មនុស្សភាគច្រើនសុទ្ធតែមានក្ដីស្រមៃ មានមហិច្ឆតាចង់មានអាជីវកម្មយ៉ាងតិចមួយជារបស់ខ្លួនឯង។ ទន្ទឹមនឹងនេះដែរ ភាពជោគជ័យ ភាពបរាជ័យ ការខាត ការចំណេញរមែងតែងដើរទន្ទឹមគ្នា ជៀសមិនរួចផងដែរ។ ប្រសិនបើគាត់មិនខិតខំពង្រឹងសមត្ថភាពខ្លួនឯងឱ្យល្អប្រសើរទេ គាត់ប្រាកដជាប្រឈមនឹងការបរាជ័យកាន់តែខ្ពស់។
ជាក់ស្ដែងសម្រាប់ដំណើរជីវិត លោកស្រី ជា ចរិយា បច្ចុប្បន្នជាស្ថាបនិកក្លឹបជំនួញ A2Z Solution ក៏ធ្លាប់ជួបរឿងឈឺចាប់មួយចំនួន រហូតធ្វើឱ្យខាតបង់ប្រាក់រាប់ម៉ឺនដុល្លារ ដោយសារតែចិត្តអន្ទះសារ ចង់ចេញរកស៊ីលឿនពេក ទាំងដែលមិនបានត្រៀមខ្លួនរួចរាល់។ ប៉ុន្តែដំណើរជីវិតមានឡើងមានចុះ ក្រោយភ្លៀងមេឃក៏ស្រឡះ បន្ទាប់ពីបរាជ័យខាតបង់ប្រាក់រាប់ម៉ឺនដុល្លារ លោកស្រីបានកសាងគ្រឹះអនាគតម្ដងទៀត ដោយទទួលបាននូវភាពរីកចម្រើនលើសពីមុនទ្វេដង ដោយចំណាយរយៈពេលត្រឹមតែ២ឆ្នាំតែប៉ុណ្ណោះ។
ថ្លែងក្នុងកិច្ចសម្ភាសន៍ដោយផ្ទាល់ជាមួយក្រុមការងារចាបក្រហម លោកស្រី បានលើកឡើងពីកំហុសដែលលោកស្រី ធ្លាប់សាងថា៖ “តាំងតែពីក្មេងមក ខ្ញុំមានក្ដីស្រមៃចង់ក្លាយជាអ្នកជំនួញស្រីដ៏ឆ្នើមម្នាក់រួចទៅហើយ។ ដោយសារតែបែបនេះហើយ ទើបពេលដែលខ្ញុំកំពុងតែធ្វើការឱ្យគេ សន្សំបានប្រាក់៥ម៉ឺនដុល្លារ ខ្ញុំក៏សម្រេចចិត្តលាឈប់ពីការងារដោយមិនស្ទាក់ស្ទើរ ដើម្បីដើរតាមក្ដីស្រមៃតាំងតែពីក្មេងរបស់ខ្ញុំ។ ចាប់ផ្តើមរកស៊ីដំបូងៗគឺ មហិច្ចតាបូកនិងចំណង់ ក៏ចេញទៅប្រឡូកជំនួញទាំងមិនបានត្រៀមខ្លួនអ្វីសោះ ជាមួយនឹងលុយសន្សំ ៥ម៉ឺនដុល្លារ ដើម្បីសេងហាងខោអាវមួយទាំងមិនដឹងច្បាស់ពីអាជីវកម្មនេះជាអ្វី អ្នកផ្គត់ផ្គង់ពីណាផង។ មិនដល់១ឆ្នាំស្រួលបួលផងនោះស្រាប់តែលុយក៏អស់អាជីវកម្មក៏រលំដោយសល់ត្រឹមតែលុយ២០ដុល្លារប៉ុណ្ណោះក្នុងខ្លួន អ្វីដែលនៅសល់គឺ បទពិសោធន៍”។ មកទល់នឹងចំណុចនេះ តើអ្វីជាជំហានបន្ទាប់របស់អ្នកជំនួញស្ត្រីចិត្តសឿង ដែលមានដើមកំណើតមកពីខេត្តព្រះសីហនុរូបនេះ?
