​​អតីតអ្នក​ធ្លាក់​បាក់ឌុប​កំពុង​ធ្វើ​ការ​ប្រាក់ខែខ្ទង់ពាន់ដុល្លារ​លើ​ជំនាញ​វិជ្ជាជីវៈដែល​ខ្លួន​ស្រលាញ់

0
32

ភ្នំពេញៈ ជា​កូន​អ្នក​ស្រែ​មាន​ដើម​កំណើត​នៅ​ខេត្ដ​ព្រៃ​វែង យុវជន ពូ នាង សិស្ស​ប្រឡង​ធ្លាក់​បាក់​ឌុប​ឆ្នាំ ២០០៦ ​រំលឹក​ភាព​ជូរចត់ ដោយសា​រ​ការ​មើល​ងាយ​ នា​​ពេល​ចូល​ប្រឡូក​ការ​ងារ​ដំបូង​លើ​ជំនាញ​ជា​អ្នក Designer ​​​ព្រោះ​​គ្មាន​សញ្ញា​បត្រ​បាក់​ឌុប ប៉ុន្ដែ​បច្ចុប្បន្ន​យុវជន​រូប​នេះ​បាន​ប្រើ​ប្រាស់​ជំនាញ​រៀន​ដោយ​គ្មាន​សញ្ញាបត្រ​នេះ​​ ប្រជែង​យក​បាន​ប្រាក់​ខែ​ជិត​ ១ពាន់​ដុល្លារ​អាមេរិក​ក្នុង​ ១ខែ។

យុវជន ពូ នាង​ ប្រាប់​ ពាណិជ្ជកម្មកម្ពុជា​ឲ្យ​ដឹង​ថា យុវជន​ភាគច្រើន​ ពួកគាត់​គិត​ចំពោះ​ការ​សិក្សា​ ទៅ​លើ​តែ​ខាង​ចំណេះ​ដឹង ការ​សិក្សា​បាន​សញ្ញាបត្រ​ខ្ពស់ ប៉ុន្ដែ​ពួកគាត់​មិន​សូវ​គិត​គូរ​ពី​ការ​សិក្សា​ជំនាញ​វិជ្ជាជីវៈប៉ុន្មាន​ទេ។

នាង​ថា៖ «ពេល​​ខ្ញុំ​ចាប់​ផ្ដើម​រៀន​ជំនាញ ខ្ញុំ​បាន​គិត​មក​ខ្លួន​ឯង​ជាមុន​ ថាតើ​គួរ​រៀន​ជំនាញ​អ្វី ដែល​ត្រូវ​តាម​ចំណង់​ចំណូល​ចិត្ដ​ខ្លួន​ឯង ពេល​ដឹង​ថា​ខ្លួន​ឯង​ពូកែ​អ្វី​មួយ​ហើយ ក៏​ចាប់​ពង្រឹង​លើ​ជំនាញ​នោះ​តែ​ម្ដង​»។

ទោះ​ជា​យ៉ាង​ណា យុវជនរូបនេះ​​ បាន​លើក​ឡើង​ថា មិន​មាន​សញ្ញាបត្រក៏​មាន​ផល​លំបាក​ដែរ ចំពោះ​ការ​ប្រកួត​ប្រជែង​ ក្នុង​ទីផ្សារការ​ងារ​នៅ​ក្នុង​ក្រុម​ហ៊ុន​នានា។ កាល​ពី​​ការ​ចាប់​ផ្ដើម​ការ​ងារ​ដំបូងនៅ​ឆ្នាំ​២០១០ ​​ក្នុង​ក្រុម​ហ៊ុនឯក​ជន​មួយ​នៅ​ភ្នំពេញ ដែល​​ទទួល​បាន​ប្រាក់​កម្រៃ​ត្រឹម​ជាង ១០០ដុល្លារ ប៉ុន្ដែ​ត្រូវ​បាន​គេ​ស្ដី​បន្ទោស​ ប្រើ​សម្ដី​ឌឺដងទាក់ទង​នឹង​គ្នាន​​សញ្ញា​បត្របាក់​ឌុប​នេះ​។

នាង​​​ ថា«ពេល​នោះ​ខ្ញុំ​បាន​សម្រេចចិត្ដ​ដាក់​ពាក្យ​​លា​ឈប់ពី​ការ​ងារ​​ភ្លាមៗ បន្ទាប់​​ពី​អ្នក​គ្រប់​គ្រង​នៅ​ទីនោះ​បាន​ស្ដី​បន្ទោស​ដាក់​ឲ្យ​​ខ្ញុំ​ថា “ខ្ញុំ [អ្នក​គ្រប់​គ្រង]​ មិន​អាច​ជួល​អ្នក​ដែល​មាន​បរិញ្ញាបត្រ​មក​ជូត​តុ កៅអី​នៅ​កន្លែង​ខ្ញុំ​បាន​ទេ អញ្ចឹង​មាន​តែ​ពួកអ្នក​ឯង​ដែល​អត់​មាន​បាក់​ឌុប​ហ្នឹង​ហើយ ដែល​មក​ធ្វើ​ការ​ងារ​ហ្នឹង”»។

យុវជន ពូ នាង ​​​អះអាងទៀត​​ថា ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​​គេ​បាន​ធ្វើ​កន្លង​មក​ ក៏​បានឲ្យ​តម្លៃ​លើ​ជំនាញ​ និង​លទ្ធផល​ការ​ងារ​ជាង​​សញ្ញាបត្រ​ដែរ​។​ នាង​​​ថា «មាន​ក្រុម​ហ៊ុន​ខ្លះ​ដែល​ខ្ញុំ​បាន​ធ្វើ​ការកន្លង​មក គេ​ឃើញ​យើង​អត់​មាន​សញ្ញាបត្រ តែ​​មាន​ជំនាញ​ គេ​បែរ​ជា​មក​លើក​ទឹក​ចិត្ដដល់​យើង​ទៅ​វិញ»​៕

អត្ថបទ៖ វ៉ន ដារ៉ា

[email protected]

LEAVE A REPLY

Please enter your comment!
Please enter your name here