ឧកញ៉ាគួច ម៉េងលី​៖ «ធ្វើជាមនុស្ស ត្រូវសំលៀងខ្លួនឯងឲ្យមុត ដើម្បីចាក់ឲ្យធ្លាយ វាយឲ្យបែក»

0
28

ភាពជោគជ័យក្នុងឆាកជីវិតមនុស្សកើតចេញពីខ្លួនឯងផ្ទាល់ មិនមែនកើតចេញពីកត្តាខាងក្រៅនោះទេ។ ភាពជោគជ័យ គឺយើងជាអ្នកបង្កើតឡើង ហើយជោគជ័យកម្រិតណានោះ វាក៏អាស្រ័យលើយើងជាអ្នកកំណត់ផងដែរ។ មនុស្សអាចប្រៀធៀបទៅនឹងកាំបិត ឬពូថៅ បើចង់ប្រើការឲ្យមានប្រសិទ្ធភាព ត្រូវសំលៀងឲ្យបានមុត សំលៀងវារាល់ថ្ងៃទើបបាន មិនដូច្នេះទេ យើងនឹងចំណាយពេលច្រើនក្នុងការធ្វើកិច្ចការតូចមួយ ដែលការងារនោះធ្វើត្រឹមរយៈពេលខ្លីក៏ដោយ។

លោកគួច ម៉េងលី មានទស្សនៈថា បើចង់ឲ្យជីវិតយើងជោគជ័យ លុះត្រាតែយើងត្រូវសំលៀងខ្លួនឯងឲ្យមុត ដើម្បីចាក់ឲ្យធ្លាយ វាយឲ្យបែក ទើបបាន។ ក្នុងន័យនេះ ឆ្លុះបញ្ចាំងអំពីខ្លួនយើង ត្រូវតែជាមនុស្សមានជំនាញច្បាស់លាស់ មិនចេះគ្រប់រឿង តែមានជំនាញលើផ្នែកណាមួយឲ្យប្រាកដ មិនថាជំនាញណានោះទេ។ ឆាកជីវិតមនុស្សត្រូវ​ឆ្លងកាត់រឿងហេតុច្រើនណាស់ ទម្រាំជោគជ័យ បើយើងមិនមុតទេ មិនអាចដោះស្រាយបញ្ហាទាំងនោះបានទេ។ បើខ្លួនមិនមុត យើងមិនអាចជោគជ័យលើការសិក្សា ការងារ ជីវិតផ្ទាល់ខ្លួន ឬជំនួញបានឡើយ។

ជាក់ស្តែង លោកឧកញ៉ាផ្ទាល់ បានខិតខំប្រឹងប្រែងរៀនសូត្រ ធ្វើការងារសង្គមស្ម័គ្រចិត្ត ដើម្បីឈានចាប់យកជំនាញពេទ្យ សិក្សានៅសាលាល្បីប្រចាំរដ្ឋ។ មិនត្រឹមតែប៉ុណ្ណោះ លោកឧកញ៉ាមិនបានយកពេលវេលាក្នុងភាពជាយុវជន ទៅធ្វើការមិនសូវមានប្រយោជន៍នោះទេ លោកបានខិតខំប្រឹងប្រែងរៀនសូត្រស្ទើរគ្រប់ពេលវេលា មិនថានៅសាលា ឫនៅផ្ទះ ដើម្បីសំលៀងខ្លួនឯងឲ្យមុតស្រួច សម្រាប់បុកបំបែកឧបសគ្គ ឬការងារដែលត្រូវបំពេញឲ្យបានល្អឥតខ្ចោះ។ នៅអំឡុងភាពជាយុវវ័យ ជាពេលសំខាន់ខ្លាំងណាស់ ដែលត្រូវតែយកពេលបង្កើនចំណេះដឹង ប្រឹងប្រែងរៀនសូត្រ ដើម្បីអនាគតល្អប្រសើរ។

សិស្សានុសិស្ស អាចយកគំរូតាមលោកឧកញ៉ាផ្ទាល់ តាមរយៈការខិតខំប្រឹងប្រែងរបស់លោក បានរុញច្រានឲ្យលោក ទទួលបានជោគជ័យលើជីវិតផ្ទាល់ខ្លួន និងមុខជំនួញលើវិស័យអប់រំ។ យើងអាចគិតថា ប្រសិនបើគាត់មិនចំណាយពេលសំលៀងខ្លួនឯងឲ្យមុតទេនោះ ប្រហែលជាមិនមានលទ្ធផលជោគជ័យដូចសព្វថ្ងៃនេះទេ ព្រោះជោគជ័យធំ ឧប​សគ្គក៏មានធំដែរ៕

 

អត្ថបទដោយ៖ ម៉ន វុទ្ធា

[email protected]

Facebook:  Morn Vuthea

 

LEAVE A REPLY

Please enter your comment!
Please enter your name here