“មនុស្សមិនមែនទេវតា នរណាក៏ធ្លាប់សម្រេចចិត្តខុសដែរ រីឯអ្នករកស៊ីខ្លាំងពូកែយ៉ាងណា ក៏តែងជៀសមិនផុតពីប្រវត្តិធ្លាប់បរាជ័យលើរឿងមួយចំនួនផងដែរ”។ ពាក្យ១ឃ្លានេះ គឺពិតជាមានអត្ថន័យស្របនឹងខ្សែជីវិត ឧកញ៉ា ឈឹម បញ្ញា បច្ចុប្បន្នជា ស្ថាបនិក បុរីច័ន្ទខាស់សល ដែលបានប្រឡូកខ្លួនចូលក្នុងមុខជំនួញជាច្រើនប្រភេទតាំងពីវ័យក្មេង មុនពេលអាចទទួលបានភាពរីកចម្រើន រហូតទទួលបានគោរមងារជាឧកញ៉ាវ័យក្មេងម្នាក់នៅកម្ពុជា។
រំលឹកទៅកាន់អតីតកាលបន្តិច យុវជនបញ្ញា ធ្លាប់មានប្រវត្តិជាយុវជនវ័យក្មេងមានភាពក្លាហានម្នាក់ ធ្លាប់ទៅសិក្សានៅប្រទេសសិង្ហបុរីតាំងថ្នាក់វិទ្យាល័យតាំងតែពីវ័យ១៣ ឆ្នាំ មុនពេលវិវត្តន៍ខ្លួនមកជាស្ថាបនិកបុរីច័ន្ទខាស់សល ដែលមានអត្ថន័យប្រៀបធៀបថាជា "ពន្លឺនៃលំនៅដ្ឋានសុភមង្គល"។ លោកបានចាប់ផ្ដើមជំនួញអចលនទ្រព្យនេះឡើង នៅក្រោយពេលដែលលោកចាប់ផ្ដើមសាកល្បង ប្រឡូកចូលក្នុងវិស័យអចលនទ្រព្យអស់រយៈពេល ៨ឆ្នាំដោយចាប់ផ្ដើមពីតិចតួចស្តួចស្ដើងពូនដូចកណ្ដៀរ រហូតក្លាយជាបុរីដែលមានភាពលេចធ្លោ។
ទម្រាំឈានមកដល់ចំណុចនេះគឺលោកមិនមែនជាអ្នកជំនួញដែលដើរតាមផ្លូវទេវតា គូសចារឱ្យដើរតាម និងតែងសម្រេចចិត្តត្រូវរហូតនោះទេ ពោលគឺលោកក៏ធ្លាប់សម្រេចចិត្តខុស រកស៊ីខាតលើជំនួញជាច្រើនមុខផងដែរ។ ជាក់ស្ដែង លោកធ្លាប់បានប្រឡូកក្នុងអាជីវកម្មជាច្រើនប្រភេទដូចជា៖ លក់ដីឡូតិ៍ គួកជេឡាន បើកPub បើកជាផ្ទះសំណាក់ លក់អនឡាញ...ដែលអាជីវកម្មខ្លះជោគជ័យ ហើយខ្លះក៏បរាជ័យទៅវិញ ដែលវាធ្វើឱ្យលោកធ្លាប់ទទួលរងនូវការឈឺចាប់ជាច្រើនលើកច្រើនសារពីការសម្រេចចិត្តខុស និងភាពបរាជ័យរបស់អាជីវកម្ម។
បើទោះបីជាយ៉ាងណា នៅក្នុងវចនានុក្រមផ្ទាល់ខ្លួនរបស់លោក គឺពុំមានពាក្យថាចុះចាញ់នោះទេ ពោលគឺលោកតែងតែហ៊ានក្រោកឡើងវិញនៅរាល់ពេលជួបភាពបរាជ័យម្ដងៗ។
មកទល់នឹងចំណុចនេះប្រហែលជាមានមនុស្សជាច្រើនមានចម្ងល់ថា តើអ្វីជារោងចក្រផលិតថាមពលផ្លូវចិត្តរបស់លោកឧកញ៉ា ឈឹម បញ្ញា ដែលធ្វើឱ្យលោកមានថាមពលក្នុងការងើបឡើងវិញ នៅរាល់ពេលជួបភាពបរាជ័យម្ដងៗនោះ? ចម្លើយគឺ៖ ផ្នត់គំនិតវិជ្ជមានគ្រប់កាលៈទេសៈ។
តាំងតែពីដើមមក លោកជាមនុស្សដែលអាចរក្សាផ្នត់គំនិតវិជ្ជមានបាន ក្នុងស្ថានភាពអាក្រក់ដែលលោកជួប សូម្បីតែការប្រឈមនឹងភាពបរាជ័យក៏ដោយចុះ។ លោកឧកញ៉ាមានប្រសាសន៍ថា៖ “ខាតលុយ កុំខាតគំនិត បើរកស៊ីបរាជ័យហើយបាក់ទឹកចិត្តយើងនឹងបរាជ័យរហូត។ បើទោះបីជាដួលខាតអស់ប៉ុន្មានក៏ដោយគឺយើងគួរហ៊ានងើបឡើងវិញដែរ ព្រោះលុយដែលខាតយើងអាចបាត់បង់វា ប៉ុន្តែអ្វីដែលយើងនៅមានគឺគំនិត និងបទពិសោធន៍ពីភាពបរាជ័យនោះ”។
