សេវាកម្ម ចែករំលែកកង់ជិះ ធំបំផុតក្នុងលោក ហក់ចូលទឹកដីថៃ ត្រៀមកាត់បន្ថយការស្ទះចរាចរណ៍

0
44

Ofo ក្រុមហ៊ុន ផ្ដល់សេវាកម្មចែករំលែកកង់ជិះធំបំផុតដែល មានមូលដ្ឋាន នៅទីក្រុង ប៉េកាំង ប្រទេសចិន បានសម្រេចចូលខ្លួនមកបម្រើសេវាជិះកង់ ដើម្បីត្រៀមខ្លួនជួយកាត់បន្ថយការកកស្ទះចរាចរណ៍ខ្លាំងនៅតំបន់ទីប្រជុំជនក្នុងខេត្ត Phuket ប្រទេសថៃ។

សេវាកម្ម ចែករំលែកកង់ជិះ Ofo នឹងចាប់ផ្ដើមបម្រើសេវាកម្មរបស់ខ្លួនក្នុងទឹកដីថៃ ចាប់ពីថ្ងៃទី ១ តុលាឆ្នាំ ២០១៧ខាងមុខនេះ។ ជាជំហានដំបូង ក្រុមហ៊ុននឹងដាក់ពង្រាយកង់ភ្ជាប់ជាមួយនឹងការចាក់សោរពិសេសចំនួន ១ពាន់គ្រឿងនៅក្នុងខេត្ត Phuket។

លោក Noppol Toochinda ប្រធានគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុន Ofoប្រចាំប្រទេសថៃ បានឲ្យដឹងថា នៅពេលដែលសេវាកម្មចែករំលែកកង់ជិះនេះដំណើរជាផ្លូវការនាពេលខាងមុខនេះ ប្រជាជនក្នុងទីក្រុង Phuket នឹងទទួលបានការជិះកង់ដោយឥតគិតថ្លៃក្នុងរយៈពេលមួយខែពេញ។

សេវាកម្មកង់ Ofo ត្រូវបានរចនាឡើង សម្រាប់ការធ្វើដំណើរពីចំណុចមួយទៅចំណុចមួយ ក្នុងចន្លោះពី មួយគីឡូម៉ែត្រទៅ ៥គីឡូម៉ែត្រ។ សេវកម្មកង់នេះជួយកាត់បន្ថយតម្លៃធ្វើដំណើរ ហើយក៏ជួយដោះស្រាយបញ្ហាការចតយានយន្តរបស់ប្រជាជននៅ តំបន់មួយចំនួនដែលមានការកកស្ទះចរាចរណ៍ខ្លាំងផងដែរ។

កង់របស់ Ofo អាចរកឃើញតាមរយៈ App នៃក្រុមហ៊ុន Ofo ហើយអ្នកប្រើប្រាស់អាចដោះសោរកង់ ជាមួយនឹង QR Code។ កន្លែងដែលកង់ត្រូវបានដាក់ពង្រាយក៏ត្រូវបានដាក់បង្ហាញនៅក្នុង App ទូរស័ព្ទផ្ទាល់ផងដែរ។

លោក Noppol Toochinda ក៏បានបញ្ជាក់ផងដែរថារដ្ឋាភិបាល ថៃកំពុងតែពិចារណា​ពីយុទ្ធសាស្រ្តក្នុងការពង្រីក សេវាកម្មកង់ Ofo ក្នុងតំបន់អាស៊ីអាគ្នេយ៍។ លើសពីនេះ ជាជំហានដំបូងសេវាកម្ម​កង់ Ofoនេះនឹងត្រូវបានគេ ដាក់ពង្រាយពីតាមគោលដៅសំខាន់ៗដូចជានៅជិតសណ្ឋារគារ តាមបណ្ដាសាកលវិទ្យាល័យធំៗជាដើមក្នុងប្រទេសថៃ។

គួរជម្រាបផងដែរថា សេវាកម្មកង់ Ofo បានពង្រីកសេវាកម្មរបស់ខ្លួន​ នៅទីក្រុងចំនួន ១៧០ ក្នុងប្រទេស ចំនួន ៩។ ក្រុមហ៊ុន Ofo ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៤ ហើយរហូតដល់បច្ចុប្បន្ននេះ មានអ្នកប្រើប្រាស់សេវាកម្មកង់របស់ខ្លួនជាង ២០លាននាក់​៕

អត្ថបទដោយ៖ ហុង

LEAVE A REPLY

Please enter your comment!
Please enter your name here