អត្ថបទ >
ព័ត៌មានថ្មីៗ
បន្ទាន់! កូរ៉េខាងត្បូងកំពុងរងទឹកជំនន់ ខណៈស្ថានទូតខ្មែរប្រកាសឲ្យពលរដ្ឋនៅទីនោះប្រុងប្រយ័ត្ន

Bunthoeun Koem

August 9 2022

316

ជំនន់ទឹកភ្លៀងដ៏ខ្លាំងបានធ្លាក់ចុះនៅក្នុងប្រទេសកូរ៉េខាងត្បូង ធ្វើឲ្យតំបន់មួយចំនួនមានការជន់លិច ពិសេសនៅក្នុងទីក្រុងសេអ៊ូលតែម្ដង។ ហើយគ្រោះធម្មជាតិដ៏អាក្រក់នេះ ក៏បានបណ្ដាលឲ្យមានមនុស្សស្លាប់បាត់បង់ជីវិតផងដែរ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Reuter នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះ។

យោងតាមរដ្ឋបាលឧតុនិយមកូរ៉េ (KMA) បានបញ្ជាក់ថា តំបន់ភាគខាងត្បូងនៃទីក្រុងសេអ៊ូលបានទទួលភ្លៀងធ្លាក់ច្រើន ដែលមានកម្រិតកម្ពស់ទឹក ១០០ មីលីម៉ែត្រក្នុងមួយម៉ោងកាលពីល្ងាចថ្ងៃចន្ទ ហើយតំបន់ខ្លះទៀតនៃទីក្រុងក៏មានធ្លាក់ក្នុងកម្រិតកម្ពស់ ១៤១.៥ មីលីម៉ែត្រឯណោះក្នុងមួយម៉ោង។ ហើយនេះជាភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក។

ដោយឡែកនៅក្នុងសង្កាត់ ហ្គាងណាម (Gangnam)  អគារ និងហាងមួយចំនួនត្រូវបានជន់លិច និងគ្មានថាមពលប្រើប្រាស់ ខណៈដែលរថយន្ត ឡានក្រុង និងស្ថានីយ៍រថភ្លើងក្រោមដីត្រូវបានលិចទឹក ដែលធ្វើឱ្យមនុស្សជាប់គាំងនៅទីនោះផងដែរ។

បើតាមទីស្នាក់ការកណ្តាលប្រឆាំងគ្រោះមហន្តរាយ និងសុវត្ថិភាពបាន និយាយថា យ៉ាងហោចណាស់មនុស្ស ៥ នាក់បានស្លាប់នៅក្នុងទីក្រុងសេអ៊ូល និង ២ នាក់ទៀតនៅក្នុងខេត្ត ហ្យុងហ្គី (Gyeonggi) នៅព្រឹកថ្ងៃអង្គារនេះ។

ទាក់ទងនឹងការបញ្ហានេះដែរ នៅព្រឹកថ្ងៃអង្គារ ទី៩ ខែសីហានេះ ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសកូរ៉េខាងត្បូង ក៏បានចេញប្រកាសនៅលើបណ្ដាញសង្គមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅទីនោះមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិនេះផងដែរ។

ដោយក្នុងនោះខាងស្ថានទូតបានសរសេរថា «សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅសាធារណរដ្ឋកូរ៉េ សូមថែរក្សាសុខភាព និងបន្តការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ខណៈពេលដែលតំបន់មួយចំនួនក្នុងទីក្រុងសេអ៊ូល និងតំបន់ក្យ៉ង់គី កំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង»

អត្ថបទ៖ កឹម ប៊ុនធឿន

296619012 426400636187756 7073554701252628496 N

297644843 426400856187734 7591511647562148068 N

297639600 426400646187755 8758205084397331004 N

297904326 426400772854409 8734410165823348935 N

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth