ទីបំផុតក្រុមជម្រើសជាតិ U23 វៀតណាម បានលើកពានមេដាយមាស ដោយប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយ ក្រុមជម្រើសជាតិ U23 ថៃ លទ្ធផល ១-០ លើវិញ្ញាសាបាល់ទាត់កាលពីម្សិលមិញនេះ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) លើកទី៣១ ឆ្នាំ២០២១ នៅលើទឹកដីប្រទេសវៀតណាម ចាប់ពីថ្ងៃទី៦ ដល់២២ ខែឧសភា ឆ្នាំ២០២២។
ចុះតើបុរសនៅពីក្រោយខ្នងនៃជ័យជម្នះរបស់ក្រុមជម្រើសជាតិ U23 វៀតណាមជានរណា? ធ្លាប់ឆ្លងកាត់ប្រវត្តិជូរចត់អ្វីខ្លះទម្រាំមានថ្ងៃនេះ?
លោក Park Hang-seo កើតថ្ងៃទី០៤ ខែមករា ឆ្នាំ១៩៥៩ នៅប្រទេសកូរ៉េខាងត្បូង បច្ចុប្បន្នជាគ្រូបង្វឹកដ៏មានឥទ្ធិពលម្នាក់និងកំពុងដឹកនាំក្រុមជម្រើសជាតិឈុតធំវៀតណាម និង U23 វៀតណាម។ រំលឹកទៅអតីតកាល យុវជន Park មិនមែនជាអ្នកជំនាញផ្នែកកីឡាបាល់ទាត់នោះទេ។ ប៉ុន្តែដោយសារតែការព្យាយាម និងក្តីស្រលាញ់ចំពោះវិស័យនេះ រូបគេត្រូវបានជ្រើសរើសឲ្យចូលក្រុមជម្រើសជាតិក្រោមអាយុ២០ឆ្នាំ នៅឆ្នាំ១៩៧៨។
រស់នៅប្រទេសកូរ៉េក្នុងនាមជាគ្រូបង្វឹកម្នាក់ លោក Park បានដឹកនាំក្រុមជម្រើសជាតិកូរ៉េខាងត្បូងឲ្យឈ្នះមេដាយសំរឹទ្ធិក្នុងកីឡាស៊ីហ្គេម (SEA Games) ឆ្នាំ២០០២។ ប៉ុន្មានឆ្នាំក្រោយមកដោយសារតែមានបញ្ហាផ្ទៃក្នុង និងមានការិះគន់ជាខ្លាំង លោកក៏សម្រេចចិត្តលាលែងចេញពីតំណែងជាគ្រូបង្វឹកក្នុងឆ្នាំ ២០០៧ និងចិញ្ចឹមចិត្តចង់ក្លាយជាគ្រូបង្វឹកនៅចិនដីគោក ប៉ុន្តែសំណាងមិនល្អត្រូវបានគេបដិសេធជាច្រើនលើកច្រើនសារ។
បន្ទាប់ពីបរាជ័យម្តងហើយម្តងទៀត ប្រពន្ធលោក Park បានណែនាំលោកឲ្យស្គាល់បុរសម្នាក់ឈ្មោះ Lee Dong-jun ដែលធ្លាប់បម្រើការ និងមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយក្រុមវិស័យកីឡាក្នុងតំបន់អាស៊ីអាគ្នេយ៍។ បន្ទាប់ពីអ្នកទាំងពីរបានស្គាល់គ្នា មួយឆ្នាំក្រោយមកលោក Lee ក៏បានហៅទូរស័ព្ទទៅលោក Park ដោយបានសួរថា តើលោក Park មានចំណាប់អារម្មណ៍ចង់ធ្វើជាគ្រូបង្វឹកក្រុមជម្រើសរៀតណាមដែរឬទេ? ក្នុងចិត្តស្ទាក់ស្ទើរមិនទាន់ឆ្លើយយល់ព្រមនៅឡើយ ត្បិតលោកគិតថាគ្រាន់តែចង់ធ្វើជាគ្រូបង្វឹកក្នុងក្លឹបតូចមួយ ម្យ៉ាងទៀតមិនស្គាល់ពីកម្រិតសមត្ថភាពកីឡាករវៀតណាមផង។ យ៉ាងណាមិញគ្រានោះក៏មានម្ចាស់ក្លឹបដ៏ធំមួយរបស់វៀតណាមបានទៅលេងនិងបញ្ចុះបញ្ចូលលោក Park ដល់កូរ៉េខាងត្បូងតែម្តងរហូតលោកទន់ចិត្តព្រមចុះហិត្ថលេខាជាគ្រូបង្វឹករបស់វៀតណាមក្នុងខែសីហា ឆ្នាំ២០១៧។