ក្រោយទទួលនូវភាពបរាជ័យក្នុងមុខជំនួញ លោកស្រី ក៏សម្រេចចិត្តត្រឡប់ទៅធ្វើការឱ្យគេវិញមួយរយៈនៅក្នុងក្រុមហ៊ុនដែកសសៃដ៏ធំមួយ។ ធ្វើការឱ្យគេបណ្ដើរ ទទួលបានប្រាក់ខែខ្ពស់ បូកនឹងកម្រៃជើងសារផង លោកស្រីក៏ផុសចេញនូវគំនិតសហគ្រិនមួយ ដោយយកប្រាក់សន្សំតិចតួចពីការងារ ដើម្បីទិញដែកស្តុកទុកពេលចុះថោក និងសម្រេចលក់ចេញទៅវិញនៅរាល់ពេលហាងឆេងដែកវាឡើងថ្លៃ តម្រូវការក្នុងទីផ្សារកើនឡើងខ្ពស់ម្ដងៗ។ គំនិតសហគ្រិនមួយនេះ បានធ្វើឱ្យលោកស្រីចំណេញប្រាក់រហូតដល់ ៤ ទៅ៥ពាន់ដុល្លារ រាល់ពេលលក់វាម្ដងៗ។ ត្រឹមរយៈពេល២ឆ្នាំ លោកស្រីអាចរកចំណូលបានរហូតដល់ទៅ២សែនដុល្លារឯនោះ។
លោកស្រីបានបន្ថែមថា៖ ខ្ញុំបានប្រើប្រាស់ជំនាញពីការងារ ចំណូលពីប្រាក់ខែ ដើម្បីជាដើមទុនក្នុងការចាប់ផ្ដើមឱកាសវិនិយោគនានាជាបន្តបន្ទាប់ពោលគឺខ្ញុំបានប្រើជំនាញឯកទេសលក់របស់ខ្លួន ជំនាញនាំចេញនាំចូល ជំនាញដឹកនាំផ្ទាល់ខ្លួន ដើម្បីអាចសម្លឹងឃើញឱកាសធ្វើជាអ្នកកាត់ស្តុកដែកសរសៃ ដើម្បីស្វែងរកផលចំណេញបន្ថែម។
ទោះបីជាយ៉ាងណានៅក្នុងផ្នត់គំនិតរបស់លោកស្រី គឺមានតែពាក្យថា “មិនចុះចាញ់” ហើយខំប្រឹងយកឈ្នះខ្លួនឯង ខិតខំរៀនសូត្រអភិវឌ្ឍន៍ខ្លួនឥតឈប់ឈរ រាល់ពេលយប់ក្រោយចេញពីធ្វើការឱ្យគេ រហូតគ្មានពេលស្ត្រេសពិបាកចិត្ត ហើយនេះជាគន្លឹះតែ១ ប៉ុណ្ណោះដែលអាចឱ្យលោកស្រី អាចផ្លាស់ប្តូរអនាគតខ្លួនឯងម្ដងទៀតបាន”។
ចំពោះអត្ថន័យជីវិតជោគជ័យ ដែលលោកស្រីបានកំណត់សម្រាប់ជីវិតខ្លួនឯងគឺ៖ “អាចបំពេញក្តីស្រមៃខ្លួនឯងបាន ដើរតាមគោលដៅរបស់ខ្លួនឯង និងអាចជួយអ្នកដែលជួបបញ្ហាដូចខ្លួនបានកាន់តែច្រើន មិនមែនសម្ដៅតែលើការសល់ផ្ទះ សល់ឡាន សល់លុយវាល់លានដុល្លារនោះទេ”។ជាចុងក្រោយ លោកស្រី ក៏មានទស្សនៈប្រចាំខ្លួន ដែលស្រលាញ់ខ្លាំងបំផុតនោះគឺ “ចង់ផ្លាស់ប្តូរអនាគត គឺផ្លាស់ប្តូរសកម្មភាពពីថ្ងៃនេះទៅ”។
គួរជម្រាបផងដែរថា A2Z BUSINESS CLUB ដែលជាក្លឹបអាជីវកម្មផ្តល់ដំណោះស្រាយដល់ម្ចាស់អាជីវកម្មដែលជួបវិបត្តិនិងការរៀបចំយុទ្ធសាស្រ្តផែនការងារជូនដល់សមាជិក ជាមួយនឹងចក្ខុវិស័យផ្លាស់ប្តូរអាជីវកម្មក្នុងស្រុកពីបែបលក្ខណៈគ្រួសារមកបែបស្តង់ដារ និងអាចមានឱកាសពង្រីកខ្លួនទៅកាន់ឆាកអន្តរជាតិផងដែរ។ នាពេលបច្ចុប្បន្ន លោកស្រីកំពុងដឹកនាំក្រុមម្ចាស់អាជីវកម្មជាង៥០ ក្រុមហ៊ុនក្នុង A2Z Business Club ដើម្បីបង្កើតសក្តានុពលទីផ្សារថ្មីរួមគ្នា។ សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមចូលទៅកាន់ផេក A2Z Solution ៕
អត្ថបទដោយ៖ ពីង ជូអេង (កូនត្រចៀកកាំ)
Telegram 078216478