ផ្លូវដែកពីភ្នំពេញទៅប៉ោយប៉ែត នឹងមានវត្តមានឡើងវិញត្រឹមខែកក្កដា ឆ្នាំនេះ

0
20

ផ្លូវដែកពីភ្នំពេញទៅប៉ោយប៉ែត នឹងមានវត្តមានឡើងវិញត្រឹមខែកក្កដា ឆ្នាំ ២០១៨ នេះ ក្រោយជួសជុលបន្តបន្ទាប់តាំងពីឆ្នាំ ២០១៧ ។

ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង ព្រែកក្ដាម-ធ្លាម្អម កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងសាធារណការ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួង សាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា ក្រសួងនឹងខិតខំជំរុញការជួសជុលផ្លូវដែក ភាគខាងជើងឱ្យបានចប់នៅខែកក្កដា ឆ្នាំ២០១៨ នេះ ដែលនៅសល់ប្រវែង ១៤០ គីឡូម៉ែត្រទៀត កំពុងតែកែលម្អ និងជួសជុល ដើម្បី ឱ្យដំណើរការផ្លូវដែកឡើងវិញចាប់ពីភ្នំពេញទៅប៉ោយប៉ែត ។

ឯកឧត្តមរដ្ឋមន្រ្ដីបានបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូននឹងខិតខំជំរុញ ដល់ក្រុមហ៊ុនម៉ៅការ ធ្វើឱ្យរួចរាល់នៅត្រឹមខែកក្កដា ឆ្នាំ២០១៨នេះ ដែលមានប្រវែងជាង៣០០គីឡូម៉ែត្រ។

ឯកឧត្តមបានលើកឡើងថា ក្រុមហ៊ុនដែលទទួលម៉ៅការសាងសង់គម្រោងស្ថាបនាផ្លូវដែកនេះ អាច មានការយឺតយ៉ាវ ហើយក្រសួងក៏កំពុងតែជំរុញដល់ក្រុមហ៊ុនធ្វើយ៉ាងណា ធ្វើឱ្យបានរួចរាល់នៅដំណាច់ ឆ្នាំ២០១៨នេះ ។

គួរបញ្ជាក់ថា ផ្លូវដែកពីភ្នំពេញទៅប៉ោយប៉ែតជាផ្លូវដែកដែលមានវ័យចំណាស់ជាងគេ ជា​ផ្លូវ​ដឹកជញ្ជូន​សេដ្ឋកិច្ច​មួយ​យ៉ាងសំខាន់​ កសាងឡើងតាំងពីឆ្នាំ ១៩២៩ មានប្រវែង ៣៣៨ គីឡូម៉ែត្រ និងត្រូវជុសជុលឡើងក្រោមគម្រោង ១០០ គីឡូម៉ែត្រក្នុងរយៈពេល ៦ ខែ ទទួលបានថវិការពីរដ្ឋ ២០ លានដុល្លារក្នុងមួយឆ្នាំ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

 

LEAVE A REPLY

Please enter your comment!
Please enter your name here