លោកបន្ថែមថា “ជាការពិតណាស់ ការខាតវាធ្វើឱ្យយើងឈឺចាប់ខ្លាំង ប៉ុន្តែវាក៏នឹងបង្រៀនយើងឱ្យចេះជាងមុនផងដែរ ដូច្នេះគួរចាត់ទុកលុយដែលខាតនោះជាថ្លៃដែលយើងបង់សម្រាប់រៀនមេរៀនរកស៊ីនោះទៅចុះ”។
គេថា “ក្រោយភ្លៀងមេឃនឹងស្រឡះ ក្រោយការសម្រេចចិត្តខុសខ្លះ ទីបំផុតលោកក៏រកផ្លូវត្រូវឃើញ”។ ជាក់ស្ដែងក្រោយពីយកឈ្នះភាពបរាជ័យដ៏ខ្មៅងងឹតនោះបាន លោកបានវិវត្តន៍ខ្លួនមកក្លាយជាអ្នកជំនួញអចលនទ្រព្យដ៏លេចធ្លោមួយរូបនៅកម្ពុជា ជាមួយនឹងគម្រោងអចលនទ្រព្យតម្លៃរាប់លានដុល្លារ។
ជាមេរៀនជីវិតស្ថាបនិកបុរីច័ន្ទខាស់សលរូបនេះក៏បានចែករំលែកនូវមេរៀនជីវិតរបស់លោកដែលធ្វើឱ្យលោកអាចរីកចម្រើនមកទល់នឹងពេលបច្ចុប្បន្ននេះគឺ៖
១. កំណត់គោលដៅឱ្យច្បាស់លាស់៖ ចូរកំណត់គោលដៅឱ្យច្បាស់លាស់ថាខ្លួនឯងចង់ធ្វើអ្វី? ចង់បានអ្វី? ហើយចាប់ផ្ដើមរៀបចំផែនការសកម្មភាពដើម្បីសម្រេចគោលដៅនោះ ហើយចុងក្រោយប្ដេជ្ញាចិត្តឱ្យខ្លាំង ដោយដាក់ចិត្តធ្វើវាឱ្យបានជោគជ័យកុំងាយបោះបង់ ឬចុះចាញ់ងាយៗ។
២. រៀនពីកំហុសឱ្យលឿនបំផុត៖ មនុស្សមិនមែនទេវតា នរណាក៏ធ្លាប់សម្រេចចិត្តខុសដែរ ប៉ុន្តែយើងត្រូវរៀនពីកំហុសឆ្គងឱ្យបានលឿនបំផុត និងជៀសវាងកុំសាងកំហុសនោះដដែលៗឱ្យសោះ។
៣. រៀនពីមនុស្សជុំវិញខ្លួន៖ សាលាមានគ្រប់ទីកន្លែង ដូច្នេះអ្នកត្រូវតែបើកចិត្តក្នុងការចាំស្រូបយកចំណេះដឹងពីមជ្ឈដ្ឋានជុំវិញខ្លួន ជាពិសេសគឺរៀនពីមនុស្ស ព្រោះវានឹងជួយឱ្យអ្នកមានភាពរីកចម្រើនលឿន។
៤. សេពគប់មិត្តភក្តិដែលនិយាយពីជំនួញ៖ សម្រាប់លោកជាមនុស្សដែលសេពគប់ជាមួយមនុស្សដែលមានផ្នត់គំនិតស្រដៀងនឹងលោកគឺមិត្តភក្តិដែលចូលចិត្តជជែកពីជំនួញ ដែលធ្វើឱ្យលោកអាចអភិវឌ្ឍន៍ខ្លួនបានលឿនមកទល់នឹងពេលនេះ។
៥. រក្សាគំនិតវិជ្ជមានជានិច្ច៖ ជីវិតមិនមែនជួបតែរឿងសមបំណងរហូតនោះទេ ព្រោះពេលខ្លះរឿងមិនសមបំណងជាច្រើនបានកើតឡើងដោយមិនបានដឹងមុន។ ដូច្នេះចូរព្យាយាមពង្រឹងផ្នត់គំនិតខ្លួនឯង ឱ្យគិតតែរឿងវិជ្ជមាននៅគ្រប់កាលៈទេសៈទាំងអស់ បើទោះបីជាជួបការលំបាកខ្លាំងយ៉ាងណាក៏ដោយ។ ត្រូវចាំថាក្នុងរឿងអាក្រក់ ក៏មានបង្កប់នូវរឿងល្អក្នុងនោះផងដែរ សំខាន់អ្នកមានសមត្ថភាពមើលវាឃើញឬអត់តែប៉ុននោះ។
គួរជម្រាបផងដែរថា បុរីច័ន្ទខាស់សល ជាបុរីលំនៅដ្ឋានដ៏ល្អបំផុតមួយដែលនៅលើដងផ្លូវក្រវាត់ក្រុងទី ២ និងផ្ដោតលើការឌីហ្សាញម៉ូតទាន់សម័យ មានទីតាំងល្អ សំណង់គុណភាពខ្ពស់ សក្តិសមបំផុតសម្រាប់ការរស់នៅរបស់មនុស្សសម័យថ្មី។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចចូលទៅស្វែងយល់បន្ថែមនៅ Borey ChanCastle ៕
អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (ប្រធាននិពន្ធផ្នែកដឹកនាំ)
តេឡេក្រាម៖ 096 351 7713