញអចលនទ្រព្យ ការទទួលបានសេវាគ្រប់គ្រងអចលនទ្រព្យដែលមានទាំងកេរ្តិ៍ឈ្មោះល្បីល្បាញ និងស្តង់ដារលំដាប់អន្តរជាតិ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ម្ចាស់ទ្រព្យ ជាពិសេសនោះគឺជួយឱ្យតម្លៃអចលនទ្រព្យនោះឡើងថ្លៃខ្ពស់ ហើយងាយស្រួលលក់ចេញ ឬដាក់ជួល។
របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ក្នុងឆ្នាំ២០២១កន្លងទៅនេះ មានគម្រោងសាងសង់ជាង ៤ ៣០០ គម្រោង ទទួលបានការអនុម័ត ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបជិត ១៣ លានម៉ែត្រការ៉េ។ គម្រោងសាងសង់ទាំងនេះ មានទុនវិនិយោគបូកបញ្ចូលគ្នាប្រមាណ ៥,៣ ប៊ីលានដុល្លារ៕