លោក Park Hang-seo បានក្លាយជាវីរបុរសបាល់ទាត់ដ៏ល្បីបំផុតលើទឹកដីថ្មីដែលបានសម្រេចគោលដៅត្រឹមតែមួយឆ្នាំប៉ុណ្ណោះ។ តាមពិតទៅលោកមានស្នាដៃច្រើនជាងនេះទៅទៀត ហើយភាពលេចធ្លោររបស់លោកក្នុងការបង្វឹកកីឡាករគឺ៖ «លោកចេះបំផុសគំនិតឲ្យក្រុម និងឲ្យក្រុមកីឡាករម្នាក់ៗចេះលេងសាមគ្គីគ្នា រួមទាំងបង្កើតយុទ្ធសាស្ត្រយកប្រៀប» ដែលធ្វើឲ្យក្រុមជម្រើសជាតិវៀតណាមទទួលបានលទ្ធផលល្អបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ និងបានឈ្នះមេដាយមាសព្រឹត្តិការណ៍ស៊ីហ្គេម (SEA Games)ជាលើកដំបូង បញ្ចប់កំណត់ត្រាមិនដែលឈ្នះ៦០ឆ្នាំ។
គួរជម្រាបផងដែរថា បុរសវ័យ៦៣ឆ្នាំរូបនេះ មានបទពិសោធន៍ជាច្រើនក្នុងនាមជាអ្នកចាត់ការក្លឹប។ លោកធ្លាប់បានដឹកនាំក្លឹបធំៗនៅក្របខ័ណ្ឌបាល់ទាត់កំពូលរបស់កូរ៉េខាងត្បូង K League មានដូចជា ក្រុម Gyeongnam FC, Jeonnam Dragons និង Sangju Sangmu Phoenix ជាដើម ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ។ អ្វីដែលពិសេសបំផុត កាលពីឆ្នាំ២០០២ លោកធ្លាប់បានចូលរួមដឹកនាំកូរ៉េខាងត្បូង បានលេខ៤ សម្រាប់ព្រឹត្តិការណ៍ World Cup ក្នុងនាមជាជំនួយការគ្រូបង្វឹក។ ពេលចូលជាគ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាម លោក Park Hang Seo ត្រូវបាន Fox Sport Asia ដាក់បញ្ជូលទៅក្នុងបញ្ជីឈ្មោះគ្រូបង្វឹកឆ្នើមបំផុតថ្នាក់អាស៊ីដូចទៅនឹងគ្រូបង្វឹកដ៏ល្បីៗដូចជាលោក Alberto Zaccheroni, Guus Hiddink និង Carlos Queiroz ជាដើម។ លោក Park Hang-seo ធ្លាប់បានលើកឡើងយ៉ាងដូច្នេះថា៖ «ជារៀងរាល់ព្រឹក នៅពេលដែលខ្ញុំបានសម្លឹងមើលកែវភ្នែករបស់កីឡាករគ្រប់រូប វាធ្វើឲ្យខ្ញុំមានកម្លាំងចិត្ត កាន់តែរឹងមាំ និងថាមពលយ៉ាងខ្លាំងក្លា»៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក»
ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366