អស់ពី iPhone ពេលនេះសូម្បីកុំព្យូទ័រដែលប្រើប្រាស់ Window ក៏ត្រូវដើរយឺតដូចគ្នា

0
8

បន្ទាប់ពីល្បីថា iPhone ដើរយឺតដោយសារបញ្ហាថ្ម ពេលនេះកុំព្យូទ័រដែលប្រើប្រាស់ Window ក៏ត្រូវដើរយឺតដូចគ្នា ខណៈដែល Microsoft ត្រូវការជុសជុលប្រព័ន្ធសុវត្ថិភាពរបស់ខ្លួនមួយចំនួន និងបានដាក់ឲ្យ Update កំណែទម្រង់ថ្មីកាលពីសប្តាហ៍មុន ។

កាលពីថ្ងៃអង្គារកន្លងទៅក្រុមហ៊ុន Microsoft បានចេញមុខបកស្រាយពីមូលហេតុដែលការជុសជុលប្រព័ន្ធសុវត្ថិភាពនេះធ្វើឲ្យប៉ះពាល់ដល់ដំណើរការរបស់កុំព្យូទ័រ ដែលភាគច្រើនវាបានប៉ះពាល់លើ Window 7 និង​ 8 ព្រោះថាកុំព្យូទ័រ ៥១ % ទៅហើយដែលប្រើ Window ទាំងពីរនេះ ចំណែកកុំព្យូទ័រដែលប្រើប្រាស់ Window 10 មិនសូវជាមានបញ្ហាប៉ុន្មានទេ ។

Terry Myerson ប្រធានគ្រប់គ្រង Window លើកឡើងថា កុំព្យូទ័រទាំងអស់ដែលប្រើ Window 10 នឹងដើរយឺតក្នុងល្បឿនខុសគ្នាក្នុងភាគរយតិចតួចប៉ុណ្ណោះ វាធ្វើឲ្យអតិថិជនពិបាកក្នុងការកត់ចំណាំល្បឿនកុំព្យូទ័ររបស់ខ្លួន ។

ប៉ុន្តែពពួកកុំព្យូទ័រដែលផលិតមុនឆ្នាំ ២០១៦ នឹងត្រូវដើរយឺតយ៉ាងធ្ងន់ធ្ងរ ជាពិសេសអ្នកប្រើ Window 7​ និង 8 អាចមើលដឹងថាកុំព្យូទ័រខ្លួនឯងដើរយឺតភ្លាម ព្រោះប្រព័ន្ធប្រតិបត្តិការនៅក្នុង Window ទាំងនេះមានសមត្ថភាពមិនគ្រប់គ្រាន់ក្នុងការរៀបចំកំណែទម្រង់ថ្មី ។

មិនមែនមានតែអតិថិជនរបស់ Microsoft ទេដែលត្រូវជួបបញ្ហាឧបករណ៍ដើរយឺត សូម្បីអ្នកប្រើប្រាស់ Mac iPhone iPad និងផលិតផលផ្សេងទៀតរបស់ Apple ក៏ត្រូវជួបបញ្ហានេះដូចគ្នា ហើយមិនត្រឹមឧបករណ៍ដើរយឺតប៉ុណ្ណោះតែ សូម្បីតែ Safari របស់ iPhone ក៏ដើរយឺតជាងធម្មតា ២.៥% ដែរ ។

គួរបញ្ចាក់ថា ឆ្នាំ ២០១៨ នេះក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយចំនួនបានធ្វើការកែសម្រួលប្រព័ន្ធសុវត្ថិភាពរបស់ខ្លួនក្នុងទ្រង់ទ្រាយមួយធំ ធ្វើឲ្យឧបករណ៍ចាស់ៗពិបាកក្នុងការទទួលយកប្រព័ន្ធប្រតិបត្តិការថ្មី ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

 

LEAVE A REPLY

Please enter your comment!
Please enter your name here