ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ តម្លៃជិត ២ពាន់លានដុល្លារ ទទួលការវិនិយោគជាផ្លូវការ

0
39

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ តម្លៃជិត ២ពាន់លានដុល្លារ ទទួលការវិនិយោគជាផ្លូវការតាមរយៈកិច្ចព្រមព្រៀងសម្បទានពីចិន ដែលបានចុះហត្ថលេខានៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នាវិមានសន្តិភាព រវាងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងភាគីចិន​លោក Liu Qitao ប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន ។

គម្រោងសាងសង់ផ្លូវល្បឿនលឿននេះ នឹងត្រូវសាងសង់ដោយក្រុមហ៊ុន China Communications Construction Company តាមរូបភាពវិនិយោគ សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT) ជាផ្លូវ ០៤គន្លង មានប្រវែងសរុប ១៩០,៦៣គីឡូម៉ែត្រ ចេញពីភ្នំពេញ រហូតដល់ខេត្តព្រះសីហនុ ជាផ្លូវថ្មីទាំងស្រុង តួផ្លូវមានទទឹង ២៤ម៉ែត្រ ក្រាលកៅស៊ូ AC មានសួនច្បារខណ្ឌកណ្តាល មានផ្លូវបំបែកប្តូរទិស មានទីតាំងឈប់សម្រាក មានរបងបាំងសងខាងផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធសំណង់សេវាគាំទ្រជាច្រើនទៀត។

ឯកឧ្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តី ក្រសួងសាធារណៈការនិងដឹកជញ្ជូន ធ្លាប់បានបង្ហើបឲ្យដឹងថា ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុមួយនេះ អាចនឹងចំណាយថវិការសាងសង់ប្រមាណ ១៩០០លានដុល្លារអាមេរិក។

គម្រោងនេះត្រូវបានពិភ្សាដំបូងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយលោក Liu Qitao ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន និងការចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៤ ដល់១៥ ខែឧសភា ឆ្នាំ២០១៧ នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ។

គួរបញ្ជាក់ថា ក្រោយសាងសង់រួច ផ្លូវល្បឿនលឿននេះនឹងជួយសម្រួលដល់ការធ្វើដំណើរទៅមក រាជធានីភ្នំពេញ-ខេត្តព្រះសីហនុ ក្នុងរយៈពេលខ្លី កាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយការកកស្ទះ សម្រួលដល់ការដឹកជញ្ជូនទំនិញ ធ្វើឱ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើនកាន់តែប្រសើរ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here