Napoleon៖ ក្លាហានគឺមិនមែនពេលមានកំលាំងបន្តទៅមុខទេ តែគឺពេលបន្តទៅមុខទាំងគ្មានកំលាំង

0
24

មេទ័ពដ៏អស្ចារ្យម្នាក់ដែលបានធ្វើបដិវត្តន៍ពង្រីកទឹកដីទូទាំងទ្វីបអឺរ៉ុប និងជាអធិរាជដំបូងគេបង្អស់របស់ប្រទេសបារាំង គឺ Napoleon Bonaparte ដែលលោកបានយកជ័យជម្នះលើសង្រ្គាមជាច្រើនលើកច្រើនសារដោយការប្រើយុទ្ធសាស្រ្តបានយ៉ាងល្អបំផុត។ តើលោកអ្នកចង់ដឹងទេថា Napoleon មានលក្ខណៈនៃការដឹកនាំដូចម្តេចខ្លះទើបទទួលបាននូវភាពជោគជ័យដ៏ធំធេងនេះ?

១. ជ័យជម្នះជារបស់អ្នកតស៊ូ៖ បើលោកអ្នកនៅតែតស៊ូដល់ដំណាក់កាលចុងក្រោយដោយមិនបោះបង់ក្តីសង្ឃឹមចោល នោះប្រាកដណាស់ថា ជ័យជម្នះ គឺត្រូវតែជារបស់លោកអ្នកជាក់ជាមិនខាន។ ព្រោះការតស៊ូ គឺជាការបង្កើតមាគ៌ាដ៏ធំធេង ដើម្បីបន្តឆ្ពោះទៅរកភាពជោគជ័យ ដែលកំពុងតែរង់ចំាលោកអ្នកនៅខាងមុខ។

២. សេចក្តីក្លាហាន មិនមែនមានកំលាំងបន្តទៅមុខនោះទេ គឺបន្តទៅមុខទាំងគ្មានកំលាំង៖ មនុស្សក្លាហានមិនប្រាកដថា ទាល់តែមានកំលាំងទើបអាចបន្តទៅមុខបាននោះទេ ព្រោះអ្នកក្លាហានពិតប្រាកដហ៊ាន គឺបន្តទៅមុខជាមួយទឹកចិត្តដ៏អង់អាចជានិច្ច បើទោះបីជាពួកគេគ្មានកំលាំងក៏ដោយ។

៣. គ្មានអ្វីពិបាក និងមានតម្លៃជាងការសម្រេចចិត្តទេ៖ ការសម្រេចចិត្តពិតជាពិបាកណាស់ ព្រោះមនុស្សភាគច្រើនបានត្រឹមតែគិតចេញជាគំនិតប៉ុណ្ណោះ ប៉ុន្តែពួកគេមិនហ៊ានសម្រេចចិត្តនោះឡើយ។ ហើយវាក៏មានតម្លៃផងដែរ ដោយសារតែការសម្រេចចិត្តនីមួយៗសុទ្ធតែអាចផ្លាស់ប្តូរខ្សែជីវិតរបស់លោកអ្នកបានទាំងស្រុង។

៤. ចង់ធ្វើរឿងមួយអោយបានល្អ គឺត្រូវធ្វើដោយខ្លួនឯង៖ បើលោកអ្នកចង់ធ្វើរឿងមួយអោយបានល្អ លោកអ្នកត្រូវតែធ្វើវាដោយខ្លួនឯង កុំរំពឹងថាអ្នកដទៃអាចបំពេញចិត្តលោកអ្នកបានឲ្យសោះ។ ព្រោះកង្វះខាតនឹងនៅតែមាន ហើយមានតែលោកអ្នកប៉ុណ្ណោះទេ ដែលអាចធ្វើវាដោយការពេញចិត្ត និងមានទំនុកចិត្តខ្ពស់ក្នុងផ្លូវអារម្មណ៍។

៥. ក្តីស្រមៃ អាចត្រួតត្រាពិភពលោក៖ មានតែក្តីស្រមៃប៉ុណ្ណោះ ដែលអាចធ្វើអោយមហិច្ឆតាមនុស្សកាន់តែធំទៅៗ រហូតដល់ថ្នាក់ចង់ត្រួតត្រាពិភពលោក ហើយដោយសារតែមហិច្ឆតានេះឯង ទើបធ្វើអោយមនុស្សហ៊ានចាប់ផ្តើមធ្វើរឿងគ្រប់យ៉ាង ដើម្បីសម្រេចក្តីសុបិនរបស់ពួកគេ៕

អត្ថបទដោយ៖ Business Cambodia

LEAVE A REPLY

Please enter your comment!
Please enter your name here