កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជានៅក្នុងពិធីពីធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២០-២០២១ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាល បានប្រកាសថា រាជរដ្ឋាភិបាល នឹងធ្វើការដំឡើងប្រាក់បៀវត្សថ្មីជូនមន្ដ្រីរាជការ និងកងកម្លាំងប្រដាប់អាយុទ្ធ។
ដោយក្នុងនោះគ្រូបង្រៀន និងគ្រូពេទ្យ នឹងត្រូវដំឡើងប្រាក់បៀវត្សយ៉ាងតិច ១ ៥០០ ០០០ រៀល នៅក្នុងមួយខែ ខណៈដែលមន្ដ្រីរាជការដទៃផ្សេងទៀតទទួលបានយ៉ាងតិច ១ ៤០០ ០០០ រៀលនៅក្នុងមួយខែផងដែរ។ ប៉ុន្ដែប្រាក់បៀវត្សដែលត្រូវដំឡើងនេះនឹងចាប់ផ្ដើមអនុវត្ដពីខែមករា ឆ្នាំ២០២៣ខាងមុខ។
ជាក់ស្ដែងនៅមុននេះបន្ដិច (ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២) សម្ដេចតេជោនាយករដ្ឋមន្រ្ដី បានចេញបញ្ជាក់ជាថ្មីនៅក្នុងហ្វេសផេកផ្លូវការ ដោយសម្ដេចបានបញ្ជាក់ថា «ម្សិលមិញខ្ញុំបានប្រកាសអំពីការដំឡើងបៀវត្សជូនមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធក្នុងភាពមិនច្បាស់លាស់អំពីពេលវេលាដែលបង្កឱ្យមានការភ័ន្តច្រឡំ។ ខ្ញុំសូមបញ្ជាក់ជូនថាការដំឡើងបៀវត្សនឹងត្រូវចាប់ផ្តើមនៅខែមករាឆ្នាំ២០២៣»។
ដូច្នេះមានន័យថា ប្រាក់ខែថ្មីដែលត្រូវដំឡើងនេះ នឹងត្រូវធ្វើឡើងនៅអំឡុងខែមករា ឆ្នាំ២០២៣ ខាងមុខតទៅ ខណៈនៅក្នុងឆ្នាំ២០២២នេះ គឺនៅរក្សាទំហំដដែល៕
អត្ថបទ៖ កឹម ប៊ុនធឿន