Mazda ថា រថយន្តប្រើសាំងរបស់ខ្លួនគ្រប់ម៉ូដែល នឹងបាត់មុខនៅឆ្នាំ ២០៣០

0
29

ក្រុមហ៊ុន Mazda គ្រោងនឹងលុបបំបាត់រថយន្តប្រើសាំងរបស់ខ្លួននៅឆ្នាំ ២០៣០ ជំនួសដោយការប្រើប្រាស់រថយន្តអេឡិចត្រូនិកឬហៅថារថយន្តដើរដោយថាមពលអគ្គីសនីវិញម្តង ។

តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Kyodo News ឲ្យដឹងថា ក្រុមហ៊ុន Mazda ប្រហែលជាវិវត្តន៍ទៅរកការផលិតរថយន្តអេឡិចត្រូនិកគ្រប់ម៉ូដនៅពេលជាមួយគ្នានេះ ។ ប៉ុន្តែខ្សែស្រឡាយរបស់ Mazda មួយចំនួន សព្វថ្ងៃកំពុងស្ថិតនៅក្នុងលក្ខណៈកូនកាត់នៅឡើយ គឺប្រើសាំងផង ប្រើអគ្គីសនីផង និងប្រើហ្កាសផងដែរ។

ក្រុមហ៊ុន Mazda បញ្ជាក់ថាខ្លួននឹងបញ្ចេញរថយន្តអេឡិចត្រូនិកមួយចំនួន ចាប់ពីឆ្នាំ ២០១៩ តទៅ ។ ក្នុងនោះដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនល្បីៗដូចជា Nissan Motor ដែលបានផលិតរថយន្តអេឡិចត្រូនិកមួយចំនួនរួចមកហើយ Mazda បានសហការជាមួយ Toyota ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យានេះ ។

ម្យ៉ាងទៀតក្រុមហ៊ុននេះ នឹងផលិតម៉ាស៊ីនប្រើហ្កាសប្រភេទ ultra-efficient និងគ្រោងដាក់បញ្ចូលក្នុងរថយន្តរបស់ខ្លួនសម្រាប់សេរ៊ី ២០១៩ ។

លោក Masamichi Kogai នាយកប្រតិបត្តិក្រុមហ៊ុន Mazda ឲ្យដឹងថា​ រថយន្តប្រើហ្កាសនិងអគ្គីសនីរបស់ Mazda នឹងត្រូវដាក់បញ្ចូលគ្នាតែមួយនៅថ្ងៃអនាគត ។

គួរបញ្ជាក់ថា សព្វថ្ងៃក្រុមហ៊ុន Mazda នៅផលិតនិងលក់រថយន្តប្រើសាំងនៅឡើយ ជាក់ស្តែងកាលពីខែមុននេះ Mazda បានសម្ភោធម៉ូដែល CX-8 សេរ៊ីថ្មីនៅជប៉ុន និងបានដាក់លក់ម៉ូដែល CX-9 2018 នៅកម្ពុជា ដែលសុទ្ធតែជាប្រភេទប្រើសាំង ។

ងាកមកមើលក្រុមហ៊ុនផលិតរថយន្តផ្សេងៗវិញ កំពុងរៀបចំគម្រោងផលិតរថយន្តអេឡិចត្រូនិករបស់ខ្លួននៅឆ្នាំក្រោយៗនេះ ។

ក្នុងនោះក្រុមហ៊ុន Volvo លើកឡើងថា គ្រប់រថយន្តសេរ៊ីថ្មីរបស់ខ្លួន ចាប់ពីឆ្នាំ ២០១៩ ឡើងទៅ នឹងបំពាក់ដោយម៉ាស៊ីនអេឡិចត្រូនិកទាំងអស់ ខណៈដែលក្រុមហ៊ុន Jaguar Land Rover ថាខ្លួននឹងបញ្ចេញរថយន្តអេឡិចត្រូនិកគ្រប់ម៉ូដនៅឆ្នាំ ២០២០ ។

គួរបញ្ជាក់ថា សព្វថ្ងៃទីផ្សាររថយន្តកំពុងឈានទៅរកការប្រើប្រាស់ពពួកអេឡិចត្រូនិកបន្តិចម្តងៗហើយ ខណៈដែលប្រទេសអភិវឌ្ឍន៍មួយចំនួនបានប្រកាសកាត់បន្ថយរថយន្តប្រើសាំង ប៉ុន្តែនិន្នាការរថយន្តនៅកម្ពុជាយើងហាក់ដូចជាមិនទាន់មានអ្វីគួរឲ្យកត់សម្គាល់នៅឡើយ ។

អត្ថបទដោយ ៖ Hu TingJia

LEAVE A REPLY

Please enter your comment!
Please enter your name here