Nick Vujicic៖ ខ្ញុំពិការរូបរាងក៏ពិតមែន តែក្តីស្រមៃរបស់ខ្ញុំមិនពិការនោះទេ

0
24

នៅវ័យត្រឹមតែ ១៧ឆ្នាំ លោក Nick Vujicic បានបង្កើត​អង្គការមិនរកចំណូលមួយ មានឈ្មោះថា “Life Without Limb” ហើយបានបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ​ Griffith Universiyy ក្នុងវ័យ ២១ ឆ្នាំ ។ ដោយធ្លាប់ចូលរួមក្នុងកម្មវិធី ប្រកួតប្រជែងនិយាយជាសាធារណៈជាច្រើនសារ លោកក៏បានក្លាយជាគ្រូបណ្តុះបណ្តាលផ្នែកចិត្តសាស្រ្តដ៏ល្បីមួយរូប ដោយមានអ្នកចូលរួមស្តាប់ច្រើនជាង ៣លាននាក់ នៅក្នុងប្រទេសជិត ៦០។ មិនតែប៉ុណ្ណោះ លោក Nick ក៏ជាអ្នកនិពន្ធសៀវភៅផ្នែកលើកទឹកចិត្តដ៏ល្បីផងដែរ។

ពាណិជ្ជកម្ម កម្ពុជា សូមលើកយកគំនិតខ្លះៗ​ របស់លោក Nick ដើម្បីជាការបណ្តុះស្មារតី និង ចេះលើកទឹកចិត្តដល់ខ្លួនឯង សម្រាប់ប្រិយមិត្តអ្នកអានខាងក្រោមនេះ ៖

១. រាងកាយរបស់ខ្ញុំពិការមែន តែផ្នត់គំនិតរបស់ខ្ញុំមិនពិការទេ៖ 

មិនថាលោកអ្នកជានរណានោះទេ លោកអ្នកនៅតែជាមនុស្សដែលអាចសម្រេចមហិច្ចតា និងផ្តល់ភាពជោគជ័យដល់ខ្លួនឯងបាន​។ បើទោះជាលោកអ្នកស្ថិតក្នុងពិការភាព ឬ ជីវភាពក្រីក្រលំបាកយ៉ាងណាក៏ដោយ ព្រោះពិការភាព គ្រាន់តែជាឧបសគ្គនៃផ្នែករាងកាយ ណាមួយរបស់លោកអ្នកតែប៉ុណ្ណោះ​ វាមិនមានន័យថា ផ្នត់គំនិត និងឆន្ទៈរបស់លោកអ្នកពិការនោះទេ។ ​

២. តស៊ូកាន់តែខ្លាំង ជោគជ័យកាន់តែធំ​៖ 

ទន្ទឹមនឹងមានការតស៊ូ លោកអ្នកក៏ត្រូវតែមានគោលដៅច្បាស់លាស់ ថានឹងធ្វើអ្វីដែរ ដោយហេតុថា​ គោលដៅ និងការតស៊ូគឺត្រូវតែដើរទៅជាមួយគ្នា ហើយចំនុចទាំងពីរនេះ ជាកត្តាលីករដ៏ធំបំផុត ក្នុងការសម្រេចនូវក្តីសុបិនរបស់លោកអ្នក​។ បើឧបសគ្គកើតមានចំពោះលោកអ្នកកាន់តែច្រើន ហើយចិត្តរបស់លោកអ្នកកាន់តែចង់យកឈ្នះ នូវឧបសគ្គទាំងនោះ ជាលទ្ធផល ជោគជ័យនឹងរត់មករកលោកអ្នក ហើយវាមិនមែនជាវាសនា ឬសំណាងនោះឡើយ។

៣. បើបរាជ័យ មានតែព្យាយាមម្តងហើយ ម្តងទៀត​ ព្យាយាមគ្មានទីបញ្ចប់៖ 

នៅពេលដែលលោកអ្នក ធ្លាប់បានជួបនូវរឿងរ៉ាវ ដែលធ្វើអ្វីមួយមិនបានសម្រេច ឬបរាជ័យ ពេលខ្លះ លោកអ្នកហាក់ដូចជាមានអារម្មណ៍ថា​ មិនចង់ធ្វើវាបន្តទៀតទេ ដោយសារការបាត់បង់ភាពជឿទុកចិត្តលើខ្លួនឯង ក៏ប៉ុន្តែ ការមានអារម្មណ៍ដូច្នេះ កាន់តែធ្វើឲ្យលោកអ្នកបាក់ទឹកចិត្តបន្ថែមមួយកម្រិតទៀត លោកអ្នកត្រូវតែចេះ លើកទឹកចិត្តខ្លួនឯង ក្នុងការទទួលយកភាពបរាជ័យមកធ្វើជាមេរៀន ព្រោះថាបរាជ័យកាន់តែច្រើន ចេះក៏កាន់តែច្រើនដែរ។

៤. បំពេញក្តីសុបិនដោយប្រើ អំណាចថាមពលផ្លូវចិត្ត ទើបអាចផ្លាស់ប្តូរជីវិតបាន៖

ជោគជ័យ ត្រូវបានវាស់វែងដោយការសម្រេចគោលដៅ ក្តីសុបិន្ត និងការរំពឹងទុក ហើយជោគជ័យរបស់លោកអ្នក ត្រូវកំណត់ដោយការខិតខំប្រឹងប្រែង​ធ្វើការងារ ការតស៊ូព្យាយាម និងការបេ្តជ្ញាចិត្ត ជាពិសេសការធ្វើដំណើរទៅកាន់ភាពជោគជ័យក្នុងជីវិត គឺអាស្រ័យទៅលើលោកអ្នកផ្ទាល់ ដែលជាអ្នកសម្រេច និងជាអ្នកទទួលយកលទ្ធផលផងដែរ៕

អត្ថបទដោយ៖ Ly DavidPang

 

LEAVE A REPLY

Please enter your comment!
Please enter your name here